ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ជី​ទឹកនោម​ត្រាំ​ជាមួយ​លាមក​សត្វ​និង​ដើម​កន្ទ្រាំ​ង​ខែត្រ អាច​ប្រើ​ជំនួស​«​ជីអ៊ុយរ៉េ​»​បាន​! ​
22, Oct 2019 , 9:35 pm        
រូបភាព
រូបភាព Capture ពីឯកសារ​បទពិសោធ​ជោគជ័យ ក្នុង​ការដាំ​ម្នាស់ របស់​កសិករ​គំរូ ដែល​រៀបចំ​ដោយ នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម និង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់ ខេត្តសៀមរាប​​, ឆ្នាំ​២០១៣
រូបភាព Capture ពីឯកសារ​បទពិសោធ​ជោគជ័យ ក្នុង​ការដាំ​ម្នាស់ របស់​កសិករ​គំរូ ដែល​រៀបចំ​ដោយ នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម និង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់ ខេត្តសៀមរាប​​, ឆ្នាំ​២០១៣
ដោយ​៖ ផាត ដា​ណេ​
ភ្នំពេញ​៖ សម្រាប់​ការដាំ​ម្នាស់​ជាទូទៅ កសិករ​ប្រើ​ជីអ៊ុយរ៉េ​, ជី​លាមក​សត្វ និង​ជី​២០-២០-១៥ សម្រាប់​ដាក់​ក្នុង​ដំណាំ សម្រាប់​បំប៉ន​ដើម​។ កសិករ​ក៏​អាច ប្រើ​ជី​ទឹកនោម​ត្រាំ​ជាមួយ​លាមក​សត្វ និង​ដើម​កន្ទ្រាំ​ង​ខែត្រ ដោយ​ចាក់​ស្រោច​តាម​គល់​ជំនួស​ជីអ៊ុយរ៉េ ក៏បាន​។ កសិករ​អាច​ប្រើ​ទឹក​ជី​១​ធុង ចំណុះ​២០​លីត្រ សម្រាប់​ម្នាស់​១០០​ដើម​។ នៅពេល​ដើម​ធំ​ល្អ​ត្រូវយក​ថ្ម​ស្អុយ​លេខ​១ លាយ​ជាមួយ​ទឹក​ក្នុង​ចំណុះ​មួយ ចាក់​លើ​ដំណាំ​ម្នាស់​នោះ​ដោយ​ទុក​រយៈពេល ៤​ខែ​២០​ថ្ងៃ ទើប​ម្នាស់​ទុំ​អាច​កាច់​យក​លក់បាន​។​



​ក្នុង​ការដាំ​ដំណាំ​ម្នាស់ កសិករ​ត្រូវដាក់​ជី​ទ្រាប់​បាត ដាក់​ជីលា​មក​សត្វ ប្រមាណ​៣​កា​រ៉ុង ឬ ៣០​គីឡូក្រាម ពីលើ​ចង្អូរ​រង​ប្រវែង​២០​ម៉ែត្រ រួច​កាប់​ជ្រោយ​ឲ្យ​បាន​សព្វ​មុនពេល​ដាំ​។ ក្នុង​រយៈពេល​ដាំ​ដុះ​កសិករ​ត្រូវ​ប្រើ​ជីអ៊ុយរ៉េ​២​ដង និង​ជី​២០-២០-១៥ ១​ដង សម្រាប់​បំប៉ន​ដើម​ម្នាស់​ឲ្យ​លូតលាស់​ល្អ​។​

​កសិករ​ត្រូវ​សម្អាត​ស្មៅ​ឲ្យ​បាន​ស្អាត​ជាមុនសិន និង​ត្រូវដាក់​ជី ក្រោយ​ភ្លៀង​ធ្លាក់​សម្រាប់​រដូវវស្សា​។ នៅ​រដូវប្រាំង​កសិករ​ត្រូវយក​ជីអ៊ុយរ៉េ​ចំនួន​កន្លះ​គីឡូក្រាម លាយ​ទឹក​១​ធុង ចំណុះ​២០​លីត្រ សម្រាប់​កូន​ម្នាស់ ១០០​ដើម​។ ការ​ស្រោច​ជី​នេះ កសិករ​ត្រូវ​ស្រោច​តាម​គល់ ដោយ​កុំ​ឲ្យ​ទឹក​ជី​ចូលក្នុង​បណ្ដូល​ដើម​ម្នាស់​ឲ្យ​សោះ​។​

​បន្ថែម​ទៅទៀត ក្នុងដំណាក់កាល​ដាំ កសិករ​ត្រូវដាក់​ជី​ចំនួន​៣​លើក ដែល​លើក​ទី​១ ត្រូវដាក់​ជី​ក្នុង​រយៈពេល​១​ខែ​កន្លះ ក្រោយ​ដាំ ប្រើ​ជីអ៊ុយរ៉េ​១​គីឡូក្រាម សម្រាប់​កូន​ម្នាស់​២០០​ដើម ហើយ​លើក​ទី​២​ត្រូវដាក់​ជី​ក្នុង​រយៈពេល​២​ខែក្រោយ លើក​ទី​១ ប្រើ​ជីអ៊ុយរ៉េ ម្ដងទៀត ១​គីឡូក្រាម សម្រាប់​កូន​ម្នាស់​២០០​ដើម និង​លើក​ទី​៣ ពេល​ម្នាស់​ចាប់​ផ្ដើមចេញ​ផ្កា ប្រើ​ជី​២០-២០-១៥ ១​គីឡូក្រាម សម្រាប់​កូន​ម្នាស់​២០០​ដើម​។

​កសិករ​អាច​ប្រើ​ជី​ទឹកនោម ត្រាំ​ជាមួយ​លាមក​សត្វ និង​ដើម​កន្ទ្រាំ​ង​ខែត្រ ដោយ​ចាក់​ស្រោច​តាម​គល់​ជំនួស​ជីអ៊ុយរ៉េ​ក៏បាន​។ យើង​ប្រើ​ទឹក​ជី​១​ធុង​ចំណុះ​២០​លីត្រ សម្រាប់​ម្នាស់​១០០​ដើម​។ នៅពេល ដើម​ធំ​ល្អ​ដែលមាន​ស្លឹក​លើសពី​២០​ឡើងទៅ យក​ថ្ម​ស្អុយ​លេខ​១ ចំនួន​៣​ខាំ​លាយ​ជាមួយ​ទឹក​១ ធុង​ចំណុះ​២០​លីត្រ អាច​ចាក់​បាន​៣​រង ប្រវែង​២០​ម៉ែត្រ​។ ក្រោយ​ចាក់​ថ្ម​ស្អុយ​រយៈពេល ៤​ខែ​២០​ថ្ងៃ ទើប​ម្នាស់​ទុំ​អាច​កាច់​យក​លក់បាន​៕

(​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ពី​ឯកសារ​បទពិសោធជោគជ័យ ក្នុង​ការដាំ​ម្នាស់ របស់​កសិករ​គំរូ ដែល​រៀបចំ​ដោយ នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម និង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់ ខេត្តសៀមរាប​, ឆ្នាំ​២០១៣)

© រក្សាសិទ្ធិដោយ thmeythmey.com