ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
វិចិត្រករ ជា សេរីរដ្ឋ យក​ដី​ភក់​គូរ​ជា​គំនូរ​លើ​កន្ទេលរំចេក​ដោយ​ប្រើ​ម្រាមដៃ រំលេច​ពី​ជីវភាព​អ្នក​ស្រុកស្រែ​
22, Oct 2019 , 1:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក ជា សេរីរដ្ឋ ជា​វិចិត្រករ​គំនូរ​សហ​សម័យ​មួយរូប ដែល​បាន​យក​កន្ទេល​ស្លឹក​រំចេក​មក​ច្នៃ​ជំនួស​ក្រដាស់​និង​ផ្ទាំង​កំណាត់ ដើម្បី​គូរគំនូរ​។ ជា​វិចិត្រករ​គំនូរ​ដែលមាន​បទពិសោធន៍​ជាង​១១​ឆ្នាំ លោក សេរីរដ្ឋ បាន​យក​ដី​ភក់ កម្ទេច​ឈើ​ពី​ធ្មេញរណា ដោយ​ប្រើ​ម្រាមដៃ​គូរ​ជា​គំនូរ​នៅលើ​កន្ទេល​ស្លឹក​រំចេក រំលេច​ពី​ជីវភាព​រស់នៅ​តាម​ជនបទ​។ វិចិត្រករ​ដែលមាន​ស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង រូបនេះ ពន្យល់​ពី​សាច់រឿង​នៃ​គំនូរ​ទាំងនោះ​ថា គឺ​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ការរស់នៅ​របស់​អ្នកស្រុក​ស្រែចម្ការ និង​ការ​សាមគ្គីភាព​ដោយ​ចេះ​ជួយ​យក​ឧស្សាហ៍​គ្នា​ក្នុងនាម​ជា​អ្នកភូមិ​ស្រុក​ជាមួយគ្នា ដែល​ទិដ្ឋភាព​បែបនេះ​ស្ទើរតែ​លែងមាន​។​



សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​លោក ជា សេរីរដ្ឋ សិល្បករ​គំនូរសហសម័យ ដូចតទៅ​៖

 
 
​ស្នាដៃ​គំនូរ​បែប​សហ​ម័​យ​ចំនួន​៨​ផ្ទាំង របស់​វិចិត្រករ​វ័យ​២៩​ឆ្នាំ ជា សេរីរដ្ឋ ដែល​រៀបរាប់​ពី​ជីវិត​រស់នៅ​បែប​ជនបទ ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង​ពិព័រណ៍​សិល្បៈ​ដែលមាន​ចំណងជើង​ថា​«​ស្រែ​ប្រតិដ្ឋ​» នៅ​វិចិត្រសាល ស​-​ស កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​នេះ​។ លោក ជា សេរីរដ្ឋ ពន្យល់​ពី​ស្នាដៃ​ដែល​លោក យក​ដី​ភក់ និង​កម្ទេច​ឈើ​ពី​ធ្មេញរណា ដោយ​ប្រើ​ម្រាមដៃ​គូរ​ជា​គំនូរ​នៅលើ​កន្ទេល​ស្លឹក​រំចេក រំលេច​ពី​ជីវភាព​រស់នៅ​តាម​ជនបទ​នេះ​ដូច្នេះ​ថា​៖«​មនុស្ស​គ្រប់គ្នា​តែងតែមាន​សិល្បៈ​ក្នុង​ខ្លួន មិន​ថា​តិច​ឬ​ច្រើន​នៅក្នុង​ការបង្ហាញ​រៀងៗ​ខ្លួន ហើយ​គំនូរ​សហ​សម័យនេះ វា​អាចជួយ​បាន​ច្រើន នៅក្នុង​គំនូរ​មួយ​វា​មានគំនិត​ច្រើន​នៅក្នុង​ហ្នឹង​។ អីចឹង​នៅក្នុង​សាច់រឿង​នៃ​គំនូរ​មួយ​ហ្នឹង វា​រៀបរាប់​ក្បោះក្បាយ​ច្រើន​»​។​


 
​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​លោក ជា សេរីរដ្ឋ បានចាត់ទុក​ការ​គូរគំនូរ​សហ​សម័យនេះ ប្រៀបដូចជា​ការចែករំលែក​សិល្បៈ​ច្នៃប្រឌិត​ទៅកាន់​មនុស្ស​គ្រប់រូប​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ជា សេរីរដ្ឋ​បាន​ឲ្យ​ដឹងថា គំនូរ​ស្រែ​ប្រតិដ្ឋ​ដែល​លោក​យក​ដី​ភក់​គូរ​ដោយ​ប្រើ​ម្រាមដៃ​ផ្ទាល់​នោះ យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​អត់​ត្រូវការ​ចាំបាច់ ពឹង​របស់​អ្វីមួយ​យកមក​បន្តការងារ​រ​បស់​ខ្ញុំ​ទេ អីចឹង​ខ្ញុំ​ប៉ះ​ដោយ (​ដៃ​)​ផ្ទាល់ ខ្ញុំ​អត់​ប្រើ​ជក់​ទេ អីចឹង​យើង​អាច​បញ្ជូន​ឬ​ប៉ះគ្នា ឬ​អាច​ស្និទ​ស្នាល​ជាមួយនឹង​គំនូរ​ហ្នឹង វា​ចូល​ជ្រៅ​នឹង​គំនូរ​ហ្នឹង​ច្រើនជាង ការណ៍​ដែល​ពឹង​ផ្អែកលើ​អ្វីមួយ​»​។​


 
​ជា​គ្រូ​ផ្នែក​ក្រា​ហ្វិ​ច និង​ជា​សិល្បករ​គំនូរ​មួយរូប ទោះបី​ជាការ​គូរគំនូរ​នេះ​មិនមែនជា​មុខរបរ​ចំបង​របស់លោក​ក៏ដោយ តែ​លោក​យល់ថា ការ​គូរគំនូរ​សហ​សម័យនេះ គឺជា​ការរកឃើញ​គំនិត​ថ្មីៗ និង​ពេលដែល​លោក​គូរគំនូរ​សហ​សម័យនេះ ធ្វើ​ឲ្យ​រូបលោក​មាន​អារម្មណ៍​រីករាយ​ជាមួយ​គំនូរ​របស់លោក​៕




© រក្សាសិទ្ធិដោយ thmeythmey.com