កីឡាជាតិ
ជាតិ
សៀង ចន្ធា, វុធ តុលា, ធី លៀង ដែលសាងប្រវត្តិសាស្ត្រឲ្យកម្ពុជា ស្ថិតក្នុងបញ្ជីឈ្មោះ U19 កីឡាករ វុធ តុលា, ធី លៀង និង សៀង ចន្ធា (រាប់ពីឆ្វេងទៅស្តាំ)
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បង្ហាញបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំទាំង២៤រូប ដើម្បីត្រៀមការប្រកួតវគ្គជម្រុះ AFC U19 Championship 2020 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២-៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ កម្ពុជាស្ថិតក្នុងពូល G ជាមួយថៃ ម៉ាឡេស៊ី ព្រុយណេ និង Northern Mariana Islands។
ក្នុងចំណោមកីឡាករទាំងនេះ ក៏មានវត្តមានខ្សែប្រយុទ្ធ សៀង ចន្ធា, វុធ តុលា និង ធី ហៀង ដែលបានរួមចំណែកជួយកម្ពុជាសាងប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍ AFF U18 Championship នៅវៀតណាមកាលពីពេលថ្មីៗ។ ក្រៅពីនេះ ក៏មានសមាជិក U18 ចំនួន១៥រូបផ្សេងទៀតផងដែរ។
សម្រាប់ការប្រកួត AFF U18 កម្ពុជាបានបង្កើតភាពភ្ញាក់ផ្អើលដល់បណ្តាប្រទេសក្នុងតំបន់អាស៊ាន តាមរយៈយកឈ្នះថៃក្នុងលទ្ធផល ៤-៣ ដែលរួមចំណែកពីរគ្រាប់ពី សៀង ចន្ធា និងមួយគ្រាប់ពី វុធ តុលា និងមួយគ្រាប់ទៀតគឺការធ្វើចូលទីខ្លួនឯងរបស់កីឡាករថៃ។ បន្ទាប់មកកម្ពុជាបានបន្តយកឈ្នះម្ចាស់ផ្ទះវៀតណាម ២-១ ដែលគ្រាប់បាល់នេះរួមចំណែកម្នាក់មួយគ្រាប់ពីខ្សែប្រយុទ្ធ សៀង ចន្ធា និង ធី ហៀង។
តាមរយៈលទ្ធផលនេះរួមផ្សំជាមួយភាពមានប្រៀបក្នុងនាមម្ចាស់ផ្ទះ ធ្វើឲ្យក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៩ឆ្នាំកម្ពុជាមានរំពឹងខ្ពស់ថា កម្ពុជានឹងទទួលបានកៅអីឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍ AFC U19 Championship។ ដ្បិតកម្ពុជាស្ថិតក្នុងពូល G ជាមួយថៃ ម៉ាឡេស៊ី ព្រុយណេ និង Northern Mariana Islands។
កីឡាករ U19 ទាំង២៤រូបរួមមានកីឡាករ ជា សុខម៉េង, ជូ ស៊ីនទី, ជុង មករា, អ៊ាន ពិសី, កយ សាលីម, រី លាភផេង, ធី លៀង, សៀង ចន្ធា, ថា ច័ន្ទឬទ្ធី, ទួត សារ៉ូត, អាត អូនតូច, ញឹម លីហួរ, ស រតនា, ចាន់ សារ៉ាពេជ្រ, គី រីណា, វុធ តុលា, មិន រតនៈ, សឿត ណាវ៉ា, លី ម៉ាឯល, ចាន់ សុភា, កែវ ឧត្តម, មិត សាម៉ើយ, ផន អយ និង លឹម ពិសុទ្ធ៕
Tag:
AFC U19 Championship
សៀង ចន្ធា
វុធ តុលា
ធី លៀង
© រក្សាសិទ្ធិដោយ thmeythmey.com