អន្តរជាតិ
ហុងកុង​បញ្ចេញ​លុយ​២៥៥​លាន​ដុល្លារ​ទៀត​ដើម្បី​លើកស្ទួយ​សេដ្ឋកិច្ច​ដែល​ជួប​បញ្ហា​
23, Oct 2019 , 5:29 pm        
រូបភាព
ដោយ​៖ ងួន សុ​ភាវ​ត្តី​

​រដ្ឋាភិបាល​ហុងកុង​បានប្រកាស​ផ្តល់​ទឹកប្រាក់​ជំនួយ​សំរាប់​សម្រួល​បញ្ហា​ក្នុង​ទីក្រុង​នេះ ក្រោយ​ជួប​បញ្ហា​ជោគជាំ​ផ្នែក​នយោបាយ​និង​វិបត្តិ​សេដ្ឋកិច្ច​ដំបូង​។ កា​ប្រកាស​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែតុលា​ដោយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហុងកុង​ផ្ទាល់​។​



​ការផ្ទុះ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ហុងកុង​រយៈពេល​៥​ខែ​នេះ​បានធ្វើអោយ​កេរ្តិ៍ឈ្មោះ​ហុងកុង​ថា ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី មានការ​រង្គោះរង្គើ​។ ការតវ៉ា​ដែល​បង្ក​ជា​អំពើហិង្សា​នេះ​ក៏បាន​បំផ្លាញ​វិស័យ​ទេសចរណ៍ និង​បាន​បង្ខំ​អោយ​អាជីវកម្ម​មួយចំនួន​បិទទ្វារ​ផងដែរ សេដ្ឋកិច្ច​ក្នុង​ទីក្រុង​វិញ​ក៏​បញ្ហា​វឹករ​ណាស់ដែរ​។

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ហុងកុង លោក Paul Chan បានប្រកាស​បញ្ចេញ​ទឹកប្រាក់​ប្រមាណ​២​ពាន់​លាន​ដុល្លារ​ហុងកុង​ដែល​ស្មើនឹង​២៥៥​លាន​ដុល្លារ ដើម្បី​ជួយ​ទប់ទល់​ផ្នែក​សេដ្ឋកិច្ច ជាពិសេស​ផ្នែក​ដឹកជញ្ជូន ទេសចរណ៍ និង​ឧស្សាហកម្ម​លក់រាយ​។ លោក Chan បាន​និយាយ​ក្នុង​សន្និសីទកាសែត​ថា​៖ « ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​បាន​ប្រែជា​អាក្រក់​លឿន​ជាង​អ្វីដែល​យើង​បាន​គិតទុក កញ្ចប់​ទឹកប្រាក់​ដែល​យើង​បញ្ចេញ​នេះ​នឹង​ផ្តោតលើ​ផ្នែក​ដែល​រង​ការប៉ះពាល់​ខ្លាំង​មុនគេ​»​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

​ការផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​លើក​នេះ ជាការ​បន្ថែម​លើទឹក​ប្រាក់​២,៤​ពាន់​លាន​ដុល្លារ​ហុងកុង​ដែល​បញ្ចេញ​កាលពី​ខែសីហា​កន្លងទៅ​ដើម្បី​ផ្តល់ជំនួយ​ឲ្យ​អាជីវកម្ម​មួយចំនួន​។ រដ្ឋមន្ត្រី​ដឹកជញ្ជូន​ហុងកុង​លោក Frank Chan បាន​និយាយថា ប្រសិនបើ​ពលរដ្ឋ​ហុងកុង​កាត់បន្ថយ​ការធ្វើ​បាតុកម្ម​និង​បញ្ឈប់​ការប្រើប្រាស់​អំពើហិង្សា វា​នឹង​ជួយ​សម្រួល​ដល់​បញ្ហា​ក្នុង​ទីក្រុង​នេះ​បាន​ច្រើនជាង​ការបញ្ចេញ​កញ្ចប់​ទឹកប្រាក់​នេះ​ទៅទៀត​។​

​វិបត្តិ​ដែល​ហុងកុង​បាន​ជួបប្រទះ​នេះ គឺជា​វិបត្តិ​ដ៏​ធំ​បំផុត​មួយ​សំរាប់​ទីក្រុង​មួយ​នេះ​បើ​គិត​ចាប់តាំងពី​ពេល​អង់គ្លេស​បានប្រគល់​ទីក្រុង​នេះ​អោយ​ប្រទេស​ចិន​វិញ​នៅ​ឆ្នាំ​១៩៩៧​។ ទីក្រុង​ប៉េកាំង​ក៏​ធ្លាប់បាន​ចោទ សហរដ្ឋអាមេរិក​និង​អង់គ្លេស​ផងដែរ​ថា​ជា​អ្នក​នៅ​ពីក្រោយ​បញ្ហា​នៅ​ទីក្រុង​ហុងកុង​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com