​លោក គីម ជុង​អ៊ុន រិះគន់​គោលនយោបាយ​របស់​ឪពុក​ដែល​ពឹង​ផ្អែកលើ​កូរ៉េខាងត្បូង​
អន្តរជាតិ
​លោក គីម ជុង​អ៊ុន រិះគន់​គោលនយោបាយ​របស់​ឪពុក​ដែល​ពឹង​ផ្អែកលើ​កូរ៉េខាងត្បូង​
23, Oct 2019 , 8:39 pm        
រូបភាព
ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុនទៅកន្លែងកម្សាន្តភ្នំKumgang
ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុនទៅកន្លែងកម្សាន្តភ្នំKumgang
​មេដឹកនាំ​គីម ជុង​អ៊ុន បាន​រិះគន់​ទៅលើ​គោលនយោបាយ​ឪពុក​របស់ខ្លួន គឺ​លោក គីម ជុងអ៊ីល ដែល​ពឹង​ផ្អែកលើ​កូរ៉េខាងត្បូង​លើ​ការអភិវឌ្ឍ​ក្នុង​កន្លែង​កម្សាន្ត​នៅ​ភ្នំ Kumgang នៅ​ឆ្នេរ​ភាគ​ខាងកើត​នៃ​កូរ៉េខាងជើង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA នៅ​ថ្ងៃទី​២៣ ខែតុលា​។



​ជា​រឿង​កម្រ​មាន ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​រិះគន់​ឪពុក​របស់ខ្លួន គឺ​លោក គីម ជុងអ៊ីល ពាក់​ការពឹង​ផ្អែកលើ​កូរ៉េខាងត្បូង​ក្នុងការ​អភិវឌ្ឍ​ទីតាំង​ទេសចរណ៍​ភ្នំ Kumgang ។ ទីតាំង​នេះ តំណាង​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​កូរ៉េ​ទាំងពីរ ដែលជា​លក្ខណៈ​បច្ចេកទេស​ស្ថិតក្នុង​លក្ខខណ្ឌ​សង្គ្រាម​នៅឡើយ​។ ប៉ុន្តែ​ទីតាំង​ទេសចរណ៍​នេះ បាន​ផ្អាក​ដំណើរការ​អស់​ពេល​ជា​យូរ ដ្បិត​ទំនាក់ទំនង​អន្តរ​កូរ៉េ​មិនសូវ​ល្អ​។​

​តាមរយៈ​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA របស់​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បានបង្ហាញ​ភាព​សោកស្តាយ​ជាខ្លាំង​ដែល​ភ្នំ​មួយ​នេះ​ត្រូវ​ទុកចោល​រហូតដល់​១០​ឆ្នាំ ដោយ​មិន​ធ្វើ​អ្វី​សោះ​។ មិន​ត្រឹមតែ​បង្ហាញ​ភាព​សោកស្តាយ​ទេ មេដឹកនាំ​រូបនេះ ថែមទាំង​រិះគន់​ឪពុក​របស់ខ្លួន​ចំៗ ពាក់ព័ន្ធ​ទៅនឹង​គោលនយោបាយ​ពឹងផ្អែក​លើ​បរទេស​នៅពេល​ប្រទេស​កំពុង​លំបាក​។

​ដោយសារតែ​មិន​ពេញចិត្ត​នឹង​បញ្ហា​ខាងលើ មេដឹកនាំ​កូរ៉េខាងជើង​វ័យក្មេង បាន​បញ្ជា​ឲ្យ​រុះរើ​រាល់​សម្ភារ​ទាំងអស់ ដែលជា​របស់​កម្មសិទ្ធិ​របស់​កូរ៉េខាងត្បូង ហើយ​បំពាក់​សំភារៈ​ទំនើបៗ​របស់​កូរ៉េខាងជើង​ជំនួស​វិញ​។ អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​នេះ លោក គីម អះអាងថា ការ​លើកឡើងថា ភ្នំ​Kumgang ជា​កម្មសិទ្ធិរួម​របស់​កូរ៉េ​ទាំងពីរ និង​ដំណើរ​កម្សាន្ត ទៅ​ភ្នំ Kumgang មិនអាច​កាត់ផ្តាច់​ចេញ​ពី​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​សេ​អ៊ូ​ល​គឺជា «​គំនិត​ខុសឆ្គង​» និង «​ការយល់ដឹង​ខ្វះ​ការណែនាំ​»​។ 

​សូមបញ្ជាក់ថា ដំណើរ​កម្សាន្ត​ទេសចរណ៍​ទៅ​តំបន់ភ្នំ Kumgang បានចាប់ផ្តើម​ឡើង​ក្នុង​ឆ្នាំ ១៩៩៨ ស្របពេល​ទំនាក់ទំនង​បងប្អូន​កូរ៉េ​ទាំងពីរ​ស្ថិតក្នុង​ដំណាក់កាល​រាត្រី​ទឹកឃ្មុំ ប៉ុន្តែ​អធិករណ៍​រវាង​ប្រទេស​ទាំងពីរ​នៅតែ​កើតមាន​ដដែល​នៅក្នុង​ឆ្នាំ​២០០៨ បន្ទាប់ពី​កងសន្តិសុខ​កូរ៉េខាងជើង បាន​បាញ់សម្លាប់​ភ្ញៀវទេសចរ​ស្រី​ម្នាក់​ដោយ​ផ្ទាល់ដៃ​៕

Tag:
 កូរ៉េខាងជើង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com