អន្តរជាតិ
ប្រមុខ​ការទូត​ចិន​៖ ហិង្សា​នៅ​ហុងកុង ជា​រឿង​អំពើ​មិនអាច​ទទួលយកបាន និង​មាន​បរទេស​ពីក្រោយ​
22, Oct 2019 , 3:16 pm        
រូបភាព
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​បានប្រកាស​នៅ​ថ្ងៃទី​២១ ខែតុលា ថា អំពើហិង្សា​ដែល​បង្កឡើង​ដោយ​ក្រុម​អ្នក​បាតុករ​នៅ​ហុងកុង​គឺ​មិនអាច​ទទួលយកបាន​។ លោក​ក៏បាន​ចោទប្រកាន់​ទៀត​ដែរ​ថា សកម្មភាព​ទាំងនេះ​ត្រូវបាន​គាំទ្រ​ដោយ​បរទេស​។​



«​អ្វីដែល​កើតឡើង​នៅ​ហុងកុង​ពេលនេះ គឺ​មិនមែន​ជាការ​បាតុកម្ម​ដោយ​សន្តិភាព​ទេ​»​។ នេះ​ជា​សំដី​របស់​ប្រមុខ​ការទូត​ចិន លោក Wang Yi ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ទីក្រុង​បារី​ស​។ លោក​បាន​បន្ថែមថា នេះ​គឺជា​អំពើ​ដែល​មិនអាច​ទទួលយកបាន​នៅ​ទូទាំង​ពិភពលោក​។ អំពើហិង្សា​ដែល​លោក​រដ្ឋមន្ត្រី​រូបនេះ​បានលើកឡើង គឺ​ចង់​សំដៅលើ​សកម្មភាព​របស់​ពួក​បាតុករ​ដែល​បាន​វាយប្រហារ​លើ​ប៉ូលីស ការវាយប្រហារ​លើ​មនុស្ស​ធម្មតា​និង​រារាំង​ដល់​ចរាចរ​តាមផ្លូវ​នាពេល​ថ្មីៗ​នេះ​។​

​បន្ថែម​ពីនេះ​ទៀត លោក វ៉ាង ក៏​អះអាងថា បាតុកម្ម​នៅ​ហុងកុង មាន​គាំទ្រ​ពី​បរទេស​ទៀតផង​។ លោក ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ថា មាន​កម្លាំង​ពី​បរទេស​ដែល​បាន​គាំទ្រ​សកម្មភាព​អំពើហិង្សា​តាមផ្លូវ​នៅ​ហុងកុង​នេះ ក្នុង​គោលបំណង​លុបចោល​នូវ​គោលនយោបាយ ប្រទេសមួយ​ប្រព័ន្ធ​ពីរ ដែល​ចិន​និង​ហុងកុង​បាន​អនុវត្ត​យូរណាស់​មកហើយ​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​រូបនេះ​បញ្ជាក់ថា គោលបំណង​និង​សកម្មភាព​ទាំងនេះ​នឹង​មិនអាច​ទទួលជោគជ័យ​ឡើយ ហើយដោយ​មានការ​ការ​គាំទ្រ​ពី​ចិន ហុងកុង នឹង​នៅតែ​ប្រើប្រាស់​គោលនយោបាយ​ប្រទេសមួយ​ប្រព័ន្ធ​ពីរ​ដដែល​។ ខណៈ​អំពើហិង្សា​ផ្ទុះ​កាន់តែខ្លាំង លោក វ៉ាង ក៏បាន​ជំរុញ​ឲ្យ​បាតុករ​ហុងកុង​គោរព​តាមច្បាប់​ហុងកុង​ដែលមាន​ស្រាប់​ផងដែរ​។
​ក្រៅតែពី​ការ​លើ​ឡើង​ខាងលើនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​និយាយ​រិះគន់​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ផងដែរ​។ លោក​លើកឡើងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​ហៅ​អំពើហិង្សា​របស់​ពួក​បាតុករ ថា​ជាការ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី និង​បាន​ផ្សាយ​ថា សកម្មភាព​របស់​ប៉ូលិស​ថា​ជា​អំពើហិង្សា​ទៅវិញ​។

​នាពេល​កន្លងទៅ បាតុករ​ជាច្រើន​ម៉ឺន​នាក់​បានធ្វើការ​បាតុកម្ម​ដោយ​សន្តិភាព​នៅពេល​ថ្ងៃ ហើយ​ពេល​ល្ងាច ក៏បាន​បែកបាក់​ទៅជា​ក្រុម​តូចៗ​ដោយមាន​ការប្រើប្រាស់​អំ​ពើ​ហិង្សា​វិញ​។ ក្រុមបាតុករ​បាន​គប់​គ្រាប់បែក​សាំង ដុំថ្ម​សំដៅ​ទៅរក​ប៉ូលីស អាជីវកម្ម​ដែល​បើក​ដោយ​ជនជាតិ​ចិន និង​វាយប្រហារ​នៅ​មាត់​ផ្លូវ​ចូល​ស្ថានីយ​រថភ្លើង​មួយចំនួន​។ ឯ​ប៉ូលិស​បាន​ប្រើប្រាស់​កាណុង​បាញ់​ទឹក ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​គ្រាប់កាំភ្លើង​ជ័រ​ដើម្បី​បំបែក​ក្រុមបាតុករ​ទាំង​នោះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com