អន្តរជាតិ
តួ​ក​គី​ព្រម​ឲ្យ​រុស្ស៊ី​ពង្រាយ​ទ័ព​នៅ​ស៊ី​រី​ភាគ​ខាងជើង​ដេញ​ពួក​ឃើ​ដ​
23, Oct 2019 , 7:39 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន (ស្តាំ) ចាប់ដៃជាមួយសមភាគីតួកគី អ៊ែរដូហ្គាន អំឡុងសន្និសីទព័ត៌មាន ក្រោយជំនួបក្នុងក្រុង សូឈី នៅថ្ងៃ២២ តុលា ២០១៩ (AFP)
ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន (ស្តាំ) ចាប់ដៃជាមួយសមភាគីតួកគី អ៊ែរដូហ្គាន អំឡុងសន្និសីទព័ត៌មាន ក្រោយជំនួបក្នុងក្រុង សូឈី នៅថ្ងៃ២២ តុលា ២០១៩ (AFP)
ដោយ:
​កងទ័ព​រុស្ស៊ី​និង​ស៊ី​រី នឹងត្រូវ​ដាក់ពង្រាយ​ក្នុង​ស៊ី​រី​ភាគ​ខាងជើង ប្រកៀក​ស្មា​ជាមួយ​តួ​ក​គី ក្នុង​គោលដៅ​ដេញ​សកម្មប្រយុទ្ធ​ឃើ​ដ​ចេញពី​តំបន់​ព្រំដែន ដែល​ក្រុង​អង់កា​រ៉ា​ចង់យក​ធ្វើជា​តំបន់​សុវត្ថិភាព​។ ការយល់ព្រម​នេះ ធ្វើឡើង​ក្រោម​កិច្ចព្រមព្រៀង​មួយ​ចុះហត្ថលេខា​នៅ​ថ្ងៃ​អង្គារ ២២ តុលា ដែល​តួ​ក​គី​និង​រុស្ស៊ី​ចាត់ទុកជា​ជោគជ័យ​ដ៏​ធំធេង​។​



​ក្រោម​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន និង​សម​ភាគី​តួ​ក​គី រៃ​ស៊ី​ប អ៊ែ​ដូ​ហ្កា​ន់ នៅ​រី​សត​សមុទ្រ​ខ្មៅ​នៃ​ទីក្រុង សូ​ឈ៊ី (Sochi) ប្រទេស​ទាំងពីរ បញ្ជាក់ថា កងទ័ព​រុស្ស៊ី​និង​កង​ល្បាត​ព្រំដែន​របស់​ស៊ី​រី នឹង​បើក​ប្រតិបត្តិ​បោសសម្អាត​តំបន់​៣០​គីឡូម៉ែត្រ​ដែល​កាន់កាប់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ​ចាប់​ពីថ្ងៃ​ពុធ ២៣ តុលា តទៅ​។ ៦​ថ្ងៃក្រោយ កងទ័ព​រុស្ស៊ី​និងតួកគីនឹង​ចាប់​ផ្តើមធ្វើ​សកម្មភាព​ល្បាត​ក្នុង​ទឹកដី​ដែល​ក្រុង​អង់កា​រ៉ា​ចង់​បង្កើតជា «​តំបន់​សុវត្ថិភាព​» ក្នុង​តំបន់​ភាគ​ខាងជើង​ស៊ី​រី ជាប់​ព្រំដែន​តួ​ក​គី​។​

​ប៉ុន្មាន​ម៉ោង​ក្រោយ​កិច្ចព្រមព្រៀង​នេះ បានប្រកាស​ឡើង ក្រសួងការពារជាតិ​តួ​ក​គី បញ្ជាក់​ឲ្យ​ដឹង​ទៀតថា សហរដ្ឋអាមេរិក​បាន​ប្រាប់​តួ​ក​គី​ថា សកម្មប្រយុទ្ធ​ឃើ​ដ​បាន​ដក​កម្លាំង​ចេញ​ទាំងស្រុង​ពី «​តំបន់​សុវត្ថិភាព​» តាម​ការចង់បាន​រប​ស់​ក្រុង​អង់កា​រ៉ា​។ ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្រសួងការពារជាតិ​តួ​ក​គី សង្កត់ធ្ងន់ថា គ្មាន​ឡើយ​ការចាំបាច់​នឹង​ផ្តួចផ្តើម​ប្រតិបត្តិ​ដទៃទៀត​នៅក្រៅ​តំបន់​ប្រតិបត្តិ​បច្ចុប្បន្ន​នៅ​កាលៈទេសៈ​នេះ ហើយ​ខ្លួន​ក៏​បញ្ចប់​ប្រតិបត្តិការ​យោធា​ភ្លាមៗ​ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​៩ តុលា​មក ផងដែរ​។

​ពី​ទីក្រុង​វ៉ាស៊ីនតោន អនុ​ប្រធានាធិបតី​អាមេរិក លោក មៃ ផេ​ន បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការបង្កើត​«​តំបន់​សុវត្ថិភាព​» ដែលមាន​ជម្រៅ​៣០​គីឡូម៉ែត្រ​ក្នុង​ព្រំដែន​ស៊ី​រី​ភាគ​ខាងជើង និង​លាតសន្ធឹង ៤៤០​គីឡូម៉ែត្រ តាម​បណ្តោយ​ព្រំដែន​តួ​ក​គី​-​ស៊ី​រី​។ លោក លើកឡើង​បែបនេះ​៖«​នេះ​ជា​ហេតុផល​ល្អ​ដែល​យើង​ផ្តល់ឱកាស​ឲ្យ​សហគមន៍​អន្តរជាតិ​បង្កើត​តំបន់​សុវត្ថិភាព​មួយ​រវាង​តួ​ក​គី​និង​ប្រជាជន​ឃើ​ដ​ក្នុងប្រទេស​ស៊ី​រី ដែល​នឹង​ធានាបាន​នូវ​សន្តិភាព​និង​សន្តិសុខ​»​។
​    ​
អត្ថបទទាក់ទង

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​តួ​ក​គី​-​រុស្ស៊ី ធ្វើឡើង​ក្រោយ​បទ​ឈប់​បាញ់​ដែល​ក្រុង​អាង់​កា​រ៉ា​យល់ព្រម ក្រោម​ការសម្របសម្រួល​របស់​អាមេរិក អស់​សុពលភាព​នៅ​ថ្ងៃ​អង្គារ ២២ តុលា​។ វា​ក៏​បញ្ជាក់​ពី​ការផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ផងដែរ​ក្នុងប្រទេស​ស៊ី​រី គិត​ចាប់ពី​ក្រុង​វ៉ាស៊ីនតោន បានប្រកាស​ដកទ័ព​អាមេរិក​កាលពី​ពីរ​សប្តាហ៍​មុន នៅ​មុនពេល​ការបើក​ការវាយប្រហារ​ពី​សំណាក់​យោធា​តួ​ក​គី​លើ​ក្រុម​ឃើ​ដ​។

​អង្គការ​ឃ្លាំមើល​ស៊ី​រី​ទទួលបន្ទុក​សិទ្ធិមនុស្ស ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ប្រជាជន​ស្លូតត្រង់​ជាង​៣០​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ចេញពីផ្ទះ​សំបែង គិត​ចាប់ពី​តួ​ក​គី​បានចាប់ផ្តើម​វាយប្រហារ​ទៅក្នុង​ទឹកដី​ស៊ី​រី​ភាគ​ខាងជើង​មក​។ អង្គការ​នេះ បាន​ហៅ​ប្រតិបត្តិការ​យោធា​នេះ​ជាការ​បង្កចលាចល​ធំ​បំផុត​មួយ ចាប់តាំងពី​សង្គ្រាមស៊ីវិល​បាន​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១១​មក​។ ម្យ៉ាងវិញទៀត ខ្លួន ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា មនុស្ស​៥០០​នាក់ បាន​បាត់​បង់ជីវិត ដែល​ក្នុងនោះ​ក៏មាន​ជន​ស៊ីវិល​ផងដែរ ហើយ​ភាគច្រើន គឺ​សុទ្ធសឹង​ជា​ពួក​ឃើ​ដ​៕


Tag:
 សហរដ្ឋអាមេរិក​
  តួ​ក​គី​
  ស៊ី​រី​
  ឃើ​ដ
© រក្សាសិទ្ធិដោយ thmeythmey.com