អន្តរជាតិ
ថៃ៖ ផ្សែងអ័ព្ទនៅទីក្រុងបាងកកត្រលប់ទៅរកកម្រិតគ្រោះថ្នាក់ជាថ្មីម្តងទៀត ទិដ្ឋភាពទីក្រុងបាងកកដែលពេញដោយអ័ព្ទកាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ។ រូបភាព AFP
×
ដោយ៖ ឈួន ឈីវអ៊ីង
កម្រិតផ្សែងបំពុល បានឈានដល់ដំណាក់កាលគ្រោះថ្នាក់ជាថ្មីម្ដងទៀតនៅក្នុងស្រុកមួយចំនួននៃរាជធានីបាងកក និងស្រុកមួយចំនួនទៀតក្នុងខេត្តក្បែរចំនួនពីរនៅថ្ងៃទី២២ តុលា។
អគ្គនាយកនៃនាយកដ្ឋានត្រួតពិនិត្យការបំពុល លោក Pralong Damrongthai បាននិយាយថាកម្រិតនៃសារធាតុបំពុលដែលមានទំហំ ២,៥មីលីម៉ែត្រ ឬមានអង្កត់ផ្ចិតតូចជាងនេះ បានកើនឡើងចន្លោះពី ៣២-៨៤ មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់នៅទីក្រុងបាងកកចាប់ពីថ្ងៃទី២១ ដល់ព្រឹកថ្ងៃទី២២ ខែតុលា។ បរិមាណនេះ គឺហួសកម្រិតសុវត្ថិភាព ដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលនៅត្រឹម៥០មីក្រូក្រាមក្នុងមួយម៉ែតគូប។
បើតាមកាសែតបាងកកប៉ុស្តិ៍ នាយកដ្ឋានឧតុនិយមថៃបញ្ជាក់ថា ស្ថានភាពអាកាសធាតុនេះ អាចបណ្តាលឱ្យមានផ្សែងអ័ព្ទយ៉ាងខ្លាំងជាពិសេសនៅពេលព្រឹក។ ប៉ុន្តែស្ថានភាពផ្សែងអ័ព្ទត្រូវបានគេរំពឹងថា នឹងប្រែជាល្អប្រសើរវិញនៅសប្តាហ៍ក្រោយ ពេលមានអាកាសធាតុត្រជាក់ចាប់ផ្តើម។
ក្រសួងសុខាភិបាលថៃ ក៏បានចេញសេចក្ដីព្រមានប្រជាជនដែលងាយនឹងទទួលរងគ្រោះថ្នាក់ឲ្យការពារខ្លួន ដើម្បីចៀសវាងការប៉ះពាល់នឹងធូលីដោយផ្ទាល់។ក្រសួងសុខាភិបាល ក៏បានសង្កត់ធ្ងន់ទៅលើកុមារតូចៗ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃផ្សេងៗ ឲ្យចៀសវាងការចំណាយពេលចេញទៅក្រៅផ្ទះយូរក្នុងអំឡុងពេលមានអ័ព្ទនេះផងដែរ។ ក្នុងករណីទៅខាងក្រៅរយៈពេលយូរ ក្រសួងបានផ្តល់ដំបូន្មានឲ្យប្រើម៉ាស់ដើម្បីការពារ។
លើសពីនោះ អាជ្ញាធរថៃ ក៏បានណែនាំឲ្យប្រជាជនទាំងអស់ចៀសវាងការដុតសមាសធាតុសរីរាង្គផ្សេងៗដែលបង្កជាផ្សែងនៅខាងក្រៅ រួមទាំងផ្សែងយានយន្តផងដែរ។ ប្រជាជនថៃ ក៏ត្រូវបានណែនាំឲ្យផ្លាស់ប្តូរទៅប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈដើម្បីកាត់បន្ថយផ្សែងបំពុលផងដែរ។
ជាមួយគ្នានេះដែរ សហគ្រាសឧស្សាហកម្មនានា ត្រូវបានស្នើសុំឲ្យមានការសហការក្នុងរក្សាកម្រិតសារធាតុបំពុលដែលចេញពីសហគ្រាសពួកគេឲ្យតិចបំផុតតាមដែលអាចធ្វើបានក្នុងអំឡុងពេលនេះ។ ចំណែកឯមន្ត្រីប៉ូលិសចរាចរណ៍ និងដឹកជញ្ជូនតាមផ្លូវគោកថៃវិញ ក៏កំពុងព្យាយាមរក្សាសណ្តាប់ធ្នាប់យានយន្តដែលបញ្ចេញផ្សែងខ្មៅនៅលើដងផ្លូវផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com