ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តាមពិត មូលហេតុ​ពិត​ប្រាក​នៅ​ពីក្រោយ​ខ្មោច​សង្កត់​គឺ​…
17, Aug 2021 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​មនុស្ស​ច្រើនណាស់​ធ្លាប់​ឆ្លងកាត់​ហេតុ​ការចម្លែក​មួយ​នេះ​។ នៅពេល​អ្នក​កំពុងតែ​គេង​លក់ ឬ​ភ្ញាក់​ពី​គេង អ្នក​ពិតជា​ព្យាយាម​ប្រែខ្លួន ប៉ុន្តែ​បែរជា​មិនអាច​ធ្វើកើត​ទៅវិញ​។ និយាយ​ឱ្យ​ខ្លី​ទៅ​គឺ​មិនអាច​កម្រើក​សូម្បីតែ​ដៃ និង​ជើង​តែម្តង​។​



​ភ្លាមៗ​នោះ​អ្នក​ទំនង​ជាមាន​អារម្មណ៍​ថា មាន​អ្វីមួយ​ខ្មៅ​កំពុងតែ​ធ្វើ​ចលនា​។ វា​អាច​ចេញពី​ជ្រុង​នៃ​បន្ទប់ និង​ធ្វើដំណើរ​យឺតៗ​មកលើ​គ្រែ​របស់​អ្នក​តែម្តង​។ ពេលនោះ អ្នក​បាន​ព្យាយាម​កម្រើកខ្លួន និង​ស្រែក​ឱ្យគេ​ជួយ ប៉ុន្តែ​បែរជា​មិនអាច​ធ្វើបាន​ទៅវិញ​។ ពេលខ្លះ អ្នក​ប្រហែលជា​ចាប់ផ្តើម​មាន​អារម្មណ៍​ថប់​ក្នុង​ដង្ហើម​ដោយសារតែ​ដូច​ជាមាន​នរណាម្នាក់​ច្របាច់ក​ជាប់​អ​ញ្ជឹ​ង​។

​ក្រោយពី​អ្នក​កម្រើកខ្លួន​រួច អ្នកនឹង​ងើប​អង្គុយ​ដើម្បី​រកមើល​អ្វីដែល​បានឃើញ​ក្នុង​ភាព​ងងឹត​នោះ​ក្នុង​បន្ទប់ ប៉ុន្តែ​បែរជា​គ្មានអ្វី​ទាល់តែសោះ​ទៅវិញ​។ តើ​អ្នក​ធ្លាប់​ឆ្លងកាត់​ស្ថានភាព​មួយ​នេះដែរ​ទេ​?

​បទពិសោធន៍​មួយ​នេះ​ត្រូវបាន​ខ្មែរ​យើង​ហៅថា ខ្មោច​សង្កត់ ឬ Sleep Paralysis ហើយ​វា​ក៏​ជា​ស្ថានភាព​មួយ​ដ៏​គួរឱ្យខ្លាច​បំផុត​ផងដែរ​។ ប៉ុន្តែ​មិនបាច់​បារម្ភ​ទៀត​ទេ ព្រោះ​យើង​មាន​ហេតុផល​សាមញ្ញ​មួយ​ដែល​អាច​ពន្យល់​អំពី​រឿងនេះ​បាន​។

​មុនពេល​មានការ​សិក្សា​អំពី​រឿងនេះ អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​តែងតែ​បន្ទោស​ទៅលើ​រង​ធម្មជាតិ ជាពិសេស​រឿង​ព្រាយ​បិសាច​តែម្តង​។ ប៉ុន្តែ​បច្ចុប្បន្ននេះ វា​លែង​ជា​រឿង​ពិត​ទៀតហើយ​។
​ការ​គេង​ខ្មោច​សង្កត់​កើតឡើង​នៅពេល​អារម្មណ៍​របស់​មនុស្សម្នា​ក់បាន​ភ្ញាក់​ពី​គេង​ប៉ុន្តែ​រាងកាយ​របស់​ពួកគេ​នៅ​គេង​លក់​នៅឡើយ​។ រឿងនេះ​ច្រើនតែ​កើតឡើង​នៅពេល​មនុស្ស​កំពុងតែ​គេង​លក់​តែ​ពួកគេ​ប្រហែលជា​ភ្ញាក់​ពី​គេង​វិញ​ហើយ​។

​អារម្មណ៍ និង​រាងកាយ​គឺ​ស្ថិតក្នុង​ចំណុច​ពិសេស​មួយ​នៅ​ចន្លោះ​រវាង​ការយល់​សុបិន និង​ភ្ញាក់​ពី​គេង ហើយ​ដោយសារតែ​រឿងនេះ​ហើយ ទើបបានជា​មានរឿង​ចម្លែកៗ​កើតឡើង​។ ហេតុផល​នៅ​ពីក្រោយ​ការ​គេង​ខ្មោច​សង្កត់​គឺជា​រង​ធម្មជាតិ​ទេ ព្រោះ​វា​កើតឡើង​នៅពេល​អ្នក​ស្ថិតក្នុង​ដំណាក់កាល​គេង​លក់​មួយ​ឈ្មោះថា REM (Rapid Eye Movement) ជាពិសេស​ពេល​ពួក​គេង​កំពុងតែ​យល់​សុបិន​តែម្តង​។

​ដូច្នេះ​អ្នក​ត្រូវតែ​សន្និដ្ឋាន​ឃើញថា ស្រមោល​គួរឱ្យខ្លាច​ទាំងនោះ​ហាក់បីដូចជា​ការពិត​អ​ញ្ជឹ​ង ប៉ុន្តែ​ធាតុពិត​វា​គឺជា​ការមើលឃើញ​របស់​អារម្មណ៍​ប៉ុណ្ណោះ ឬ​ហៅថា Hallucination​។
​អ្នក​ប្រហែលជា​គិតថា អ្នកដឹង​ខ្លួន ប៉ុន្តែ​អារម្មណ៍​របស់​អ្នក​កំពុងតែ​យល់​សុ​បិ​ន្ត​នៅឡើយ​ទេ ហេតុដូច្នេះ​ហើយ​អ្វីៗ​ដែល​មើលឃើញ​ដូចជា​ការពិត​អញ្ចឹង​។ សំណួរ​នោះ​គឺថា តើ​ស្ថានភាព​ទាំងនេះ​បាត់ទៅ​វិញ​ដោយ​របៀប​ម៉េច​ទៅ​?

​សំណួរ​ដំបូង​គេ​នោះ​គឺថា តើ​អ្នក​គេង​បាន​ត្រឹមត្រូវ​ដែរ​ទេ​? តើ​អ្នកមាន​ភាព​តក់ស្លុត​ដែរ​ទេ​? តើ​អ្នកមាន​មើល​រឿង​ខ្មោច ឬ​រឿង​រន្ធត់​ដែរ​ទេ​មុនពេល​ចូល​គេង​? ទាំងអស់​នេះហើយ​សុទ្ធតែ​ធ្វើឱ្យ​គេង​ខ្មោច​សង្កត់​។

​ដូច្នេះ​ចូរ​ព្យាយាម​លុបបំបាត់​ស្ត្រេ​ស និង​បន្ធូរ​អារម្មណ៍​មុនពេល​ចូល​គេង​។ បើសិនជា​អ្នកមាន​អារម្មណ៍​ធូរស្រាល​ហើយ​នោះ អ្នក​ប្រហែលជា​ទទួលបាន​ការ​គេង​ដ៏​ល្អ​មួយ​យប់​បាន​។
​បើសិនជា​វា​មិនអាច​ជួយ​អ្វី​បានទេ អ្នក​ប្រហែលជា​គួរ​មើល​ប្រវត្តិ​របស់​គ្រួសារ និង​ការប្រើប្រាស់​ថ្នាំ​របស់​អ្នក​វិញ​ទៅ​។ អ្នក​ប្រហែលជា​កំពុងតែ​ប្រើ​ថ្នាំ​ព្យាបាល​បញ្ហា​អ្វីមួយ ឬ​គ្រួសារ​ធ្លាប់មាន​បញ្ហា​នៃ​ការ​គេង​ដែរ​។​

​បើសិនជា​អ្នក​គិតថា អ្នក​មិនអាច​ដោះស្រាយ​បញ្ហា​បានទេ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ​។ យ៉ាងហោចណាស់​អ្នក​ក៏​ដឹងថា វា​មិនមាន​ខ្មោច​ព្រាយ​បិសាច់​អ្វី​ចង់យក​ជីវិត​អ្នក​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com