ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អញ្ចាញ​ខើច​មិន​ពិបាក​ដោះស្រាយ​ឡើយ កុំ​រំលង​អត្ថបទ​នេះ​
23, Oct 2019 , 11:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនបើ​អញ្ចាញ​អ្នក​កំពុង​ខើច​នោះ​វា​អាចជា​សញ្ញា​មួយ​នៃ​ជំងឺ​អញ្ចាញធ្មេញ​ហើយ​! បញ្ហា​នេះ​អាច​កើតឡើង​កំឡុង​វ័យ​កុមារ ឬ​ពេល​វ័យ​ជំទង់ ហើយ​ស្ថានភាព​នឹង​ប្រែជា​អាក្រក់​ឡើងៗ​។ ប៉ុន្តែ​ជាធម្មតា​អ្នក​ដែល​ជួបប្រទះ​បញ្ហា​ខើច​អញ្ចាញ​ច្រើន​តែមាន​វ័យ​លើស ៤០ ឆ្នាំ​។ អាកា​រៈ​ខើច​អញ្ចាញ​ក៏​អាច​បណ្ដាលមកពី​មូលហេតុ​ច្រើនយ៉ាង​ផ្សេងទៀត​ដូចជា​អតុល្យភាព​នៃ​អ័រម៉ូន តំណពូជ ជំងឺ​អញ្ចាញធ្មេញ ការរក្សា​អនាម័យ​មាត់​ធ្មេញ​មិនបាន​ល្អ និង​ការ​ដុស​សម្អាត​ធ្មេញ​ខ្លាំងៗ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! បញ្ហា​អញ្ចាញធ្មេញ​ខើច​មិនចាំបាច់​ត្រូវតែ​ឱ្យ​អ្នក​ជួប​ព្យាបាល​ជាមួយ​ពេទ្យធ្មេញ​ឡើយ​។



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ដោះស្រាយ​បញ្ហា​ខើច​អញ្ចាញធ្មេញ ៖

១. តែ​បៃតង​

​តែ​បៃតង​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ទប់ស្កាត់​ជំងឺ​ជាច្រើន រួមបញ្ចូល​ទាំង​បញ្ហា​ខើច​អញ្ចាញ​។ តែ​បៃតង​អាចជួយ​កាត់បន្ថយ​ការ​រលាក​នៃ​អញ្ចាញ ក៏ដូចជា​កម្ចាត់​នូវ​ពពួក​បាក់តេរី​ក្នុង​មាត់​ដែល​បណ្ដាលឱ្យ​កើត​ជំងឺ​រលាក​អញ្ចាញ​ផងដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​បៃតង​រៀងរាល់​ព្រឹក​ដើម្បី​រក្សា​សុខភាព​ធ្មេញ និង​អញ្ចាញ​។​

២. អំបិល​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ ពែង​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរ​សម្អាត​មាត់​ជាមួយ​ទឹក​ល្បាយ​នេះ​សម្រាប់​រយៈពេល ៣០ វិនាទី​។ អនុវត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ​។​

៣. ប្រេងដូង​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺជា​ដំបូង​ដុស​សម្អាត​ធ្មេញ​ដូច​ពេល​ធម្មតា​ជាមុនសិន សឹម​ខ្ពុរមាត់​ជាមួយ​ប្រេងដូង​សុទ្ធ​។ អ្នក​ក៏​អាច​ប្រើប្រាស់​ប្រេងល្ង​ជំនួស​បានដែរ​។​

៤. អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣

​ក្រៅពី​ល្អ​សម្រាប់​សុខភាព​អញ្ចាញ​ហើយ​នោះ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក៏​ចាំបាច់​សម្រាប់​សុខភាព​ធ្មេញ​រឹងមាំ​ផងដែរ​។ ដូច្នេះ​ចូរ​ព្យាយាម​រួមបញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​

៥. ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ជ្រើសរើស​ប្រើប្រាស់​នូវ​ថ្នាំដុសធ្មេញ ឬ​ទឹក​ខ្ពុរមាត់​ណា​ដែលមាន​ផ្ទុក ឬ​ផ្សំ​ឡើង​ពី​ប្រទាល​កន្ទុយក្រពើ​។​

៦. វីតាមីន C

​កង្វះ​នៃ​វីតាមីន C អាច​នាំឱ្យ​កើត​បញ្ហា​អញ្ចាញ​ដូចជា ខើច​អញ្ចាញ ហូរឈាម​អញ្ចាញ និង​រលាក​។ ដូច្នេះ​អ្នក​គួរ​ព្យាយាម​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C រួមបញ្ចូល​ទាំង​បន្លែ​ផ្លែឈើ​ស្រស់ៗ​។​

​សម្គាល់​៖ កត្តា​មួយចំនួន​ដូចជា​តំណពូជ គឺ​មិនអាច​ទប់ស្កាត់ ឬ​គ្រប់គ្រង​បានទេ ប៉ុន្តែ​មិនមែន​មានន័យថា​អ្នក​មិនអាច​ទប់ស្កាត់​ពី​កត្តា​ផ្សេងទៀត​ដែល​បណ្ដាលឱ្យ​កើតមាន​បញ្ហា​ខើច​អញ្ចាញ​បានដែរ​! ការពារ គឺ​តែង​ប្រសើរ​ជាង​ព្យាបាល​។ កុំ​ដុសធ្មេញ​ខ្លាំងៗ​ពេក ត្រូវ​ដុស​ឱ្យស្រប​នឹង​ខ្សែ​អញ្ចាញ ហើយ​ជ្រើសរើស​ច្រាស​ដុសធ្មេញ​ប្រភេទ​ណា​ដែល​សមស្រប​មិនធំ ឬ​តូច​ពេក និង​គួរប្រើ​ខ្សែ​រ៉ូ​ត​សម្អាត​ចន្លោះ​ធ្មេញ​ជាប្រចាំ​ទើប​អាច​រក្សាបាន​នូវ​សុខភាព​មាត់​ធ្មេញ រួមទាំង​អញ្ចាញ​ល្អប្រសើរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com