ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ជំរុញឲ្យធ្វើចំណតក្រោមដីបន្ថែម ដើម្បីដោះស្រាយការស្ទះចរាចរណ៍នៅភ្នំពេញ រថយន្ត និងម៉ូតូគ្រប់ប្រភេទ កំពុងធ្វើដំណើរនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ
× ភ្នំពេញ៖ នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យអ្នកវិនិយោគក្នុងវិស័យឯកជននានា សាងសង់ចំណតរថយន្តក្រោមដី ដើម្បីបញ្ចៀសបញ្ហាកកស្ទះចរាចរណ៍នៅភ្នំពេញ។
សម្តេច ហ៊ុន សែន បានលើកឡើងថា បញ្ហាកកស្ទះចរាចរណ៍នៅកម្ពុជា ជាបញ្ហាចម្បងទី២ បន្ទាប់ពីបញ្ហាកកស្ទះសំរាម ដែលបញ្ហាទាំងពីរនេះ រាជរដ្ឋាភិបាលកំពុងតែរកដំណោះស្រាយ។ «ដូចដែលយើងបានឃើញស្រាប់រាល់ថ្ងៃគឺមានរថយន្តតូចធំចតពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់លើចិញ្ចើមថ្នល់ និងលើផ្លូវសម្រាប់សាធារណជនដើរឆ្លងកាត់ ឬលើផ្លូវថ្នល់សម្រាប់រថយន្តបើកបរ ដែលបណ្តាលឲ្យស្ទះចរាចរណ៍តែម្តង»។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន។
តាមការលើកឡើងរបស់សម្តេច ហ៊ុន សែន ការសាងសង់ចំណតរថយន្តក្រោមដី អាចជួយដោះស្រាយកង្វះខាតចំណតរថយន្ត និងសណ្តាប់ធ្នាប់ចរាចរណ៍ ព្រមទាំងជួយបង្កើនសោភ័ណភាពទីក្រុង។ សម្តេចបញ្ជាក់ថា ការសាងសង់ចំណតរថយន្តក្រោមដី ត្រូវសាងសង់ពីក្រោមសួនច្បារក្នុងរាជធានីភ្នំពេញ តែមិនត្រូវសាងសង់ប៉ះពាល់ដល់ទីតាំងព្រះបរមរាជវាំងឡើយ។ សម្តេចថ្លែងដូច្នេះថា៖«ចំពោះការសាងសង់វិញ គឺត្រូវធ្វើប្រកបដោយគុណភាព និងបច្ចេកទេសខ្ពស់ ជាមួយនឹងការទទួលខុសត្រូវខ្ពស់លើសុវត្ថិភាពជាចម្បង»។
សូមបញ្ជាក់ថា ចំណតរថយន្តក្រោមដី ដែលកំពុងតែដំណើរការនៅរាជធានីភ្នំពេញគឺមាន២កន្លែង ហើយ៣កន្លែងទៀតកំពុងតែស្ថិតក្នុងការសាងសង់។ ចំពោះចំណតរថយន្តក្រោមដីរបស់ឯកជនដែលកំពុងតែដំណើរការមាន Overseas Cambodia Investment Corporation (OCIC) ដែលមានទីតាំងក្រោមសួនចន្លោះអគារវឌ្ឍនៈ និងអគារកាណាឌីយ៉ា។ ចំណតរថយន្តក្រោមដីនេះ មានទំហំ ៨,៧០៤ ម៉ែត្រការ៉េ មានពីរជាន់ និងអាចផ្ទុករថយន្តជាង ៣០០គ្រឿង។
កន្លែងមួយទៀត គឺចំណតរថយន្តក្រោមដីណាហ្គាវើល។ ចំណែកចំណតរថយន្តក្រោមដីនៅក្រុមហ៊ុនវឌ្ឍនៈ និងចំណតរថយន្តក្រោមសួន ទល់មុខសណ្ឋាគារសាន់វ៉េភ្នំពេញ ក៏កំពុងតែស្ថិតក្នុងដំណើរការសាងសង់ផងដែរ៕
Tag:
ចំណត
រថយន្ត
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com