អន្តរជាតិ
ត្រាំ​៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ អាច​នឹង​ចុះហត្ថលេខា​ក្នុង​ខែវិច្ឆិកា​ខាងមុខ​
22, Oct 2019 , 4:00 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ, រូបភាព៖ AFP
​សេចក្តីព្រៀង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ប៉េកាំង កំពុងដំណើរការ​នីតិវិធី ហើយ​ភាគី​ទាំងពីរ​សង្ឃឹមថា ខ្លួន​អាច​នឹង​ចុះហត្ថលេខា​នៅ​ខែក្រោយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២១ ខែតុលា​។



«​យើង​នឹង​អាច ចុះហត្ថលេខា​លើ​ឯកសារ​ពាណិជ្ជកម្ម​ពេញលេញ​មួយ​ជាមួយ​ចិន​ក្នុងដំណាក់កាល​ទី​១»​។ នេះ​ជាស​ម្តី​របស់​ប្រ​ធានា​ប​តី ដូ​ណា​ល់ ត្រាំ ដែល​បង្ហាញ​ពី​ជំហរ​សុទិដ្ឋិនិយម​បំផុត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​នៅ​សេត​វិមាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

​ប្រា​ប់លោក ត្រាំ ពាក់ព័ន្ធ​ទៅនឹង​ដំណើរការ​នីតិវិធី​នៃ​កិច្ចព្រមព្រៀង អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក លោក Robert Lighthizer បាន​អះអាងថា គោលដៅ​របស់​អាមេរិក គឺ​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ចិន​នៅឯ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) ។ ប៉ុន្តែ​មកទល់ពេលនេះ នៅមាន​ចំណុច​មួយចំនួនទៀត​នៅក្នុង​កិច្ចព្រមព្រៀង ត្រូវ​បង្ហើយ​។

​បើទោះបីជា​ព័ត៌មាន​លម្អិត​មិនទាន់​គ្រប់គ្រាន់​ក៏ដោយ ប៉ុន្តែ​កិច្ចព្រមព្រៀង​តូច​មួយ​រវាង​អាមេរិក និង​ចិន នឹងត្រូវ​បានធ្វើ​ឡើង​។ កិច្ចព្រមព្រៀង​ទាំងនោះ គឺ​រួមមាន ការទិញ​ផលិតផល​កសិកម្ម​អាមេរិក​ពី​ភាគី​ចិន កម្មសិទ្ធិបញ្ញា សេវា​ហិរញ្ញវត្ថុ និង​ការដោះដូរ​រូបិយវត្ថុ​ជាដើម​។

​ពាក់ព័ន្ធ​ទៅនឹង​សង្គ្រាម​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ថ្មីៗ​នេះ ជាពិសេស​ចាប់តាំងពី​មានការ​ចរចា​លើ​កិច្ចព្រមព្រៀង​ដំណាក់កាល​មួយ​មក ចិន​ហាក់ដូចជា​បន្ធូ​បន្ថយ និង​ធ្វើ​សម្បទាន​ច្រើន​ជាមុន​។ ជាក់ស្តែង លោក​ត្រាំ​បាន​និយាយថា ភាគី​ចិន បានចាប់ផ្តើម​ទិញ​ផលិតផល​អាមេរិក​ហើយ​។ បន្ថែម​ពីលើ​នេះ នា​វេទិកា​សន្តិសុខ «​សៀន​សាន ប៉េកាំង លើក​ទី​៩» អនុរដ្ឋមន្ត្រី​ការបរទេស​ចិន Le Yucheng បានបង្ហាញ​កាយវិការ​វិជ្ជមាន​ជាខ្លាំង​។ លោក​អនុរដ្ឋមន្ត្រី បាន​លើកឡើងថា​៖ «​ទំនាក់ទំនង​ចិន និង​អាមេរិក ផ្អែកទៅលើ​ការសម្របសម្រួល សហប្រតិបត្តិការ និង​ស្ថិរភាព​»​។

​សូមបញ្ជាក់ថា ភាគី​ចិន និង​អាមេរិក រំពឹងថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ នឹង​ត្រូវបាន​ចុះហត្ថលេខា ដោយ​លោក​ដូ​ណា​ល់ ត្រាំ និង​លោក ស៊ី ជិន​ភីង នា​កិច្ចប្រជុំ​ក្រៅផ្លូវការ​មួយ​នៅឯ​វេទិកា​សេដ្ឋកិច្ច​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ប្រទេស​ស៊ី​លី​៕


Tag:
 ចិន​
  អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com