ជាតិ
ខួបកិច្ចព្រមព្រៀងក្រុងប៉ារីស៖ សម្ដេច ហ៊ុន សែន លើកពីតម្លៃនយោបាយឈ្នះ-ឈ្នះ ផ្ទុយពីទស្សនNGO
× ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានចេញសារលើហ្វេសប៊ុក អបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ឆ្នាំនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣ តុលា ១៩៩១) ហើយឆ្លៀតឱ្យតម្លៃលើនយោបាយឈ្នះ-ឈ្នះរបស់ខ្លួន។ សម្រាប់សង្គមស៊ីវិល កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានតម្លៃខ្លាំងណាស់ សម្រាប់ដំណើរការសន្តិភាពនៅកម្ពុជា។
មេដឹកនាំកម្ពុជា បានរៀបរាប់ពីដំណើរការជួបគ្នាវាងសម្ដេច និងព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ មុននឹងសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដោយមានការចូលរួមចរចាពីមេដឹកនាំខ្មែរ៤ភាគី រួមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀត នៃបណ្ដាអង្គទូតពីប្រទេសចំនួន១៩ ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ។
បើតាមសម្ដេច ហ៊ុន សែន ដ្បិតមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្តី ប៉ុន្តែកម្ពុជានៅតែបន្តមានសង្គ្រាមស៊ីវិល រហូតដល់ឆ្នាំ១៩៩៨ ទើបបញ្ចប់។ មេដឹកនាំកម្ពុជា ដែលកាន់អំណាច៤០ឆ្នាំរូបនេះ បានសរសេរដូច្នេះថា៖«ទោះបីមានកិច្ចព្រមព្រៀង សន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្គ្រាមស៊ីវិលនៅកម្ពុជានៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេច ហ៊ុន សែន គឺបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ»។
លោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិយាយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺបាននាំសុខសន្តិភាពដល់ប្រទេសកម្ពុជា បើគ្មានកិច្ចព្រមព្រៀងនេះទេ កម្ពុជាក៏មិនអាចបញ្ចប់សង្គ្រាមបានដែរ។ នៅពេលសួរថា តើគោលនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាល ពិតជាសំខាន់ជាងកិច្ចព្រមព្រៀងទីក្រុងប៉ារីស? លោក វ៉ន ពៅ បានឆ្លើយតបវិញថា គោលនយោបាយរបស់រដ្ឋាភិបាល គឺជាធាតុផ្សំបញ្ចូលគ្នាជាមួយនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីសប៉ុណ្ណោះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំមិនយល់ទាស់នូវអ្វីដែលសម្ដេច ហ៊ុន សែន សរសេរលើបណ្ដាញសង្គមរបស់លោកនោះ វាជាការត្រឹមត្រូវហើយ (ទាល់)តែមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសហើយ គឺបន្ថែមគោលនយោបាយរបស់សម្ដេច គឺគោលនយោបាយឈ្នះ-ឈ្នះហ្នឹងហើយ ដែលនាំឱ្យប្រទេសជាតិទៅរកការអភិវឌ្ឍ រីកចម្រើន…។ វាជាខ្សែបណ្ដោយតែមួយ ដែលយើងមិនអាចបដិសេធចោលខាងណាបានទេ យើងមិនអាចបដិសេធសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ហើយយើងក៏មិនអាចបដិសេធគោលនយោបាយរបស់រដ្ឋាភិបាលទេ វាគឺជាធាតុផ្សំទាំងអស់ហ្នឹងឯង»។
សម្រាប់លោក សន ជ័យ វិញ គោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនត្រឹមតែបញ្ចប់សង្គ្រាមនៅកម្ពុជាទេ ប៉ុន្តែវាជាចក្ខុវិស័យនាំឱ្យកម្ពុជាឆ្ពោះទៅកាន់ការកសាង និងអភិវឌ្ឍកម្ពុជា តាមរូបភាពនៃការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជារូបនេះ (ANSA) បាននិយាយដូច្នេះថា៖«ងាកត្រឡប់ទៅប្រសាសន៍សម្ដេច ហ៊ុន សែន វិញ ក្រៅពីយុទ្ធសាស្ត្រឈ្នះ-ឈ្នះហ្នឹង ខ្ញុំគិតថាតួនាទីរបស់សហគមអន្តរជាតិ ដែលគេជួយមកកម្ពុជានៅក្នុងរូបភាពមួយ ដែលស្របទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាចំណុចបំពេញបន្ថែមដើម្បីឱ្យកម្ពុជាមានមុខមានមាត់នៅឆាកអន្តរជាតិ ក៏ដូចជាការប្រឹងប្រែងលើកតម្កើងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាដែរ។ ដូច្នេះកិច្ចព្រមព្រៀងទីក្រុងប៉ារីសវាជាឥទ្ធិពល(មកលើកម្ពុជា) ហើយកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ក៏ជួយការពារបូរណភាពទឹកដីកម្ពុជាដែរ…។
ខ្លឹមសារនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស(២៣ តុលា ១៩៩១) បានដាក់បញ្ជូលនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាអស់ហើយ ដូច្នេះមិនចាំបាច់ត្រូវគោរពទៀតទេ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ កាលពីថ្ងៃទី២២ តុលានេះ។
បន្ថែមពីនេះសម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា ខ្លឹមសារនៅក្នុងកិច្ចព្រៀមទីក្រុងប៉ារីស មិនបានចែងពីចំណុចកាត់ទោសមេដឹកនាំខ្មែរក្រហមឡើយ ។ដូច្នេះ បើឱ្យតម្លៃលើកិច្ចព្រមពៀងនេះ គឺស្មើឱ្យតម្លៃលើពួកខ្មែរក្រហម។
ដ្បិតសម្ដេច ហ៊ុន សែន លើកឡើងបែបនេះក្តី ប៉ុន្តែសង្គមស៊ីវិល នៅតែយល់ថា ការអនុវត្តច្បាប់របស់កម្ពុជា មិនទាន់ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឡើយ។ ត្រង់ចំណុចនេះលោក សន ជ័យ បាននិយាយថា ខ្លឹមសារនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស វាមានអត្ថន័យធំទូលាយ និងផ្ដល់ផលប្រយោជន៍ដល់កម្ពុជាច្រើន ជាងអ្វីដែលរដ្ឋាភិបាលស្រង់យកចំណុចខ្លះៗ ដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។
«ក្រៅពីតែខ្លឹមសារយើងមួយចំនួនមើលឃើញនៅក្នុងរដ្ឋធម្មនុញ្ញ ដែលយកគោលការណ៍រួមនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសដាក់បញ្ចូល។ ប៉ុន្តែក្រៅពីនោះ កិច្ចព្រមព្រៀងទីក្រុងប៉ារីស វាមានអត្ថន័យទូលំទូលាយជាងច្បាប់មួយ ដែលមានវិសាលភាពតែក្នុងកម្រិតប្រទេសជាតិ។ ដូច្នេះកិច្ចព្រមព្រៀងទីក្រុងប៉ារីស វាជារូបភាពបែបសាកលមួយ ដែលបង្ហាញពីការយកចិត្តទុកដាក់របស់ពិភពលោកមកលើការអភិវឌ្ឍរយៈពេលយូរអង្វែងរបស់កម្ពុជា»។ នេះជាការបញ្ជាក់របស់នាយកអង្គការគណនេយ្យភាពសង្គម ដែលបានបន្ថែមថា ការផ្ដល់ជំនួយលើការអភិវឌ្ឍ ការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពីសំណាក់សហគមអន្តរជាតិកន្លងមក គឺវាសុទ្ធតែស្ថិតនៅក្នុងគោលការណ៍នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
នៅព្រឹកថ្ងៃទី២៣ តុលានេះ សមាគមនិង អង្គការសង្គមស៊ីវិលនៅកម្ពុជា ចំនួន១៣ស្ថាប័ន ក៏បានប្រារព្ធទិវារម្លឹកខួបអនុស្សាវរីយ៍លើកទី២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោមប្រធានបទ «យើងត្រូវការសន្តិភាព ការអភិវឌ្ឍ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស»។ ការប្រារព្ធទិវានេះ គឺដើម្បីទាមទារឱ្យរដ្ឋាភិបាលអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារដើមនៃកិច្ចព្រមព្រៀងស្តីពីបញ្ហាកម្ពុជា។
២៨ ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេច ហ៊ុន សែន តំណាងអោយរដ្ឋាភិបាលកម្ពុជា, ចលនាតស៊ូហ្វ៊ុនស៊ិនប៉ិច ដែលតំណាងដោយ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាជាតិខ្មែរ និង សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីដែលមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
សូមបញ្ជាក់ថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺ សម្តេច ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅ ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ។ ការចរចាគ្រានោះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេច ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ០២-០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាងសម្ដេចព្រះនរោត្តម សីហនុ និងសម្ដេច ហ៊ុន សែន លើកទី ២ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែ មករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ នេះជាការអះអាងរបស់ប្រមុខរដ្ឋាភិបាល៕
Tag:
ហ៊ុន សែន
កិច្ចព្រមព្រៀងទីក្រុងប៉ារីស
២៣ តុលា
© រក្សាសិទ្ធិដោយ thmeythmey.com