ជាតិ
សង្គមជាតិ
លោក ផៃ ស៊ី​ផាន​៖ បើ​អ្នកនាំពាក្យ​មិន​ឆ្លើយ​នឹង​អ្នកកាសែត​នោះ ព័ត៌មាន​កែ្ល​ង​ក្លាយ​នឹងមាន​កាន់តែច្រើន
22, Oct 2019 , 7:39 pm        
រូបភាព
រូបពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
រូបពីហ្វេសប៊ុកអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
​ភ្នំពេញ​៖  គ្រប់​អ្នកនាំពាក្យ​នៅតាម​ក្រសួង​-​ស្ថាន​ប័ន​ផ្លូវការ​ជាតិ ត្រូវ​ឆ្លើយ​ឆ្លើយ​ជាមួយ​អ្នកកាសែត​ជាប្រចាំ ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​(Fake News) ទៅកាន់​មហាជន នៅក្នុង​យុគសម័យ​បច្ចេកវិទ្យា​ឌីជីថល ឬ បដិវត្តន៍​ឧស្សាហកម្ម​៤.០(Industry 4.0)​។ នេះ​ជាការ​លើកឡើង​របស់ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​។



​នៅ​ចំពោះមុខ​មន្ត្រី​ព័ត៌មាន និង​អ្នកនាំពាក្យ​គ្រប់​ក្រសួង​-​ស្ថាប័ន​រាជធានី​-​ខេត្ត​-​ក្រុង​ទាំង​៥៤ នៅ​កម្ពុជា លោក ផៃ ស៊ី​ផាន បាន​និយាយថា វត្តមាន​នៃ​ព័ត៌មាន​ក្លែងក្លាយ នៅក្នុង​យុគសម័យ​ឌីជីថល​នាពេល​បច្ចុប្បន្ននេះ គឺមាន​ការកើនឡើង​និង​ផ្សព្វផ្សាយ​កាន់តែ​រហ័ស​ទៅដល់​ដៃ និង​ភ្នែក​មហាជន តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម ពិសេស​ហ្វេ​ស​ប៊ុ​ក​(Facebook)​។

​សម្រាប់​លោក ផៃ ស៊ី​ផាន ការជំរុញឱ្យ​ពលរដ្ឋ​យល់ដឹង​ពី​ការទទួលបាន​ព័ត៌មាន​ក្នុង​យុគសម័យ​ឌីជីថល​នេះ វា​ទាក់ទង​នឹង​សមត្ថភាព​កំណត់​ព័ត៌មាន​ពិត ក្លែងក្លាយ ប្រឌិត និង​បំប៉ោង​ជាដើម ដែល​វា​គឺជា​បន្ទុក​របស់​អ្នកនាំពាក្យ​តាម​ក្រសួង​-​ស្ថាប័ន​នីមួយៗ ជា​អ្នក​បញ្ចេញ និង​បកស្រាយ​ព័ត៌មាន ទៅកាន់​អ្នកកាសែត ដើម្បី​ប​ង្រា្ក​ប និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា​។

​ក្នុង​ពិធី​សិក្ខាសាលា​ស្តីពី អភិបាលកិច្ច​ល្អ​នៅក្នុង​បរិបទ​លំហូរ​ព័ត៌មាន នា​យុគសម័យ​ឌីជីថល នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ថ្ងៃទី​២១​តុលា អ្នកនាំពាក្យ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖ «​អ្នកនាំពាក្យ​នៅតាម​ក្រសួង​-​ស្ថាប័ន​ជាតិ​ទាំង​ជាង​៥០ តើ​ពួកគាត់​សកម្ម​ប៉ុណ្ណា ក្នុងការ​បញ្ចេញ​ព័ត៌មាន ដើម្បីឱ្យ​ប្រជា​ពល​បាន​យល់ បានដឹង និង​មានការ​ចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​វិស័យ​ព័ត៌មាន​ដែល​រដ្ឋាភិបាល​បានដាក់​ចូលក្នុង​អភិបាលកិច្ច​ល្អ​នា​យុគសម័យ​ឌីជីថល​នេះ​»​។

​បើតាម​លោក ផៃ ស៊ី​ផាន អភិបាលកិច្ច​ល្អ​នៅក្នុង​បរិបទ​លំហូរ​ព័ត៌មាន​នា​យុគសម័យ​បច្ចេកវិទ្យា​ឌីជីថល គឺជា​ការផ្តល់​នូវ​ព័ត៌មាន ដល់​មហាជន​ឱ្យបាន​រហ័ស និង​ពិតប្រាកដ​នូវ​អ្វីដែល​គេ​ចង់ដឹង ចង់​យល់ ។​ដូច្នេះ​ក្រសួង​-​ស្ថាប័ន​នីមួយៗ​ត្រូវបង្កើត​ព័ត៌មាន​សម្រាប់​ឱ្យគេ​ដឹង និង​ផ្តល់​ចម្លើយ ដែល​ត្រូវមាន​សកម្មភាព​ជាប្រចាំ និង​ផុសផុល ដើម្បី​ផ្តល់ជូន​មហាជន​បានដឹងថា​ខ្លួន​បានធ្វើ​អ្វីខ្លះ​?

​លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន នៅ​សាកលវិទ្យាល័យ​កម្ពុជា​(UC) បាន​និយាយថា ការឆ្លើយតប​លឿន​និង​ច្បាស់លាស់​ពី​អ្នកនាំពាក្យ​ទៅកាន់​អ្នកសារព័ត៌មាន មិន​ត្រឹមតែ​លុបបំបាត់​នូវ​ព័ត៌មាន​ក្លែងក្លាយ​បានទេ ប៉ុន្តែ​វា​ក៏​អាច​បញ្ចៀស​បញ្ហា ដែល​រដ្ឋាភិបាល​តែងតែ​ហៅថា ការផ្សាយ​ដោយ​លំអៀង​ទៀតផង​។

«​កន្លងមក​យើង​តែងតែ​ផល​លំបាក​ច្រើន​ក្នុងការ​ទំនាក់​ទំនងជា​មួយ​អ្នកនាំពាក្យ​ដើម្បី​ទទួល​ព័ត៌មាន​ពេញលេញ​សម្រាប់​បញ្ជា​ក់លើ​ព័ត៌មាន​របស់​យើង​។ ពេលខ្លះ​អ្នកនាំពាក្យ​មិនបាន​ផ្តល់​ការបកស្រាយ និង​ពន្យល់​នូវ​ដំណោះស្រាយ​ដែល​យើង​បាន​នោះទេ គឺ​ថែមទាំង​មិន​ទុកចិត្ត​យើង ក្នុងការ​ផ្តល់ព័ត៌មាន​ទៀតផង​។ ហើយ​ប្រសិនបើ​អត្ថបទ​សំខាន់ យើង​មិនអាច​រង់ចាំ​នាំពាក្យ​បាន ត្រូវ​ចំណាយពេល​ស្វែង​ប្រភព​ផ្សេង ដើម្បីឱ្យ​ព័ត៌មាន មានតម្លៃ​ពេញលេញ​សម្រាប់​មហាជន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា​។​

​លោក ឆាយ សុផល សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន បាន​សង្កត់ធ្ងន់ថា តួនាទី​អ្នកនាំពាក្យ មិនមែន​ត្រឹមតែ​ឆ្លើយតប​រហ័ស​ទេ ប៉ុន្តែ​ត្រូវការ​ជំនាញ និង​យល់ដឹង​ច្បាស់លាស់​ពី​បញ្ហា​។ ជាពិសេស​ត្រូវ​ធ្វើជា​ដៃគូ​យ៉ាង​ជិតស្និទ​ជាមួយ​អ្នកសារព័ត៌មាន​។

«​ដោយឡែក តួនាទី​យើង​ដែលជា​អ្នកសារព័ត៌មាន​វិញ កាលណា​មាន​ព័ត៌មាន​ក្លែងក្លាយ​បានកើត​ឡើង គឺ​យើង​ត្រូវ​ស្វែងរក និង​បង្កើត​ពិតប្រាកដ​ឡើងវិញ​។ ចំពោះ​តួនាទី​របស់​អ្នកនាំពាក្យ​រដ្ឋ​ឬ​មិនមែន​រដ្ឋ ក៏​ដូចគ្នា​ដែរ នៅពេលណា​ដែល​ដំណឹង​ផ្សេងៗ​ពី​ខាងក្រៅ​ដែល​ពាក់ព័ន្ធ​នឹង​សា្ថ​ប័ន​របស់ខ្លួន គឺ​ត្រូវតែ​ទទួលយក​ព័ត៌មាន​ហ្នឹង​សិន និង​បន្ត​ការស៊ើបអង្កេត​ជាបន្ទាន់ ដើម្បី​ឆ្លើយតប​ទៅតាម​អ្វីដែល​ខ្លួន​អាចធ្វើ​ទៅបាន ប្រកបដោយ​ជំនាញ វិជ្ជាជីវៈ និង​ចេះ​ដោះស្រាយ​បញ្ហា​បាន​ត្រឹមត្រូវ និង​ច្បាស់លាស់ ក្នុងការ​ប​ង្រា្ក​ប​នូវ​ព័ត៌មាន​ក្លែងក្លាយ​»​។ នេះ​បើតាម​សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន​រូបនេះ​៕

Tag:
 ផៃ ស៊ី​ផាន​
  Fake News
  ឌីជីថល​
  Industry 4.0
© រក្សាសិទ្ធិដោយ thmeythmey.com