អន្តរជាតិ
ថៃ​៖ ផ្សែង​អ័ព្ទ​នៅ​ទីក្រុង​បាងកក​ត្រលប់​ទៅរក​កម្រិត​គ្រោះថ្នាក់​ជាថ្មី​ម្តងទៀត​
23, Oct 2019 , 2:24 pm        
រូបភាព
ទិដ្ឋភាពទីក្រុងបាងកកដែលពេញដោយអ័ព្ទកាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ។ រូបភាព AFP
ទិដ្ឋភាពទីក្រុងបាងកកដែលពេញដោយអ័ព្ទកាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ។ រូបភាព AFP
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​កម្រិត​ផ្សែង​បំពុល បាន​ឈានដល់​ដំណាក់កាល​គ្រោះថ្នាក់​ជាថ្មី​ម្ដងទៀត​នៅក្នុង​ស្រុក​មួយចំនួន​នៃ​រាជធានី​បាងកក និង​ស្រុក​មួយចំនួនទៀត​ក្នុង​ខេត្ត​ក្បែរ​ចំនួន​ពីរ​នៅ​ថ្ងៃទី​២២ តុលា​។​



​អគ្គនាយក​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​ការបំពុល លោក Pralong Damrongthai បាន​និយាយថា​កម្រិត​នៃ​សារធាតុបំពុល​ដែលមាន​ទំហំ ២,៥​មី​លី​ម៉ែត្រ ឬ​មាន​អង្កត់ផ្ចិត​តូច​ជាង​នេះ បាន​កើនឡើង​ចន្លោះ​ពី ៣២-៨៤ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប​នៃ​ខ្យល់​នៅ​ទីក្រុង​បាងកក​ចាប់ពី​ថ្ងៃទី​២១ ដល់​ព្រឹក​ថ្ងៃទី​២២ ខែតុលា​។ បរិមាណ​នេះ គឺ​ហួស​កម្រិត​សុវត្ថិភាព ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋាភិបាល​នៅត្រឹម​៥០​មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត​គូប​។​

​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ នាយកដ្ឋាន​ឧតុនិយម​ថៃ​បញ្ជាក់ថា ស្ថានភាព​អាកាសធាតុ​នេះ អាច​បណ្តាលឱ្យមាន​ផ្សែង​អ័ព្ទ​យ៉ាងខ្លាំង​ជាពិសេស​នៅពេល​ព្រឹក​។ ប៉ុន្តែ​ស្ថានភាព​ផ្សែង​អ័ព្ទ​ត្រូវបាន​គេ​រំពឹងថា នឹង​ប្រែជា​ល្អប្រសើរ​វិញ​នៅ​សប្តាហ៍​ក្រោយ ពេល​មាន​អាកាសធាតុ​ត្រជាក់​ចាប់ផ្តើម​។

​ក្រសួងសុខាភិបាល​ថៃ ក៏​បានចេញ​សេចក្ដី​ព្រមាន​ប្រជាជន​ដែល​ងាយ​នឹង​ទទួលរង​គ្រោះថ្នាក់​ឲ្យ​ការពារ​ខ្លួន ដើម្បី​ចៀសវាង​ការប៉ះពាល់​នឹង​ធូលី​ដោយផ្ទាល់​។​ក្រសួងសុខាភិបាល ក៏បាន​សង្កត់ធ្ងន់​ទៅលើ​កុមារ​តូចៗ ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ចាស់ និង​អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ ឲ្យ​ចៀសវាង​ការចំណាយ​ពេលចេញ​ទៅ​ក្រៅ​ផ្ទះ​យូរ​ក្នុងអំឡុងពេល​មាន​អ័ព្ទ​នេះ​ផងដែរ​។ ក្នុងករណី​ទៅខាង​ក្រៅ​រយៈពេល​យូរ ក្រសួង​បានផ្តល់​ដំបូន្មាន​ឲ្យ​ប្រើ​ម៉ាស់​ដើម្បី​ការពារ​។​

​លើសពីនោះ អាជ្ញាធរ​ថៃ ក៏បាន​ណែនាំ​ឲ្យ​ប្រជាជន​ទាំងអស់​ចៀសវាង​ការដុត​សមាសធាតុ​សរីរាង្គ​ផ្សេងៗ​ដែល​បង្ក​ជា​ផ្សែង​នៅ​ខាងក្រៅ រួមទាំង​ផ្សែង​យានយន្ត​ផងដែរ​។ ប្រជាជន​ថៃ ក៏ត្រូវ​បាន​ណែនាំ​ឲ្យ​ផ្លាស់ប្តូរ​ទៅប្រើ​ប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ដើម្បី​កាត់បន្ថយ​ផ្សែង​បំពុល​ផងដែរ​។​

​ជាមួយគ្នានេះដែរ សហគ្រាស​ឧស្សាហកម្ម​នានា ត្រូវបាន​ស្នើសុំ​ឲ្យ​មានការ​សហការ​ក្នុង​រក្សា​កម្រិត​សារធាតុបំពុល​ដែល​ចេញពី​សហគ្រាស​ពួកគេ​ឲ្យ​តិច​បំផុត​តាម​ដែល​អាច​ធ្វើបាន​ក្នុងអំឡុង​ពេលនេះ​។ ចំណែកឯ​មន្ត្រី​ប៉ូលិសចរាច​រណ៍ និង​ដឹកជញ្ជូន​តាមផ្លូវ​គោក​ថៃ​វិញ ក៏​កំពុង​ព្យាយាម​រក្សា​សណ្តាប់ធ្នាប់​យានយន្ត​ដែល​បញ្ចេញ​ផ្សែងខ្មៅ​នៅលើ​ដងផ្លូវ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com