ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន ចង់ធ្វើដូចសិង្ហបុរី «គឺចាប់វ៉ៃអ្នកបោះចោលសំរាមផ្តេសផ្តាស»
22, Oct 2019 , 10:58 am        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងយកវិធានការដោះស្រាយបញ្ហាសំរាមនៅសិង្ហបុរី មកអនុវត្តនៅកម្ពុជា។ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«ថ្ងៃក្រោយ គឺមានតែវិធីមួយទេ ធ្វើដូចសិង្ហហ្កាពួ។ សិង្ហហ្កាពួ គេធ្វើអី?  សិង្ហហ្កាពួ គេចាប់វ៉ៃ អាវ៉ៃហ្នឹងវ៉ៃហើយ តែឲ្យបោសសម្អាតតាមផ្លូវ [ទៀត]»។

 

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី គឺធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។ ប្រមុខរដ្ឋាភិបាល លើកឡើងថា សិង្ហបុរី មិនមែនអនុវត្តវិធានការនេះ ទៅលើតែជនជាតិខ្លួនដែលបោះចោលសំរាមតាមទីសាធារណៈនោះទេ សូម្បីតែបរទេស ដែលស្ថិតលើទឹកដីសិង្ហបុរី ក៏ត្រូវរងទណ្ឌកម្មនេះដែរ បើប្រព្រឹត្តទង្វើនេះ។

សំឡេង 



ប្រមុខរដ្ឋាភិបាល បញ្ជាក់បែបនេះថា៖«...នៅពេលមួយនោះ ខ្ញុំនៅចាំ កូនសិស្សអាមេិកមួយ ទៅបាញ់ផ្សែងលើឡាន គេត្រូវវ៉ៃប៉ុន្មានរំពាត់ឯណោះ។ មានអន្តរាគមន៍ពី [អតីតប្រធានាធិបតី] គ្លីនតុនទៀតកាលនុ៎ង ដូចត្រូវវ៉ៃ៧រំពាត់ គេបន្ថយបាន២រំពាត់ នៅសល់៥រំពាត់»។ 

សម្តេច ហ៊ុន សែន ទទូចឲ្យប្រជាជនកម្ពុជា ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ហើយមិនត្រូវបោះចោលសំរាមនៅតាមទីសាធារណៈឡើយ។ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ថា៖«យើងនិយាយឲ្យត្រង់ បើប្រជាជនម្នាក់ៗចេះ កុំបោះចោលសំរាម ប្រហែលជាគ្មានសំរាម គ្មានថង់ប្លាសស្ទិក ហើរតាមខ្យល់ទេ។ តែយើងហូបហើយបោះ ហូបហើយបោះ រួចហើយចង់មានក្រុមហ៊ុនស៊ិនទ្រីមួយរយទៀត ក៏នៅតែងាប់ដែរ»។ 

ប្រមុខរដ្ឋាភិបាល បន្ថែមថា៖«អ៊ីចឹង បញ្ហាធំជាងគេ គឺប្រជាជនយើង ស្ម័គ្រចិត្ត ហើយចេះការពារក្រុងខ្លួនឯង ចេះការពារផ្ទះខ្លួនឯង មិនយកសំរាមចោលផ្តាសផ្តាស ហើយយពេលដែល ទទួលទានស្អីហើយ មានធុងសំរាមមិនខ្ចីដាក់ក្នុងធុងសំរាម ទៅដល់កន្លែងធុងសំរាមហើយ ទៅគ្រវាត់ចោលនៅខាងក្រៅធុងសំរាម រួចហើយតាំងមករអ៊ូថា រដ្ឋាភីបាល មិនយកចិត្តទុកដាក់»៕

អត្ថបទទាក់ទង

Tag:
 ហ៊ុន សែន​
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com