កីឡាជាតិ
ជាតិ
ប៉េតង់​យកពាន​រង្វាន់​សម្តេច ស ខេង ដើម្បី​ចម្រាញ់​រក​ធនធាន​ថ្នាល​
22, Oct 2019 , 2:12 pm        
រូបភាព
ដោយ:
​កីឡាករ​កីឡាការិនី​មកពី​៤២​ក្លិប​-​សមាគម ត្រូវ​ប្រកួតប្រជែង​គ្នា​ដណ្តើម​ជើងឯក​ក្នុង​ពានរង្វាន់​សម្តេច​ក្រឡាហោម ស ខេង ប្រចាំឆ្នាំ​២០១៩ ដែល​បាន​បើក​ការប្រកួត​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩​។ ជាការ​ប្រកួត​ដណ្តើមពាន​ថ្នាក់ដឹកនាំ​ក៏ពិតមែន តែ​វា​ជា​ការវាស់ស្ទង់​សមត្ថភាព​កីឡាករ មុន​ត្រៀម​ប្រកួត​ជើងឯក​ពិភពលោក និង​ស៊ី​ហ្គេម​នៅ​ចុងឆ្នាំ​នេះ​។ វា​ក៏​ជា​ឱកាស​សម្រាប់​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ដើម្បី​ស្វែងរក​ធនធាន​ថ្នាល​មាន​ទេពកោសល្យ​ផងដែរ​។​



​ជាការ​ប្រកួត​ដណ្តើម​ជើងឯក​ពានរង្វាន់​សម្តេច ស ខេង ក៏ពិតមែន តែ​វា​ជាទី​លាន​ប្រកួត​ដើម្បី​ចម្រាញ់​រក​ធនធាន​ថ្នាល សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សុខ សប្បាយ​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​។ នា​ពិធី​បើក​ពានរង្វាន់​នេះ​នៅ​ព្រឹក​ថ្ងៃទី​២១ តុលា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រូបនេះ​បានលើកឡើង​ដូច្នេះ​ថា​៖«​ការប្រកួត​នេះ​ជា​ឱកាស ដែល​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា សម្លឹងមើល​កីឡាករ កីឡាការិនី​ថ្នាល​ប្រកបដោយ​សក្តានុពល និង​ឆន្ទៈ ដើម្បី​ចូលរួម​ប្រមូលផ្តុំ​ហ្វឹកហាត់ នាពេលខាងមុខ​»​។



​ជាមួយនេះ​លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​បានលើកឡើង​ពី​គោលបំណង​នៃ​ពានរង្វាន់​នេះ​ថា ជាការ​ផ្តល់ឱកាស​ឲ្យ​យុវជន​មកពី​បណ្តា​ខេត្ត​នានា​បានបង្ហាញ​សមត្ថភាព និង​ទេពកោសល្យ ដែល​ពួក​បាន​ហ្វឹកហាត់​កន្លងមក​។ លើសពីនេះ វា​ជា​ការវាស់ស្ទង់ និង​ពង្រឹងសមត្ថភាព​កីឡាករ សម្រាប់​ត្រៀម​ប្រកួត​ជើងឯក​ពិភពលោក ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ និង​ករ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។  

«​ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង បង្កើតឡើង​ក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យ​អត្ត​ព​លិ​ក​ទូទាំង​រាជធានី​-​ខេត្ត បាន​ចូលរួម​គាំទ្រ​លើកស្ទួយ​វិស័យ​កីឡា​ប៊ូល និង​ប៉េតង់ ព្រមទាំង​ដុសខាត់​នូវ​សមត្ថភាព និង​បច្ចេកទេស ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម​នៅ​ហ្វីលីពីន និង​ការប្រកួត​ស៊ី​ហ្គេម​នា​ឆ្នាំ​២០២៣»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា ដែល​ជំរុញ​ឲ្យ​កីឡាករ ត្រូវខិតខំ​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព និង​គោរព​បញ្ជា​ការប្រកួត​ឲ្យ​បាន​ត្រឹមត្រូវ​។



​បើតាម​របាយការណ៍​ដែល​អាន​ដោយ លោក សុខ សប្បាយ​ណា ពានរង្វាន់​សម្តេច​ក្រឡា​ហោម ស ខេង លើក​ទី​១៩​នេះ មាន​កីឡាករ​កីឡាការិនី ប្រតិភូ គ្រូបង្វឹក​ចំនួន​៣៩៥​នាក់​មកពី​២៤​ក្លិប​សមាគម​ចូលរួម​។ ពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​៦​វិញ្ញាសា​រួមមាន វិញ្ញាសា​៣​នាក់​ទល់​៣​នាក់​បុរស​, ៣​នាក់​ទល់​៣​នាក់​នារី​, ២​នាក់​ទល់​២​នាក់​យុវនារី​, ៣​នាក់​ទល់​៣​នាក់​យុវជន​, ៣​នាក់​ទល់​៣​នាក់​វ័យចាស់ និង​៣​នាក់​ទល់​៣​នាក់​ពាន​សមាគម​។ 

​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៩២ ក្រោម​ការផ្តួចផ្តើម​រប​ស់ស​ម្តេច សុខ អាន ប្រធាន​សហព័ន្ធ​និង​សម្តេច ស ខេង ប្រធានកិត្តិយស​។ ក្រោយ​ដំណើរ​អស់​រយៈពេល​២៧​ឆ្នាំ សហព័ន្ធ​នេះ ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅលើ​ឆាក​អន្តរជាតិ ទាំង​ថ្នាក់​តំបន់​និង​ពិភពលោក​។ ជាក់ស្តែង​កាលពីពេល​ថ្មី​កីឡាការិនី អ៊ុន ស្រី​យ៉ា ទើប​ដណ្តើមបាន​មេដាយមាស​ពី​ការប្រកួត​ដណ្តើមពាន​រង្វាន់ Trophee IEquipe នៅ​ប្រទេស​បារាំង ដែលមាន​អត្ត​ពលិកម​ក​ពី​១១​ប្រទេស​ចូលរួម​៕ 








Tag:
 ប៉េតង់​
  ស សុខា​
  សុខ សប្បាយ​ណា​
  ពាន​សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com