អន្តរជាតិ
ក្រុម​អ្នកជំនាញ​សង្កត់ធ្ងន់​លើ​ការស្ដារ​ធម្មជាតិ​ដើម្បី​សង្គ្រោះ «​ដីសណ្ដ​ដែល​កំពុង​បាត់បង់​» នៅ​អាស៊ី​
23, Oct 2019 , 7:59 pm        
រូបភាព
រូបភាព​ឯកសារ៖ ទូក​ដឹក​អ្នក​ទេសចរណ៍​នៅ​តាម​ប្រឡាយ Amphawa នៅ​ក្នុង​ខេត្ត Samut Songkhram ប្រទេស​ថៃ។
រូបភាព​ឯកសារ៖ ទូក​ដឹក​អ្នក​ទេសចរណ៍​នៅ​តាម​ប្រឡាយ Amphawa នៅ​ក្នុង​ខេត្ត Samut Songkhram ប្រទេស​ថៃ។
ដោយ: VOA
​បាងកក ៖ ការស្រាវជ្រាវ​កាន់តែច្រើន​បន្ទោស​ការកើនឡើង​នីវ៉ូទឹក​សមុទ្រ ទៅលើ​ការឡើង​កម្ដៅ​ផែនដី ការធ្វើ​ទំនប់ទឹក ការ​បូម​ដីល្បាប់​ចេញពី​ទន្លេ​សំខាន់ៗ និង​ការបាក់​ស្រុត​និង​រួម​តូច​ក្នុង​ល្បឿន​លឿន​នូវ​ប្រព័ន្ធ​ដីសណ្ដ​សំខាន់ៗ​ចំនួន​៧​ក្នុង​ទ្វីបអាស៊ី ដែល​លាតសន្ធឹង​ពី​ទន្លេ Indus ក្នុងប្រទេស​ប៉ា​គី​ស្ថាន ទៅ​ទន្លេ Pearl ក្នុងប្រទេស​ចិន​។

 
​អ្នកជំនាញ​និយាយថា ការពង្រីក​ទីក្រុង​កំពុងតែ​ធ្វើ​ឲ្យ​សម្ពាធ​កាន់តែ​កើនឡើង ដោយសារ​ការ​បង្រួម​ដីសណ្ដ​និង​ការ​បូម​យក​ទឹក​ក្រោម​ដី​។ ដីសណ្ដ​ទាំង​៧​កន្លែង​នេះ​មាន​ទីក្រុង​ធំៗ​ចំនួន​១៤​ក្នុងចំណោម​ទីក្រុង​ធំៗ​ទាំង​៣៣​នៅ​ទូទាំង​ពិភពលោក ដោយ​រួមទាំង​ទីក្រុង​បាងកក​ផងដែរ​។ ផ្នែក​មួយចំនួន​នៃ​សណ្ដ​ទាំងនេះ​កំពុង​រួម​តូច​ប្រមាណ​ពីរ​សង់ទីម៉ែត្រ​ក្នុង​មួយឆ្នាំ​។​
 
​ក្រុម​អ្នកជំនាញ​ខាង​ទឹក​និង​អាកាសធាតុ​ទាំងនេះ​បាន​ជួបប្រជុំគ្នា​កាលពីពេល​ថ្មីៗ​នេះ​នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។​
 
​អ្នកជំនាញ​បាន​បន្ថែមទៀតថា ការបាត់បង់​ដីសណ្ដ​ទាំងនេះ​នឹងមិន​ត្រឹមតែ​ធ្វើ​ឲ្យ​បាត់បង់​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ចម្រុះ​បំផុត​នៅក្នុង​ពិភពលោក​នោះទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​ជីវិត​សត្វ​និង​រុក្ខជាតិ​នៅក្នុង​នោះរ​ត់ទៅ​តំបន់​ផ្សេង​ក្នុង​ចំនួន​ដ៏​ច្រើន បំផ្លិចបំផ្លាញ​ដល់​ដីស្រែ​ចម្ការ និង​បង្អាក់​ដល់​ដំណើរការ​របស់​មជ្ឈមណ្ឌល​ជំនួញ​ដ៏​មមាញឹក​បំផុត​មួយចំនួន​នៅក្នុង​ទ្វីបអាស៊ី​ផងដែរ​។​
 
​ដីសណ្ដ​ទន្លេ Pearl ដែល​ហូរ​ចាក់​ទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង កាត់​ទីក្រុង ហុង កុង ត្រូវបាន​គេ​ដាក់ឈ្មោះ​ឲ្យ​ថា​ជា «​បណ្ដុំ​រោងចក្រ​ពិភពលោក​» ដោយសារតែ​នៅ​ទីនោះ មាន​រោងចក្រ​មមាញឹក​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក្រុម​អ្នក​ព្យាករណ៍​ទស្សន៍ទាយ​ថា នៅក្នុង​ប្រទេស វៀតណាម មនុស្ស​ចំនួន​មួយ​លាន​នាក់​នឹងត្រូវ​ចាក​ចេញពី​ដីសណ្ដ​ទន្លេមេគង្គ ដែលជា​ចានបាយ​នៃ​ប្រទេស​នេះ ត្រឹម​ឆ្នាំ​២០៥០​។​
 
​លោកស្រី Kavita Prakash-Mani នាយិកា​អភិរក្ស​សកលលោក​នៃ​អង្គការ World Wide Fund for Nature ហៅ​កាត់​ថា WWF បាន​មានប្រសាសន៍ថា​៖ «​តំបន់​ទាំងនេះ​គឺជា​កន្លែង​ដែល​ងាយ​រងគ្រោះ​បំផុត​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ និង​ការប្រែប្រួល​ទៅលើ​ប្រព័ន្ធ​ទន្លេ​នេះ ប៉ុន្តែ​កន្លែង​ទាំងនេះ​ក៏​ជាទី​តាំង​ដែល​ពលរដ្ឋ​ជាច្រើន​រស់នៅ​ផងដែរ​។ តំបន់​ទាំងនេះ​ក៏​ជា​តំបន់​ផ្ដល់​ស្បៀងអាហារ​ដល់​ពិភពលោក ដែល​ចិញ្ចឹមជីវិត​មនុស្ស​ជាច្រើន​រាប់មិនអស់​នៅតាម​បណ្ដា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​តំបន់​ទាំងនេះ​ផងដែរ​»​។​
 
​លោកស្រី​បាន​បន្ថែមទៀតថា​៖ «​ដូច្នេះ​ខណៈពេលដែល​យើង​មានការ​ព្រួយបារម្ភ​អំពី​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នៅ​ទូទាំង​ពិភពលោក យើង​ពិតជា​ត្រូវការ​ការផ្ដោត​ជាពិសេស​ទៅលើ​ប្រព័ន្ធ​ដីសណ្ដ​របស់​យើង និង​តំបន់ដីសើម ក៏ដូចជា​ប្រព័ន្ធ​អេកូឡូស៊ី​ដទៃទៀត​ផងដែរ​»​។​
 
​អង្គការ WWF បានរៀបចំ​វេទិកា​រយៈពេល​បី​ថ្ងៃមួយ​នៅ​ទីក្រុង បាងកក ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃ​ពុធ ទី​១៦ ខែតុលា ដើម្បី​ជួយ​ដល់​អ្នកស្រាវជ្រាវ​និង​អ្នកបង្កើត​គោលនយោបាយ​មកពី​ទូទាំង​ទ្វីបអាស៊ី​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ រៀន​ពីគ្នា​ទៅវិញទៅមក និង​គិតពី​វិធីសាស្ត្រ​ថ្មី​ដែល​ល្អ​ជាង​មុន ដើម្បី​សង្គ្រោះ​ដល់​ដីសណ្ដ​ទាំងនេះ​។​
 
​អង្គការ​ការពារ​បរិ​ស្ថាន​និង​អង្គការ​ដទៃទៀត​កំពុងតែ​ជំរុញ​ឲ្យ​គំនិត​ក្នុងការ «​បង្កើត​ធម្មជាតិ​» ដែល​ធម្មជាតិ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដោះស្រាយ​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ ដូចជា​ការដាំ​ព្រៃកោងកាង​ដើម្បី​ការពារ​សហគមន៍​តំបន់ឆ្នេរ​ពី​គ្រោះទឹកជំនន់ និង​ការអភិវឌ្ឍ​ដែល​ស្រប​ជាមួយនឹង​ស្ថានភាព​ធម្មជាតិ​នៅក្នុង​ពិភពលោក​នេះ​ជាដើម​។​
 
​លោកស្រី Prakash-Mani បាន​ថ្លែងថា​៖ «​ដូច្នេះ​វា​មិនមែន​គ្រាន់តែ​ជាការ​សាងសង់​ជញ្ជាំង​ខ្ពស់​ដើម្បី​កុំ​ឲ្យ​ទឹក​ចូល​ប៉ុណ្ណោះ​ទេ​។ វា​គឺជា​ការស្ដារ​ឡើងវិញ​នូវ​តំបន់ដីសើម ព្រៃកោងកាង និង​ទន្លេ ដើម្បី​ឲ្យ​ទឹក​ហូរ ដែល​អាច​បង្កើតជា​ដីសណ្ដ​ដែល​យើង​ចង់បាន​។ វា​ក៏​ជួយ​បង្កើត​នូវ​ភាពរឹងមាំ​ដែល​កើតចេញពី​សកម្មភាព​ទាំងនេះ​និង​ផ្ដល់​ការការពារ​ដល់​យើង​មិន​ឲ្យ​កម្រិត​ទឹកសមុទ្រ​កើនឡើង​ផងដែរ​។ នេះ​គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​មួយ​របស់​យើង​ក្នុងចំណោម​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​នានា​»​។​
 
​លោក Anamitra Anurag Danda អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ទៅលើ​ការប្រែប្រួល​អាកាសធាតុ​នៃ​មូលនិធិ Observer Research របស់​ឥណ្ឌា​បាន​ថ្លែងថា ការការពារ​តំបន់​ដីសណ្ដ​មិនមែន​គ្រាន់តែ​មានន័យថា​សម្រប​ខ្លួន​ទៅតាម​កម្រិត​ទឹកសមុទ្រ​ដែល​កើនឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ត្រូវ​ថែទាំ​ទន្លេ​ដែលជា​ប្រភព​របស់​ដីសណ្ដ​ទាំងនោះ​ផងដែរ​។​
 
​លោក Anurag Danda បាន​ថ្លែងថា ទន្លេ​និង​ដៃទន្លេ​នៃ​ដីសណ្ដ Ganges របស់​ប្រទេស​ឥណ្ឌា ដែលជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ដីសណ្ដ​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក «​ត្រូវបាន​ទប់ទឹក​មិន​ឲ្យ​ហូរ ធ្វើ​ឲ្យ​ដីល្បាប់​ដែល​ត្រូវ​បង្កើតជា​ដីសណ្ដ​មិនអាច​ហូរ​ទៅលើ​ដីសណ្ដ​បាន​»​។​
 
​ចន្លោះ​ដីសណ្ដ Ganges និង​ទីក្រុង Kolkata ដែល​ត្រូវការ​ទឹក​យ៉ាងច្រើន ត្រូវបាន​ប្រជាពលរដ្ឋ​បូម​យក​ទឹក​រាប់រយ​លាន​លីត្រ​ជា​រៀងរាល់ថ្ងៃ​។ ដីសណ្ដ​នេះ​បាន​បាត់បង់​ដី​អស់​ចំនួន​១៦៣០០​ហិកតា​ក្នុង​រយៈពេល​៤០​ឆ្នាំ​គិត​ត្រឹម​ឆ្នាំ​២០០៩​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក Anurag Danda ដែល​ក៏​ជាទី​ប្រឹក្សា​មួយរូប​ដ៏​អង្គការ WWF ផងដែរ​។​
 
​លោក​បាន​ថ្លែងថា ការបាក់​ស្រុត​និង​ការរួម​តូច​នៃ​ដីសណ្ដ​នេះ​គឺជា​រឿង​ដែល​ចៀស​មិន​ផុត​នោះទេ ហើយ​វា​មានន័យថា ត្រូវ​ទុកពេល​ឲ្យ​តំបន់​ទាំងនោះ​ស្ដារ​គុណភាព​របស់ខ្លួន​ឡើងវិញ​។​
 
​ប៉ុន្តែ​មិនមែន​គ្រប់​តំបន់​ទាំងអស់​អាច​ធ្វើដូច្នេះបាន​នោះទេ​។​
 
​លោក Stuart Orr អ្នកជំនាញ​ខាង​ទឹកស្អាត​នៃ​អង្គការ WWF បាន​និយាយថា «​វា​មិនមែន​គ្រាន់តែ​ស្ដារ​ធម្មជាតិ​ឡើងវិញ​ប៉ុណ្ណោះ​ទេ​។ ពិតណាស់ យើង​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ដទៃទៀត​ផងដែរ​។ ប៉ុន្តែ​យើង​ត្រូវតែ​គិត​ឲ្យ​កាន់តែ​ឆ្លាត​វៃ​ជាង​មុន​អំពី​វិធី​ដែល​យើង​កែប្រែ​ប្រព័ន្ធ​ទន្លេ​របស់​យើង​និង​ប្រព័ន្ធ​ដីសណ្ដ​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​វិទ្យាសាស្ត្រ​ថ្មី​ជួយ​យើង​ធ្វើការ​សម្រេចចិត្ត​និង​ការវិនិយោគ​នានា​»​។​
 
​លោកស្រី Tiziana Bonapace នៃ​គណៈកម្មាធិការ​សេដ្ឋកិច្ច​របស់​អង្គការសហប្រជាជាតិ​សម្រាប់​អាស៊ី​និង​ប៉ាស៊ីហ្វិក បាន​មានប្រសាសន៍ថា​៖ «​ប្រព័ន្ធ​ព្រមាន​ជាមុន​និង​ដំណោះស្រាយ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​ដទៃទៀត​អាចជួយ​ផ្លាស់ប្ដូរ​ស្ថានភាព​នេះ ក្នុង​ការជួយ​ដល់​មនុស្ស​រាប់លាន​នាក់​ដែល​ហៅ​តំបន់​ដីសណ្ដ​នេះ​ថា​ជា​ផ្ទះ ឲ្យ​អាច​បន្ដ​រស់នៅ​តំបន់​នេះ​ប្រកបដោយ​សុវត្ថិភាព​បាន​»​។ 
 
​លោកស្រី​និយាយថា ការិយាល័យ​របស់លោក​ស្រី​ឥឡូវនេះ​កំពុងតែធ្វើការ​នៅតាម​បណ្ដា​ប្រទេស​នៅ​អាស៊ី​ចំនួន​១៥ ដើម្បី​លើកកម្ពស់​ការព្យាករណ៍​អំពី​ទឹកជំនន់​នៃ​ប្រព័ន្ធ​ដីសណ្ដ​Ganges-Brahmaputra-Meghna ដែល​បាន​បង្កើន​ការយកចិត្តទុកដាក់​អំ​ពី​តម្រូវការ​នៃ​ការសហការ​គ្នា​រវាង​ប្រទេស​នីមួយៗ​។​
 
​លោក Seri Suptharathit នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​ការប្រែប្រួល​អាកាសធាតុ​និង​គ្រោះមហន្ដរាយ​នៃ​សាកលវិទ្យាល័យ Rangsit ប្រទេស​ថៃ បាន​និយាយថា រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទាំងនោះ​ក៏ត្រូវ​ខិតខំ​ធ្វើការ​ឲ្យ​ខ្លាំងក្លា​ជាង​មុន​ក្នុង​ការគិត​អំពី​បញ្ហា​នេះ​និង​ដំណោះស្រាយ​របស់​វា ជាពិសេស​គិតដល់​កូនចៅ​ជំនាន់​ក្រោយ មិនមែន​គិត​ត្រឹមតែ​ក្នុង​អាណត្តិ​បោះឆ្នោត​របស់ខ្លួន​នោះទេ​។ 
 
​លោក​បាន​ថ្លែង​បន្ថែមទៀតថា​៖ «​នយោបាយ​គិត​ត្រឹមតែ​៤​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​បញ្ហា​នេះ​គឺ​ត្រូវ​គិតដល់​រាប់សិប​ឆ្នាំ​ទៅមុខទៀត​។ តើ​យើង​ត្រូវ​ឲ្យ​ពួកគេ​គិតដល់​អនាគត​ដោយ​របៀប​ណា​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​?»
 
​លោក Seri បាន​យក​ការពិត​មក​និយាយ​បែប​កំប្លែង​ថា​៖ «​ប្រសិនបើ​ពួកគេ​បរាជ័យ​ក្នុង​ដោះស្រាយ​បញ្ហា​នេះ នោះ​ភ្ញៀវ​ដែល​មក​ចូលរួម​ក្នុង​វេទិកា​ស្ដីពី​ការបាក់​ស្រុត​និង​ការរួម​តូច​ដីសណ្ដ​នៅ​ទ្វីបអាស៊ី ដែល​ប្រារព្ធ​ឡើង​ក្នុង​ទីក្រុង​បាងកក​នេះ ក្នុង​រយៈពេល​៣០​ឬ​៤០​ឆ្នាំ​ខាងមុខ ប្រហែលជា​ត្រូវធ្វើ​ដំណើរ​មក​ដោយ​ជិះទូក​ហើយ​»៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com