ជាតិ
សំរាម និងសំបុកពីងពាងទាញទម្លាក់សោភណភាពរាជធានីភ្នំពេញ
× ភ្នំពេញ៖ ក្រៅពីការសារទរចំពោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ និងអគារពាណិជ្ជកម្មមួយចំនួននៅក្នុងរាជធានីភ្នំពេញ នៅមានការត្អូញត្អែរចំពោះបញ្ហាមួយចំនួនទៀតដូចជា សំរាម ខ្សែភ្លើង ខ្សែកាប្លិ៍ និងបណ្ដាញខ្សែគមនាគមន៍ផ្សេងៗទៀត ដែលគ្មានសណ្តាប់ធ្នាប់នៅតាមដងផ្លូវជាដើម។ បញ្ហាទាំងពីរនេះកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សុខភាព សោភ័ណភាពទីក្រុង និងការភ័យខ្លាចដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវសាធារណៈមួយចំនួនផងដែរ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញមួយចំនួនរិះគន់ថា៖«ឈ្ងោកមុខឃើញសំរាម ងើយឡើងលើឃើញសំបុកពីងពាង»។បើគេដើរឈ្ងោកមុខនៅតាមដងវិថីមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដែលគេឱ្យឈ្មោះថា«ទីក្រុងគុជ»នោះ គេតែងសង្កេតឃើញមានសំរាមជាច្រើននៅរាយប៉ាយគ្មានសណ្តាប់ធ្នាប់ និងបានជះក្លិនអសោចយ៉ាងខ្លាំងទៅលើដងផ្លូវសាធារណៈ។
ជាក់ស្តែង គេតែងសង្កេតឃើញប្រជាពលរដ្ឋជាច្រើនតែងយកដៃខ្ទប់ច្រមុះ ឬមាត់ ខណៈពេលដែលពួកគេធ្វើដំណើរឆ្លងកាត់តំបន់មាត់លូទឹកស្អុយបឹងត្របែក ព្រោះសំរាមដែលហ៊ុំព័ទ្ធទីនោះជះក្លិនស្អុយខ្លាំង។ ពលរដ្ឋដែលរស់នៅតំបន់ក្បែរលូទឹកស្អុយកំពុងរងគ្រោះខ្លាំងជាងគេ ជាពិសេសកុមារតែម្តង។ កុមារដែលរស់នៅក្បែរមាត់លូទឹកស្អុយភាគច្រើនតែងឈឺជាប្រចាំ ព្រោះពួកគេស្រូបយកបរិយាកាសអាប់អួរាល់ថ្ងៃ។ ជាងនេះទៅទៀត ពួកគេតែងយកទឹកលូស្អុយនោះធ្វើជាកន្លែងហែលលេងកម្សាន្តរាល់ពេលមានភ្លៀងធ្លាក់ម្តង។
បើគេងើយទៅមើលនៅតាមបង្គោលភ្លើងវិញ គេឃើញខ្សែភ្លើងចងចាក់ស្រែះប្រៀបបាននឹងសំបុកពីងពាង។ ក្រៅពីនោះ បង្គោលភ្លើងខ្លះទៀតចាស់ទ្រុឌទ្រោមស្ទើរតែជិតបាក់ទៅហើយ។ បង្គោលភ្លើងខ្លះទៀតតូចហើយត្រូវទប់ទ្រទម្ងន់ខ្សែភ្លើងជាច្រើនគីឡូក្រាមដែលអ្នកបច្ចេកទេសចងគរគ្នាជាច្រើន។ មិនតែប៉ុណ្ណោះគេតែងសង្កេតឃើញខ្សែភ្លើងខ្លះដាច់ធ្លាក់សំយាកទាំងនៅតាមបង្គោលភ្លើង ឬខ្សែភ្លើងដែលចងកាត់ផ្លូវជាដើម។
លោក សុភ័ក្រ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយក្នុងរាជធានីភ្នំពេញបានលើកឡើងថា ខ្សែភ្លើងនៅតាមបណ្តោយផ្លូវពីផ្ទះរបស់លោកទៅកន្លែងធ្វើការនៅម្តុំលូទឹកស្អុយចងខ្វាត់ខ្វែងប្រៀបបាននឹងសំបុកពីងពាង។ លោកបន្ថែមថារាល់ពេលលោកឈប់ម៉ូតូនៅស្តុបម្តងៗ លោកតែងងើយមើលលើញឹកញាប់ព្រោះខ្លាចខ្សែភ្លើងដាច់ធ្លាក់មកលើ។ យុវជនវ័យប្រមាណជា ២៨ឆ្នាំរូបនេះបានសម្តែងក្តីព្រួយបារម្ភទៀតថា៖«ខ្ញុំខ្លាចជាងគេគឺនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ ប្រសិនបើមានថ្ងៃណាមួយចៃដន្យភ្លៀងទឹកលិច ហើយបង្គោលភ្លើងដែលចាស់ទ្រុឌទ្រោមទាំងនោះបាក់ធ្លាក់មកលើដងផ្លូវ ច្បាស់ជាឆក់ស្លាប់មនុស្សជាច្រើនមិនខាន»។
លោក សុភ័ក្រ បានសម្តែងមតិទៀតថា អាជ្ញាធរ ឬស្ថាប័នដែលពាក់ព័ន្ធមិនគួរមើលរំលងបញ្ហាទាំងនេះឡើយ ដើម្បីចៀសវាងមានគ្រោះថ្នាក់ធំ ដូចឧបទ្ទវហេតុធំៗកាលពីពេលកន្លងមក។ ម្យ៉ាងវិញទៀតដើម្បីចៀសវាងពាក្យដោះសារ ដូចពាក្យដែលអ្នកនិយមលេងហ្វេសប៊ុកមួយចំនួនតែងចំអកថា៖«បណ្តាលមកពីកំហុសបច្ចេកទេស» ឬពាក្យមួយទៀតថា៖«គោដាច់ទើបធ្វើរបង»៕
© រក្សាសិទ្ធិដោយ thmeythmey.com