អន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិចិន ចោទអាមេរិកថាដើរញុះញង់បង្កើតបដិវត្តន៍ពណ៌ រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe ថ្លែងសុន្ទរកថាបើកវេទិកាសន្តិសុខ «សៀនសាន ប៉េកាំង លើកទី៩» នៅថ្ងៃចន្ទ ២១ តុលា (Reuters)
× ប្រមុខការពារជាតិចិន ឧត្តមសេនីយ៍ វៃ ហ្វឹងហឺ (Wei Fenghe) បានវាយសំពងក្រុងវ៉ាស៊ីនតោនដោយប្រយោលថា ជាមេនាំអាទិ៍បង្កើតបដិវត្តន៍ក្នុងប្រទេសដទៃ ព្រមទាំងប្រើយុទ្ធសាស្ត្រ «ដៃវែង» ក្នុងគោលដៅមានឥទ្ធិពលលើកិច្ចការផ្ទៃក្នុងរបស់ចិន។
ថ្លែងសុន្ទរកថាបើកវេទិកាសន្តិសុខ «សៀនសាន ប៉េកាំង លើកទី៩» នៅថ្ងៃចន្ទ ទី២១ ខែតុលា លោក វៃ ហ្វឹងហឺ ប្រាប់ថា្នក់ដឹកនាំនិងមន្ត្រីយោធាបរទេសជាច្រើនថា ប្រជាជាតិនីមួយៗ គួរចាត់ចែងភាពខុសគ្នារបស់ពួកគេ តាមរយៈកិច្ចសន្ទនា និងការគោរពគ្នាទៅវិញទៅមក។ លោកសង្កត់ធ្ងន់ថា ចិននឹងមិនចុះចាញ់សម្ពាធបរទេសឡើយ។
«ការជ្រែតជ្រែងឥតគិតក្រែងក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ នឹងមិនទទួលជោគជ័យឡើយ»។ លោករដ្ឋមន្ត្រីការពារជាតិចិន លើកឡើងបែបនេះ ដោយបន្ថែមថា ការលូកដៃក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ, អុជអាលបង្កើតបដិវត្តន៍ពណ៌ ឬការប៉ុនប៉ងបំផ្លិចបំផ្លាញរដ្ឋាភិបាលស្របច្បាប់នៃប្រទេសដទៃ គឺជាដើមចមដ៏ពិតប្រាកដនៃសង្គ្រាម និងភាពវឹកវរក្នុងតំបន់ខុសៗគ្នាជុំវិញពិភពលោក។
ទោះជាប្រមុខការពារជាតិចិនរូបនេះ ពុំលើកឡើងឈ្មោះប្រទេសចំៗពាក់ព័ន្ធការរិះគន់នេះ គេអាចដឹងបានថាលោកចង់សំដៅដល់សហរដ្ឋអាមេរិក ដ្បិតបច្ចុប្បន្ន ចិនកំពុងមានទំនាស់ជាមួយក្រុងវ៉ាស៊ីនតោនក្នុងបញ្ហាភូមិសាស្ត្រនយោបាយជាច្រើន ដូចជា អ៊ីរ៉ង់ ស៊ីរី និងវេណេស៊ុយអេឡា។ រឿងដ៏ក្តៅគគុកនោះគឺ បញ្ហាហុងកុង។ ក្រុងប៉េកាំង ក៏បានចោទប្រកាន់អ្នកនយោបាយអាមេរិកថាគាំទ្របាតុកម្មប្រឆាំងរដ្ឋាភិបាលដែលកំពុងកើតឡើងក្នុងក្រុងហុងកុង ដែលចិនចាត់ទុកថាជា «បដិវត្តន៍ពណ៌»។
ដោយមិនចុចឈ្មោះអាមេរិកដោយផ្ទាល់ លោក វៃ បានថ្កោលទោសប្រទេសមហាអំណាចដែលប្រើទណ្ឌកម្ម ក្នុងគោលដៅដាក់សម្ពាធខ្លាំងបំផុតលើបណ្តាប្រទេសដទៃឲ្យធ្វើតាមការទាមទារពួកគេ។ យ៉ាងណាមិញ រដ្ឋមន្ត្រីចិន បញ្ជាក់ឲ្យដឹងថា៖ «ការប្រើដំបងធំ (ទណ្ឌកម្ម) ឬប្រើយុត្តាធិការ «ដៃវែង» ពុំអាចដោះស្រាយបញ្ហាណាមួយបានឡើយ ហើយទណ្ឌកម្ម គ្មានប្រសិទ្ធភាពក្នុងការសម្រេចលទ្ធផលណាមួយដែរ»។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា ប្រជាជនចិនពុំខ្លាចញញើតចំពោះរឿងនេះឡើយ។
គួរឲ្យកត់សម្គាល់ថា រដ្ឋសភាអាមេរិក កាលពីសប្តាហ៍មុន បានអនុម័តសំណើច្បាប់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហុងកុង។ ប្រសិនបើចូលជាធរមាន ច្បាប់នេះ នឹងបើកផ្លូវឲ្យក្រុងវ៉ាស៊ីនតោនចាត់ចំណាត់ការការទូត និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងរដ្ឋាភិបាលហុងកុង៕
Tag:
សហរដ្ឋអាមេរិក
ចិន
Wei Fenghe
បដិវត្តន៍ពណ៌
© រក្សាសិទ្ធិដោយ thmeythmey.com