អន្តរជាតិ
លោក ទ្រូ​ដូ រក្សា​កៅអី​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​២ តែ​ជា​រដ្ឋាភិបាល​សំឡេង​ភាគតិច​
22, Oct 2019 , 9:59 pm        
រូបភាព
ប្រភពរូប៖ Reuters
ប្រភពរូប៖ Reuters
ដោយ:
​គណបក្ស​សេរីនិយម​របស់លោក ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) នឹង​បន្ត​ជា​បក្ស​កាន់អំណាច​ដដែល ប៉ុន្តែ​សម្រាប់​អាណត្តិ​ទី​២​នេះ លោក ទ្រូ​ដូ នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​សំឡេង​ភាគតិច​។



​ក្រោយ​ការបោះឆ្នោត​បានបញ្ចប់ ទូរទស្សន៍​កាណាដា CTV បង្ហាញ​លទ្ធផល​ឆ្នោត នៅ​យប់​ថ្ងៃ​ចន្ទ ទី​២១ តុលា ដោយ​បក្ស​សេរីនិយម​របស់លោក​ទ្រូ​ដូ ឈ្នះ​បាន​កៅអី​១៥៨ ដែល​តិចជាង​ឆ្នាំ​២០១៥ ស្មើ​១៨៤​កៅអី​។ ដឹកនាំ​ក្នុងនាម​ជា​រដ្ឋាភិបាល​មាន​សំឡេង​ភាគតិច​បែបនេះ លោក ទ្រូ​ដូ នឹងត្រូវ​ការធ្វើការ​ជាមួយ​បណ្តា​គណបក្ស​ផ្សេងៗ​ទៀត ទើប​អាច​គ្រប់គ្រង​ប្រទេស​បាន​។

​រដ្ឋសភា​កាណាដា​មាន​៣៣៨​កៅអី ហើយ​បក្ស​ដែល​ឈ្នះ​សំឡេង​ភាគច្រើន​នៃ​កៅអី​សភា គឺ​ស្មើ​១៧០ ឡើងទៅ​។ ជាមួយ​ចំនួន​នេះ បក្ស​ឈ្នះឆ្នោត បង្កើត​រដ្ឋាភិបាល​ដោយ​ស្វ័យប្រវត្តិ និង​អាច​អនុ​ម័​យ​សំណើ​ច្បាប់​ដោយ​ងាយស្រួល​។ ប្រសិនបើ គ្មាន​បក្ស​ឈ្នះ​សំឡេង​ភាគច្រើន​ទេនោះ គណបក្ស​ពីរ​ឬ​ច្រើន ត្រូវបង្កើត​សម្ព័ន្ធភាព​។ វា​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ថា បក្ស​មួយណា​ដែល​បក្ស​លោក​ទ្រូ​ដូ​នឹង​ចូល​កម្លាំង​ជាមួយ​ដើម្បី​ដឹកនាំ​ប្រទេស ខណៈ​នេះ ការចរចា​ត្រៀម​រៀបចំឡើង​ក្នុងពេល​ឆាប់ៗ​នេះ​។​

​ប្រាប់​ក្រុម​អ្នកគាំទ្រ​ទីក្រុង Montreal នៅ​ព្រឹក​ថ្ងៃ​២២ តុលា លោក ទ្រូ​ដូ លើកឡើង​បែបនេះ​៖«​យប់​នេះ ប្រជាជន​កាណាដា​បាន​បដិសេធ​ការបែងចែក​និង​ភាពអវិជ្ជមាន […] ហើយ​ពួកគេ​ចេញទៅ​បោះឆ្នោត​គាំទ្រ​របៀបវារៈ​ដែលមាន​វឌ្ឍនភាព និង​សកម្មភាព​ខ្លាំងខ្លា​លើ​ការប្រែប្រួល​អាកាសធាតុ​»​។

​សូមបញ្ជាក់ថា សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០១៩​នេះ កាណាដា មាន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​៤,៧​លាន​នាក់ ដែល​ក្នុងនោះ ៦២​ភាគរយ​បាន​ចេញទៅ​បោះឆ្នោត​។ តួលេខ​នេះ បាន​ធ្លាក់ចុះ បើ​ធៀប​នឹង​ក្នុង​ឆ្នាំ​២០១៥ ស្មើនឹង ៦៨,៥​ភាគរយ​៕

Tag:
 កាណាដា​
  ចា​ស្ទី​ន ទ្រូ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com