ជាតិ
កម្ពុជានិងកូរ៉េខាងត្បូងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងខែវិច្ឆិកា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់
× សេអ៊ូល៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានកូរ៉េ និងអាស៊ានមេគង្គនាចុងខែវិច្ឆិកាក្រោយនេះ ដែលនឹងប្រព្រឹត្តិទៅនាទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។ ក្រៅពីជំនួបកំពូលនោះ ប្រមុខរដ្ឋាភិបាលកម្ពុជាគ្រោងជួបពិភាក្សាទ្វេភាគីជាមួយលោកប្រធានាធិបតី មូន ជេអ៊ីន ហើយភាគីទាំងពីរគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនផងដែរ។ សម្តេច ហ៊ុន សែន ក៏គ្រោងជួបជាមួយសហគមន៍ខ្មែររស់នៅក្នុងប្រទេសកូរ៉េផងដែរ។
ប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ានគ្រោងចូលរួមក្នុងជំនួបកំពូលខួប៣០ឆ្នាំនៃកិច្ចសន្ទនាអាស៊ាន-កូរ៉េ និងមេគង្គកូរ៉េ នៅថ្ងៃទី២៥ដល់ថ្ងៃទី២៧ខែវិច្ឆិកាក្រោយនេះក្នុងទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ លោក ឡុង ឌីម៉ង់ បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា ក្រៅពីដំណើរការកិច្ចប្រជុំកំពូលនោះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន និងលោកប្រធានាធិបតី មូន ជេអ៊ីន ក៏មានគម្រោងជួបពិភាក្សាទ្វេភាគីដើម្បីជជែកអំពីការពង្រីកកិច្ចសហប្រតិបត្តិការនានាផងដែរ។
នៅពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ និងក្រសួងការបរទេសកម្ពុជាកំពុងរៀបចំឯកសារមួយចំនួនដើម្បីដាក់ជូនមេដឹកនាំទាំងពីរពិនិត្យ។ នេះជាការបញ្ជាក់របស់លោកឯកអគ្គរាជទូត ដោយបានបន្តយ៉ាងដូច្នេះ៖«តាមព័ត៌មានដែលខ្ញុំទទួលបានមកដល់ពេលនេះ មានឯកសារមួយចំនួន ដែលកូរ៉េបានស្នើសុំ ហើយកម្ពជាក៏ស្នើសុំ ដែលភាគីទាំងពីរ នឹងឯកភាពគ្នាដាក់ជូនថ្នាក់ដឹកនាំទាំងពីរពិនិត្យសម្រេច និងអាចមានការចុះហត្ថលេខាក្នុងអំឡុងពេលទស្សនកិច្ចនោះ ។ ឯកសារខ្លះនឹងផ្តល់ផលប្រយោជន៍ជំរុញសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ»។
បើតាមការអះអាងរបស់លោក ឡុង ឌីម៉ង់ ដដែល តម្លៃនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ មានទំហំ១០០០លានដុល្លារហើយ គ្រាន់តែថាជញ្ជីងពាណិជ្ជកម្មនេះនៅមិនទាន់មានតុល្យភាព។
«កម្ពុជានាំចូលមកសាធារណរដ្ឋកូរ៉េប្រហែល៣០ភាគរយ ដែលមានតម្លៃប្រហែល៣០០លានដុល្លារ។ រីឯកូរ៉េបាននាំចូលមកកម្ពុជាប្រមាណ៧០ភាគរយដែលមានដូចជាយានយន្ត គ្រឿងចក្រកសិកម្ម គ្រឿងអេឡិចត្រូនិក និងគ្រឿងឧបភោគបរិភោគជាដើម»។ នេះជាការរៀបរាប់របស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ មុននឹងលោកបន្ថែមថា ប្រទេសទាំងពីរបានគ្រោងបង្កើនទំហំផ្លាស់ប្តូរពាណិជ្ជកម្មឱ្យបានដល់១៥០០លានដុល្លារក្នុងឆ្នាំ២០២៥៕
© រក្សាសិទ្ធិដោយ thmeythmey.com