អន្តរជាតិ
មហាធៀ៖ ម៉ាឡេស៊ី មិនដកពាក្យរិះគន់លើរដ្ឋាភិបាលឥណ្ឌាពាក់ព័ន្ធនឹងដែនដីកាស្មៀរឡើយ
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នៅថ្ងៃទី២២ ខែ តុលា បានគូសបញ្ជាក់ថា ខ្លួនមិនអាចដកពាក្យរិះគន់សកម្មភាពទីក្រុង ញូវ ដែលី ក្នុងជម្លោះតំបន់កាស្មៀរឡើយ បើទោះបីជាពាណិជ្ជករឥណ្ឌា ធ្វើពហិកាឈប់ទិញប្រេងដូងក៏ដោយ។
ទំនាក់ទំនងពាណិជ្ជកម្មរវាងឥណ្ឌា និងម៉ាឡេស៊ីបានទទួលរងនូវភាពរកាំរកូស បន្ទាប់ពីឥណ្ឌាបានបញ្ជាឲ្យសមាជិករបស់ខ្លួនឈប់ទិញផលិតផលប្រេងដូងរបស់ទីក្រុងគូឡាឡាំពួ។ ការណ៍នេះ គឺកើតចេញពី ការរិះគន់របស់នាយករដ្ឋមន្ត្រី មហាធៀ មហាម៉ាត់ទៅលើឥណ្ឌាថា បានឈ្លានពាន និងគ្រប់គ្រងលើតំបន់កាស្មៀរនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញា។
«យើងនិយាយគំនិតរបស់យើង ហើយយើងនឹងមិនដកពាក្យ និងផ្លាស់ប្តូរវិញឡើយ។ អ្វី ដែលយើងនិយាយ យើងគួរតែគោរពតាមសេចក្តីសម្រេចអង្គការសហប្រជាជាតិ។ បើមិនអញ្ចឹងទេ តើអង្គការសហប្រជាជាតិប្រើប្រាស់ដើម្បីអ្វី?»។ នេះជាសម្តីរបស់លោកមហាធៀ ប្រាប់អ្នកកាសែតនៅក្រៅសភា ដើម្បីឆ្លើយតបទៅនឹងសកម្មភាពពហិកាទំនិញម៉ាឡេស៊ីរបស់ឥណ្ឌា។ បន្ថែមពីលើនេះ ម៉ាឡេស៊ីនឹងធ្វើសិក្សាទៅលើផលប៉ះពាល់នៃការធ្វើពហិកា ដែលបានអំពាវនាវដោយសមាគមឥណ្ឌា Solvent Extractors មានមូលដ្ឋាននៅក្នុងទីក្រុង Mumbai។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ ៩៤ឆ្នាំរូបនេះ ក៏បានទទួលស្គាល់ដែរថា ពហិកាទំនិញម៉ាឡេស៊ីនេះ មិនមែនជាសកម្មភាពរបស់រដ្ឋាភិបាលឥណ្ឌាទេ។ ដូច្នេះម៉ាឡេស៊ីធ្វើយ៉ាងណា ដើម្បីទំនាក់ទំនងជាមួយក្រុមមនុស្ស ដែលបញ្ចុះបញ្ចូលឲ្យឈប់ទិញទំនិញម៉ាឡេស៊ីទាំងនោះ ព្រោះសង្គ្រាមពាណិជ្ជកម្មគឺវាអាក្រក់ណាស់សម្រាប់ប្រទេសទាំងពីរ។
ទះក្បាល អង្អែលខ្នង។ នេះគឺជាយុទ្ធសាស្ត្ររបស់ម៉ាឡេស៊ី ដើម្បីលោមចិត្តរដ្ឋាភិបាលទីក្រុងញូវ ដែលីកុំឲ្យផ្ទុះកំហឹង។ ជាក់ស្តែង បន្ទាប់ពីរិះគន់ឥណ្ឌាចំៗពាក់ព័ន្ធនឹងតំបន់កាស្មៀរហើយ រដ្ឋាភិបាលទីក្រុងគូឡាឡាំពួ បានបន្ថយកំហឹងរដ្ឋាភិបាលទីក្រុងញូវ ដែលីវិញ តាមរយៈការទិញសាច់ក្របី និងស្ករសបន្ថែម។
សូមបញ្ជាក់ថា ម៉ាឡេស៊ី គឺជាប្រទេសផលិត និងនាំចេញប្រេងដូងធំជាងគេបង្អស់លំដាប់ទីពីរនៅលើពិភពលោក បន្ទាប់ពីឥណ្ឌូណេស៊ី។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០១៨ ប្រេងដូង បានជួយបង្កើនផលិតផលក្នុងស្រុកសរុបម៉ាឡេស៊ី ២,៨ ភាគរយ និងស្មើរនឹង៤,៥ភាគរយ នៃការនាំចេញសរុប។ ជាពិសេស ឥណ្ឌាគឺជាដៃគូរពាណិជ្ជកម្មលំដាប់ទីបី របស់ម៉ាឡេស៊ីលើការនាំចេញប្រេងដូងទៅក្រៅប្រទេស។ ជាការពិតម៉ាឡេស៊ី បាននាំចេញទំនិញទៅឥណ្ឌា ១០,៨ពាន់លានដុល្លារ ខណៈដែលម៉ាឡេស៊ីទិញទំនិញពីឥណ្ឌាមកវិញត្រឹមតែ ៦,៤ពាន់លានដុល្លារតែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com