កំណាព្យ
ជាតិ
× បទ ផ្កាឈូករីក
-សន្តិភាព ថ្លៃជាងពេជ្រ មហាថ្លៃ
សន្តិភាព បានសព្វថ្ងៃ ដោយលំបាក
សន្តិភាព នាំជាតិខ្មែរ ផុតតោកយ៉ាក
សន្តិភាព នាំយើងចាក ផុតភិតភ័យ។
-ខ្មែរបានរស់ ក្រោយបែកបាក់ ធ្លាក់ដុនដាប
ខ្មែរបានរស់ ក្រោយក្រិសក្រាប គ្រោះរីងរៃ
ខ្មែរបានរស់ ខ្ពស់មុខមាត់ មិនបំភ្លៃ
ខ្មែរបានរស់ គួរលកលៃ លើកតម្កើង។
-ទុកគំនុំ ផ្គំគំនិត គិតជួយជាតិ
ទុកគំនុំ កុំរកស្នៀត បៀតបំប៉ើង
ទុកគំនុំ ខ្មែរក្រៅក្នុង ស្រុងស្រុះឡើង
ទុកគំនុំ គំរើសអើង ព្រោះខុសបក្ស។
-ពេលបាត់ជាតិ ញាតិបែកបាក់ បក្សក៏អត់
ពេលបាត់ជាតិ ច្បាស់កំសត់ ដួលដេកដាក់
ពេលបាត់ជាតិ ខ្មែរបាត់ឈ្មោះ នោះគ្រោះថ្នាក់
ពេលបាត់ជាតិ អ្នកធ្លាប់ចាក់ ជាក់លែងជួប៕
© រក្សាសិទ្ធិដោយ thmeythmey.com