អន្តរជាតិ
លោក គីម ជុងអ៊ុន រិះគន់គោលនយោបាយរបស់ឪពុកដែលពឹងផ្អែកលើកូរ៉េខាងត្បូង ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុនទៅកន្លែងកម្សាន្តភ្នំKumgang
× មេដឹកនាំគីម ជុងអ៊ុន បានរិះគន់ទៅលើគោលនយោបាយឪពុករបស់ខ្លួន គឺលោក គីម ជុងអ៊ីល ដែលពឹងផ្អែកលើកូរ៉េខាងត្បូងលើការអភិវឌ្ឍក្នុងកន្លែងកម្សាន្តនៅភ្នំ Kumgang នៅឆ្នេរភាគខាងកើតនៃកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA នៅថ្ងៃទី២៣ ខែតុលា។
ជារឿងកម្រមាន ប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានរិះគន់ឪពុករបស់ខ្លួន គឺលោក គីម ជុងអ៊ីល ពាក់ការពឹងផ្អែកលើកូរ៉េខាងត្បូងក្នុងការអភិវឌ្ឍទីតាំងទេសចរណ៍ភ្នំ Kumgang ។ ទីតាំងនេះ តំណាងឲ្យកិច្ចសហប្រតិបត្តិការរវាងកូរ៉េទាំងពីរ ដែលជាលក្ខណៈបច្ចេកទេសស្ថិតក្នុងលក្ខខណ្ឌសង្គ្រាមនៅឡើយ។ ប៉ុន្តែទីតាំងទេសចរណ៍នេះ បានផ្អាកដំណើរការអស់ពេលជាយូរ ដ្បិតទំនាក់ទំនងអន្តរកូរ៉េមិនសូវល្អ។
តាមរយៈការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញភាពសោកស្តាយជាខ្លាំងដែលភ្នំមួយនេះត្រូវទុកចោលរហូតដល់១០ឆ្នាំ ដោយមិនធ្វើអ្វីសោះ។ មិនត្រឹមតែបង្ហាញភាពសោកស្តាយទេ មេដឹកនាំរូបនេះ ថែមទាំងរិះគន់ឪពុករបស់ខ្លួនចំៗ ពាក់ព័ន្ធទៅនឹងគោលនយោបាយពឹងផ្អែកលើបរទេសនៅពេលប្រទេសកំពុងលំបាក។
ដោយសារតែមិនពេញចិត្តនឹងបញ្ហាខាងលើ មេដឹកនាំកូរ៉េខាងជើងវ័យក្មេង បានបញ្ជាឲ្យរុះរើរាល់សម្ភារទាំងអស់ ដែលជារបស់កម្មសិទ្ធិរបស់កូរ៉េខាងត្បូង ហើយបំពាក់សំភារៈទំនើបៗរបស់កូរ៉េខាងជើងជំនួសវិញ។ អំឡុងដំណើរទស្សនកិច្ចនៅតំបន់នេះ លោក គីម អះអាងថា ការលើកឡើងថា ភ្នំKumgang ជាកម្មសិទ្ធិរួមរបស់កូរ៉េទាំងពីរ និងដំណើរកម្សាន្ត ទៅភ្នំ Kumgang មិនអាចកាត់ផ្តាច់ចេញពីការអភិវឌ្ឍទំនាក់ទំនងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូលគឺជា «គំនិតខុសឆ្គង» និង «ការយល់ដឹងខ្វះការណែនាំ»។
សូមបញ្ជាក់ថា ដំណើរកម្សាន្តទេសចរណ៍ទៅតំបន់ភ្នំ Kumgang បានចាប់ផ្តើមឡើងក្នុងឆ្នាំ ១៩៩៨ ស្របពេលទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរស្ថិតក្នុងដំណាក់កាលរាត្រីទឹកឃ្មុំ ប៉ុន្តែអធិករណ៍រវាងប្រទេសទាំងពីរនៅតែកើតមានដដែលនៅក្នុងឆ្នាំ២០០៨ បន្ទាប់ពីកងសន្តិសុខកូរ៉េខាងជើង បានបាញ់សម្លាប់ភ្ញៀវទេសចរស្រីម្នាក់ដោយផ្ទាល់ដៃ៕
Tag:
កូរ៉េខាងជើង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com