ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពូកែ​ភ្លេច មិនសូវ​ចាំ​មែន​ទេ​? កុំ​រំលង​ភេសជ្ជៈ​ទាំងនេះ​
23, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ខួរក្បាល​ជា​សរីរាង្គ​សំខាន់​ណាស់​ក្នុង​រាងកាយ​ដែល​ផ្សារភ្ជាប់​សរសៃប្រសាទ​រា​ប់​លាន​ជាមួយ​រាងកាយ ហើយ​នៅពេល​អ្នក​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​ធម្មជាតិ​ត្រឹមត្រូវ​នោះ​អ្នក​អាច​បង្កើន​ការចងចាំ​របស់​ខ្លួនឯង​បាន​ប្រកបដោយ​ប្រសិទ្ធភាព​។ នៅពេលណា​ខួរក្បាល​ទទួលរង​សម្ពាធ ឬ​តានតឹង វា​នឹង​បញ្ចេញ​នូវ​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​រាងកាយ​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ព្យាយាម​ទទួលទាន​ភេសជ្ជៈ​ដែល​ជួយ​ជំរុញ​ថាមពល​ខួរក្បាល​ជាប្រចាំ​នោះ​អ្នក​អាច​កាត់បន្ថយ​សារ​ធាតុគីមី​គ្រោះថ្នាក់ និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ ថា​តើ​ភេសជ្ជៈ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?



​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភេទ​នៃ​ភេសជ្ជៈ​ដែល​ជួយ​បង្កើន​ថាមពល​ខួរក្បាល​ជម្រុញ​ការចងចាំ ៖

១. ទឹក​

​គ្រាន់តែ​ទទួលទាន​ទឹក​ធម្មតា ក៏​ជួយ​បង្កើន​ថាមពល​ខួរក្បាល ជំរុញ​ការចងចាំ និង​កម្ចាត់​ជាតិពុល​ផ្សេងៗ​ចេញពី​រាងកាយ​ផងដែរ​។ ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​ទឹក​ឲ្យ​បាន​ពី ៨ ទៅ ១០ កែវ ក្នុង​មួយថ្ងៃ​។​

២. ទឹក​ការ៉ុត​ស្រស់​

​នោះ​ក៏​ព្រោះតែ​ការ៉ុត​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​សារធាតុ beta carotene ដែល​ល្អ​សម្រាប់​រក្សា​សុខភាព​ខួរក្បាល​បង្កើន​ការចងចាំ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នេះ​ក៏​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​ខួរក្បាល​គួរឱ្យ​សម្គាល់​។​

៣. ទឹក​ផ្លែ​បឺ​រ​ក្រឡុក​

​ផ្លែ​បឺ​រ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព monosaturated fat ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ខួរក្បាល​។​

៤. កាហ្វេ

​ការ​ទទួលទាន​កាហ្វេ​ជាប្រចាំ​អាចជួយ​ឲ្យ​ចិត្ត​របស់​អ្នក​កាន់តែច្បាស់ និង​បង្កើន​មុខងារ​នៃ​ខួរក្បាល​។ នោះ​ក៏​ព្រោះ​កាហ្វេ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សមាសធាតុ​មួយចំនួនទៀត​ដូចជា កាហ្វេ​អ៊ី​ន ដែល​ល្អ​សម្រាប់​ភាព​សកម្ម​នៃ​ខួរក្បាល និង​ការផ្ដោត​អារម្មណ៍​។ ទោះជា​យ៉ាងណាក៏ដោយ អ្នក​មិនគួរ​ទទួលទាន​កាហ្វេ​លើសពី ២ ទៅ ៣ កែវ ក្នុង​មួយថ្ងៃ​ឡើយ​។​

៥. ទឹក​ប៉េងប៉ោះ​ស្រស់​

​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាពិសេស lycopene ដែល​ជួយ​ការពារ​កោសិកា​ខួរក្បាល​។​

៦. ទឹក​ផ្លែ​ទទឹម​ស្រស់​

​ការទទួល​ទាន​ទឹក​ផ្លែ​ទទឹម​ស្រស់​ជាប្រចាំ​ជួយ​សម្រួល​ចរន្តឈាម​ទៅកាន់​ខួរក្បាល​បាន​យ៉ាង​ប្រសើរ​។​នេះ​មានន័យថា​កោសិកា​ខួរក្បាល​នឹង​ទទួលបាន​សារធាតុចិញ្ចឹម ព្រមទាំង​អុកស៊ីសែន​គ្រប់គ្រាន់​ដើម្បី​ដំណើរ​មុខងារ​។​

៧. តែ​បៃតង​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ l-theanine ដែល​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​និង​បញ្ហា​គេង​មិន​លក់​ដែលជា​កត្តា​ចម្បង​នៃ​បញ្ហា​ខួរក្បាល ព្រមទាំង​ការចងចាំ​។​

៨. ទឹក​មើម​ឆៃថាវ​ក្រហម​

​មើម​ឆៃថាវ​ក្រហម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ដែល​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល​បង្កើន​ការចងចាំ​។ ការទទួល​ទាន​ទឹក​មើម​ឆៃថាវ​ក្រហម​ជាប្រចាំ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​លើស​សម្ពាធ​ឈាម​ផងដែរ​តាមរយៈ​សារធាតុ nitric oxide ដែល​វា​មាន​ផ្ទុក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com