ជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍​ស្នើ​ឲ្យ​សិក្សា​រៀបចំ​កម្មវិធី​សិល្បៈ​នានា​ពេល​រាត្រី​នៅ​តំបន់​អង្គរ​
23, Oct 2019 , 3:02 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
​ការរៀបចំ​កម្មវិធី​សិល្បៈ​នានា​ពេល​រាត្រី​នៅ​តំបន់​អង្គរ​គឺជា​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានស្នើ​ទៅ​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យ​យកចិត្តទុកដាក់​លើ​ចំណុច​នេះ ក្នុងចំណោម​ចំណុច​សំខាន់​ផ្សេងៗ​ទៀត​។​



​ជំនួប​ពិភាក្សា​រវាង​លោក ថោង ខុន ជាមួយ​លោក សុខ សង្វារ អគ្គនាយករង​អប្សរា និង​ភាគី​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​២១ ខែតុលា នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ បាន​ផ្តោតលើ​ឯកសារ​សំខាន់ៗ​ស្តីពី​ការវិភាគ​ស្ថានភាព​ទេសចរណ៍ លទ្ធផល​កិច្ចពិភាក្សា និង​ការវាយតម្លៃ​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៅ​សៀមរាប​អង្គរ ការដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​ទិសដៅ​អនុវត្ត​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​នាពេលនោះ លោក ថោង ខុន បានស្នើ​ឲ្យ​អាជ្ញាធរ​អប្សរា យកចិត្តទុកដាក់​លើ​ការសិក្សា​រៀបចំ​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍ កម្មវិធី ឬ​ការសំដែង​សិល្បៈ​នានា​នៅពេល​រាត្រី​នៅ​តំបន់​អង្គរ រួមទាំង​ការងារ​សំខាន់​ផ្សេងទៀត​ដូចជា ការជួសជុល និង​ស្ថាបនា​ផ្លូវ ការគ្រប់គ្រង​លំហូរ​ទេសចរ ការរៀបចំ​សហការ​ឲ្យ​មាន​មាន​ម​គ្គុ​ទ្ទេស​ក៏​និយាយ​ភាសា​ខ្មែរ​បន្ថែមទៀត​។​

​ក្រៅពីនេះ រដ្ឋមន្ត្រី​ទេសចរណ៍ បាន​ជំរុញ​ឲ្យ​មាន​ការបើក​វគ្គ​វិក្រឹត្យការ​ម​គ្គុ​ទ្ទេស​ក៏​ទេសចរណ៍​នៅ​តំបន់​សៀមរាប​អង្គរ ការគ្រប់គ្រង​អ្នកលក់ដូរ​នៅតាម​ប្រាសាទ និង​ការគ្រប់គ្រង​អនាម័យ សំរាម និង​បរិស្ថាន​ស្អាត ការ​តម្លើង​ប្រព័ន្ធ Internet, Wifi នៅ​តំបន់​ប្រាសាទ ក៏ដូចជា​ការរៀបចំ​ឲ្យ​មាន​មធ្យោបាយ​ដឹកជញ្ជូន​បៃតង (Green Transport) ដូចជា កង់ ម៉ូតូ រថយន្ត​ប្រើ​អគ្គីសនី ជាដើម​។​

​លោក​ក៏បាន​ស្នើ​ឲ្យ​រដ្ឋបាល​ខេត្តសៀមរាប​ជំរុញ​ការស្ថាបនា និង​ជួសជុល​ផ្លូវ​នៅ​ក្រុង​សៀមរាប ការរៀបចំ​គ្រប់គ្រង អភិវឌ្ឍន៍ ដងស្ទឹង​សៀមរាប​ឲ្យ​បាន​រហ័ស ការដាក់​ភ្លើង​បំភ្លឺ ការគ្រប់គ្រង​សន្តិសុខ សណ្តាប់ធ្នាប់ ចរាចរ អនាម័យ សំរាម និង​បរិស្ថាន​៕

Tag:
 សំដែង​សិល្បៈ​
  អង្គរ​
  តំបន់​ប្រាសាទ
© រក្សាសិទ្ធិដោយ thmeythmey.com