កីឡាអន្តរជាតិ
អន្តរជាតិ
ចិននឹងទទួលសិទ្ធិរៀប Club World Cup 2021 ដែលរកប្រាក់ចំណេញច្រើនដល់ FIFA
× សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) គ្រោងផ្តល់សិទ្ធិឲ្យចិនដើម្បីធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់ Club World Cup ស្តង់ដាថ្មីដោយមាន២៤ក្រុមចូលរួម ដែលនឹងរៀបចំឡើងនៅឆ្នាំ ២០២១។ Club World Cup នេះនឹងមានក្លិបធំៗនៅជុំវិញពិភពលោកចូលរួមច្រើន ហើយពិសេស នឹងផ្តល់ប្រាក់សន្ធឹកសម្រាប់ FIFA ទៀតផង។
ការសម្រេចប្រគល់សិទ្ធិធ្វើជាម្ចាស់ផ្ទះដល់ប្រទេសនៅតំបន់អាស៊ីមួយនេះ នឹងត្រូវប្រកាសនៅថ្ងៃទី២៥ ខែតុលា ក្នុងក្រុងសៀងហៃ ពោលគឺនៅក្នុងការបោះឆ្នោតរបស់ក្រុមប្រឹក្សាគ្រប់គ្រងរបស់ FIFA នៅឯកិច្ចប្រជុំក្រុមប្រឹក្សាប្រចាំត្រីមាសរបស់ខ្លួន។ នេះបើយោងតាមមន្ត្រីកីឡាបាល់ទាត់មួយចំនួនដែលស្ថិតក្នុងកិច្ចប្រជុំនោះ ដោយបញ្ជាក់ថាមិនមានប្រទេសផ្សេងទៀតរត់ការដេញថ្លៃឡើយ។
កាសែត The New York Times ក៏បានចេញផ្សាយដែរថា ចិនទំនងជានឹងទទួលបានសិទ្ធិដើម្បីរៀបចំការប្រកួតពានរង្វាន់ Club World Cup នេះនៅឆ្នាំ ២០២១។
យ៉ាងណាក៏ដោយ បើទោះគ្មានប្រទេសផ្សេងចូលរួមដេញថ្លៃក្តី ប៉ុន្តែក្រុមមន្ត្រីកីឡាបាល់ទាត់ពីតំបន់អឺរ៉ុបបានជំទាស់យ៉ាងខ្លាំងចំពោះការពង្រីកការប្រកួតនេះ។ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) រួមទាំងសមាគមក្លិបកីឡាបាល់ទាត់អឺរ៉ុប ដែលតំណាងឲ្យក្លិបជាង ២០០ អះអាងថាពួកគេនឹងធ្វើពហិការគំនិតនេះ។
ស្តង់ដាថ្មីនៅ Club World Cup នឹងផ្លាស់ប្តូរទម្រង់ពីការប្រកួតមួយឆ្នាំម្តង មាន៨ក្រុមចូលរួម ទៅជាប្រកួត៤ឆ្នាំម្តង ហើយមាន ២៤ក្រុមចូលរួម ដោយក្នុងនោះមានក្រុមពីអឺរ៉ុបយ៉ាងតិច៨។
តាមពិតទៅការផ្លាស់ប្តូរនេះ គឺខុសឆ្ងាយពីគំនិតដើមរបស់ប្រធាន FIFA លោក Gianni Infantino ដែលមានការគាំទ្រពីសំណាក់សម្ព័ន្ធអន្តរជាតិរួមទាំងក្រុមហ៊ុនជប៉ុន SoftBank។ ប៉ុន្តែយ៉ាងណា គម្រោងថ្មីនេះនឹងធានាថាអាចរកចំណូលបានដល់ទៅ ២៥ពាន់លានដុល្លារអាមេរិកសម្រាប់កម្មវិធី Club World Cup ដែលពង្រីកដល់ទៅ២៤ក្រុម។
អ្នកដែលជិតស្និទ្ធក្នុងកិច្ចប្រជុំរបស់ FIFA នៅក្រុងសៀងហៃ បង្ហើបថាការពិចារណាពាណិជ្ជកម្មសម្រាប់ការប្រកួតក្របខណ្ឌក្លិបក្នុងស្តង់ដាថ្មីនេះ នឹងត្រូវសម្រេចនៅពេលក្រោយទោះត្រូវបានគេរំពឹងថានឹងក្លាយជាប្រភពចំណូលដ៏ច្រើនសន្ធឹកសម្រាប់ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក ដែលពឹងផ្អែកតែលើចំណូលពីការប្រកួត World Cup នោះ៕
Tag:
ចិន
Club World Cup
FIFA
© រក្សាសិទ្ធិដោយ thmeythmey.com