អន្តរជាតិ
រដ្ឋមន្ត្រី​ការពារ​ជាតិចិន ចោទ​អាមេរិក​ថា​ដើរ​ញុះញង់​បង្កើត​បដិវត្តន៍​ពណ៌
22, Oct 2019 , 9:59 am        
រូបភាព
រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe ថ្លែងសុន្ទរកថាបើកវេទិកាសន្តិសុខ «សៀនសាន ប៉េកាំង លើកទី៩» នៅថ្ងៃចន្ទ ២១ តុលា (Reuters)
រដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe ថ្លែងសុន្ទរកថាបើកវេទិកាសន្តិសុខ «សៀនសាន ប៉េកាំង លើកទី៩» នៅថ្ងៃចន្ទ ២១ តុលា (Reuters)
ដោយ:
​ប្រមុខ​ការពារ​ជាតិចិន ឧ​ត្ត​ម​សេនីយ៍ វៃ ហ្វឹ​ង​ហឺ (Wei Fenghe) បាន​វាយ​សំពង​ក្រុង​វ៉ាស៊ីនតោន​ដោយ​ប្រយោល​ថា ជា​មេ​នាំអាទិ៍​បង្កើត​បដិវត្តន៍​ក្នុងប្រទេស​ដទៃ ព្រមទាំង​ប្រើ​យុទ្ធសាស្ត្រ «​ដៃ​វែង​» ក្នុង​គោលដៅ​មាន​ឥទ្ធិពល​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។



​ថ្លែង​សុន្ទរកថា​បើក​វេទិកា​ស​ន្តិ​សុខ «​សៀន​សាន ប៉េកាំង លើក​ទី​៩» នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែតុលា លោក វៃ ហ្វឹ​ង​ហឺ ប្រាប់​ថា្នក់​ដឹកនាំ​និង​មន្ត្រី​យោធា​បរទេស​ជាច្រើន​ថា  ប្រជាជាតិ​នីមួយៗ គួរ​ចាត់ចែង​ភាពខុសគ្នា​របស់​ពួកគេ តាមរយៈ​កិច្ចសន្ទនា និង​ការគោរព​គ្នា​ទៅវិញទៅមក​។ លោក​សង្កត់ធ្ងន់ថា ចិន​នឹងមិន​ចុះចាញ់​សម្ពាធ​បរទេស​ឡើយ​។

«​ការ​ជ្រែ​ត​ជ្រែង​ឥត​គិតក្រែង​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ នឹងមិន​ទទួលជោគជ័យ​ឡើយ​»​។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិចិន លើកឡើង​បែបនេះ ដោយ​បន្ថែមថា ការ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ដទៃ​, អុជអាល​បង្កើត​បដិវត្ត​ន៍​ពណ៌ ឬ​ការប៉ុនប៉ង​បំផ្លិចបំផ្លាញ​រដ្ឋាភិបាល​ស្របច្បាប់​នៃ​ប្រទេស​ដទៃ គឺជា​ដើមចម​ដ៏​ពិតប្រាកដ​នៃ​សង្គ្រាម និង​ភាពវឹកវរ​ក្នុង​តំបន់​ខុសៗ​គ្នា​ជុំវិញ​ពិភពលោក​។​

​ទោះជា​ប្រមុខ​ការពារ​ជាតិចិន​រូប​នេះ ពុំ​លើកឡើង​ឈ្មោះ​ប្រទេស​ចំៗ​ពាក់ព័ន្ធ​ការរិះគន់​នេះ គេ​អាច​ដឹងបាន​ថា​លោក​ចង់​សំដៅ​ដល់​សហរដ្ឋអាមេរិក ដ្បិត​បច្ចុប្បន្ន ចិន​កំពុង​មានទំនាស់​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ក្នុង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ជាច្រើន ដូចជា អ៊ីរ៉ង់ ស៊ី​រី និង​វេ​ណេ​ស៊ុយ​អេ​ឡា​។ រឿង​ដ៏​ក្តៅគគុក​នោះ​គឺ បញ្ហា​ហុងកុង​។ ក្រុង​ប៉េកាំង ក៏បាន​ចោទប្រកាន់​អ្នកនយោបាយ​អាមេរិក​ថា​គាំទ្រ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​កំពុង​កើតឡើង​ក្នុង​ក្រុង​ហុងកុង ដែល​ចិន​ចាត់ទុកថា​ជា «​បដិវត្តន៍​ពណ៌​»​។

​ដោយ​មិន​ចុច​ឈ្មោះ​អាមេរិក​ដោយផ្ទាល់ លោក វៃ បាន​ថ្កោលទោស​ប្រទេស​មហាអំណាច​ដែល​ប្រើ​ទណ្ឌកម្ម ក្នុង​គោលដៅ​ដាក់​សម្ពាធ​ខ្លាំង​បំផុត​លើ​បណ្តា​ប្រទេស​ដទៃ​ឲ្យ​ធ្វើតាម​ការទាមទារ​ពួកគេ​។  យ៉ាងណាមិញ រដ្ឋមន្ត្រី​ចិន បញ្ជាក់​ឲ្យ​ដឹងថា​៖ «​ការប្រើ​ដំបង​ធំ (​ទណ្ឌកម្ម​) ឬ​ប្រើ​យុត្តាធិការ «​ដៃ​វែង​» ពុំ​អាច​ដោះស្រាយ​បញ្ហា​ណាមួយ​បានឡើយ ហើយ​ទណ្ឌកម្ម គ្មាន​ប្រសិទ្ធភាព​ក្នុងការ​សម្រេច​លទ្ធផល​ណាមួយ​ដែរ​»​។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា ប្រជាជន​ចិន​ពុំ​ខ្លាចញញើត​ចំពោះ​រឿងនេះ​ឡើយ​។ 

​គួរ​ឲ្យ​កត់សម្គាល់ថា រដ្ឋសភា​អាមេរិក កាលពី​សប្តាហ៍​មុន បានអនុម័ត​សំណើ​ច្បាប់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ហុងកុង​។ ប្រសិនបើ​ចូល​ជា​ធរមាន ច្បាប់​នេះ នឹង​បើកផ្លូវ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ចាត់​ចំណាត់ការ​ការទូត និង​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង​៕

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  Wei Fenghe
  បដិវត្តន៍​ពណ៌
© រក្សាសិទ្ធិដោយ thmeythmey.com