អន្តរជាតិ
លោកត្រាំថា ខាត២ទៅ៥ពាន់លានដុល្លារ ក្រោយក្លាយជាប្រធានាធិបតី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់ឲ្យដឹងថា ការចូលកាន់តំណែងកំពូលនេះបានធ្វើឲ្យលោកខាតបង់លុយចន្លោះពី២-៥ពាន់លានដុល្លារ ដែលលោកអាចរកបាន ប្រសិនបើលោកបន្តដឹកនាំអាជីវកម្ម ជំនួសឲ្យការចូលធ្វើនយោបាយ។ ប៉ុន្តែការលើកឡើងរបស់លោកមេដឹកនាំរូបនេះ គឺគ្មានភស្តុតាងគាំទ្រសោះឡើយ។
ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២១ ខែតុលា លោក ដូណាល់ ត្រាំ អះអាងដូច្នេះ៖«ទោះជាខ្ញុំបាត់បង់លុយ២ពាន់លានដុល្លារ, ៥ពាន់លានដុល្លារ ឬតិចជាងនេះ, វាគ្មានអ្វីខុសប្លែកនោះឡើយ។ ខ្ញុំមិនខ្វាយខ្វល់ទេ។ ខ្ញុំកំពុងធ្វើរឿងនេះសម្រាប់ប្រទេសជាតិ។ ខ្ញុំ កំពុងធ្វើវាសម្រាប់ប្រជាជន [អាមេរិក] »។ ទោះជាបែបនេះក្តី មេដឹកនាំវ័យ៧៣រូបនេះ បែរជាបង្ហាញជំហរថា ប្រសិនបើលោកត្រូវតែកាន់តំណែងកំពូលនេះម្តងទៀត លោកនឹងទទួលយកភ្លាមៗ ដោយមិនរារែកចិត្តឡើយ។
វាគ្មានភស្តុតាងណាមួយដែលបង្ហាញថាលោក ត្រាំ បាត់បង់លុយរាប់ពាន់លានដុល្លារ ចាប់តាំងពីលោកក្លាយជាប្រធានាធិបតីអាមេរិកមក។ យោងតាមរបាយការណ៍ក្នុងខែមីនា ២០១៩ របស់ទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបលោកត្រាំដែលស្មើនឹង៣,១ពាន់លានដុល្លារ គ្មានប្រែប្រួលអ្វីសោះឡើយ បើធៀបនឹងឆ្នាំមុន។
មែនទែនទៅ អ្នកជំនួញប្រែក្លាយជាអ្នកនយោបាយរូបនេះ ធ្លាប់លើកឡើងស្រដៀងគ្នាម្តងហើយដែរ កាលពីខែសីហា កន្លងទៅ ។ ក្រោយមកទស្សនាវដ្តី Forbes បានបកស្រាយថា៖«លោកត្រាំ មិនបាត់បង់លុយចន្លោះពី៣ទៅ៥ពាន់លានដុល្លារឡើយ។ ចំណូលលោក គ្មានទៅណាឆ្ងាយពីតួលេខ៣ពាន់លានដុល្លារនោះទេ»។
ខណៈទ្រព្យសម្បត្តិផ្ទាល់រក្សាលំនឹងរឹងមាំក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយ លោក ត្រាំ បន្តឈរជាប់នៅលើកំពូងតារាងទស្សនាវដ្តី Forbes នៃមនុស្សមានបំផុតរបស់ពិភពលោក ស្របពេលដែលមហាសេដ្ឋីអាមេរិកជាច្រើនប្រឈមបញ្ហាហិរញ្ញវត្ថុ។ ម្យ៉ាងទៀត ការកាន់កាប់អចលនទ្រព្យលោកត្រាំ នៅតែមានតម្លៃល្អប្រសើរដដែល។ ខុសពីប្រធានាធិបតីអាមេរិកមុនៗ លោក ដូណាល់ ត្រាំ បានបដិសេធបញ្ចេញឯកសារការបង់ពន្ធលើប្រាក់ចំណូល ព្រមទាំងតវ៉ាជាមួយសភា និងតុលាការអាមេរិកក្នុងគោលដៅរក្សាហិរញ្ញវត្ថុលោកជាសម្ងាត់។
សូមរម្លឹកដែរថា កាលពីថ្ងៃចន្ទ ២១ តុលា លោក ដូណាល់ ត្រាំ បានប្តូរចិត្តភ្លាមៗក្នុងការផ្លាស់ប្ដូរទីតាំងរៀបចំជំនួបប្រទេស G៧ ដែលអាមេរិកត្រូវធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២០។ ដោយដំបូងឡើយចង់យកទីលានវាយកូនគោល Trump National Doral នារដ្ឋផ្លរីដា ជាកន្លែងរៀបចំជំនួប លោក ត្រាំ ត្រូវរងការរិះគន់ខ្លាំងៗថាប្រើប្រាស់មុខតំណែងជាប្រធានាធិបតីដើម្បីកេងចំណេញពីរដ្ឋ។ យ៉ាងណាមិញ មេដឹកនាំរូបនេះ បានទាត់ចោលការចោទប្រកាន់ថាលោករំលោភរដ្ឋធម្មនុញអាមេរិក ដែលចែងថា ប្រធានាធិបតីអាមេរិក និងតំណាងរាស្ត្រមិនត្រូវប្រើតំណែងពួកគេសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន។
ជាការពិត ប្រធានាធិបតីអាមេរិកទី៤៥រូបនេះ ធ្លាប់គ្រប់គ្រងកន្លែងកម្សាន្ត (Resort) ជាច្រើននៅជុំវិញពិភពលោក មុននឹងត្រូវបានបោះឆ្នោតជ្រើសរើសតំណែងកំពូលនេះ។ បច្ចុប្បន្ន កូនៗលោក កំពុងកាន់កាប់មួយផ្នែកធំនៃជំនួញរបស់គ្រួសារ ក៏ប៉ុន្តែលោក ត្រាំ ពុំបោះបង់ចោលភាពជាម្ចាស់កម្មសិទ្ធិឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ៕
Tag:
សហរដ្ឋអាមេរិក
ដូណាល់ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com