Paris Saint-Germain Tottenham Hotspur និង Manchester City សុទ្ធតែរកបានជ័យជម្នះជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទី៥គ្រាប់រៀងខ្លួន នាការប្រកួតពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុ នៅរាត្រីថ្ងៃទី២២ ខែតុលា។ Real Madrid ស្គាល់ជ័យជម្នះលើកដំបូងក្នុងការប្រកួត៣លើក តាមរយៈការយកឈ្នះ Galatasaray ១-០។
PSG បានយកឈ្នះ Club Brugge ៥-០ ក្នុងជំនួបពូល A ដោយក្នុងនោះខ្សែប្រយុទ្ធ Kylian Mbappe រកបាន៣គ្រាប់ម្នាក់ឯង (hat-trick) និងខ្សែប្រយុទ្ធចំណូលថ្មី Mauro Icardi សម្រេចបាន២គ្រាប់។ នេះជាជ័យជម្នះលើកទី៣ របស់ក្រុមយក្សបារាំង ដោយទទួលបាន៩ពិន្ទុពេញដើម្បីរក្សាកំពូលតារាងពូល A ដដែល។
Club Brugge ដែលមាន២ពិន្ទុដដែលបានធ្លាក់ទៅលេខរៀងទី៣វិញ បន្ទាប់ពី Real Madrid ហក់ទៅលេខ២ តាមរយៈការយកឈ្នះ Galatasaray ១-០ និងជាជ័យជម្នះលើកដំបូងរបស់ខ្លួន។ ក្រុមរហស្សនាមស្តេចសរកបាន៤ពិន្ទុពីការប្រកួត៣លើក ខណៈដែល Galatasaray នៅបាតតារាងមាន១ពិន្ទុ។
សម្រាប់ពូល B វិញ Tottenham Hotspur ក៏ទើបស្គាល់ឈ្នះជាលើកដំបូងផងដែរចំណោមការប្រកួត៣លើកចុងក្រោយ។ ជ័យជម្នះលើកដំបូងតែ Spurs រកបានដល់ទៅ៥គ្រាប់ និងបិទមិនឲ្យគូប្រជែង FK Crvena Zvezda ស៊ុតទីខ្លួនឡើយ។
៥គ្រាប់របស់ក្រុមមាន់ខ្នាយមាសធ្វើបានដោយ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ២គ្រាប់ ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung-Min Son ២គ្រាប់ និងខ្សែបម្រើអាហ្សង់ទីន Erik Lamela ១គ្រាប់។ Spurs រកបាន៤ពិន្ទុ ឈរនៅលេខរៀងទី២ ហើយ FK Crvena Zvezda នៅលេខ៥ មាន៣ពិន្ទុ។
Bayern Munich នៅរក្សាចំណាត់ថ្នាក់កំពូលតារាងពូល B ដដែលដោយរកបាន៩ពិន្ទុពេញ ក្រោយបន្តជ័យជម្នះរបស់ខ្លួនលើក្រុម Olympiacos ក្នុងលទ្ធផល ៣-២ នាការប្រកួតលើកទី៣។ Olympiacos រកបានតែមួយពិន្ទុប៉ុណ្ណោះ ស្ថិតនៅបាតតារាងពូល B ដោយរកបានតែ១ពិន្ទុ។
ឆ្លងកាត់ការប្រកួត៣លើក Man City រកបាន៩ពិន្ទុពេញ ឈរកំពូលតារាងពូល C តាមពីក្រោយដោយ Shakhtar Donetsk មាន៤ពិន្ទុ និង Dinamo Zagreb មាន៤ពិន្ទុដូចគ្នា ពោលគឺក្រោយក្រុមទាំងពីរនេះប្រកួតស្មើគ្នា ២-២ រួចមក។ Atalanta នៅបាតតារាងគ្មានពិន្ទុរាប់នៅឡើយ។
ខាងក្រោមជាលទ្ធផលការប្រកួតទាំង៨គូនៅ Champions Leageu នៅយប់ថ្ងៃទី២២ ខែតុលាឆ្នាំ២០១៩៖