អន្តរជាតិ
ជនសង្ស័យសម្លាប់មិត្តស្រីនៅតៃវ៉ាន់ដែលបង្កឲ្យផ្ទុះវិបត្តិហុងកុង ត្រូវដោះលែង ជនសង្ស័យករណីឃាតកម្មលើមិត្តស្រីនៅតៃវ៉ាន់ ចិន តុងកៃ និយាយទៅកាន់អ្នកសារព័ត៌មាន ក្រោយត្រូវបានដោះលែង នៅថ្ងៃពុធ ២៣ តុលា ២០១៩ (AFP)
× ជនសង្ស័យហុងកុងម្នាក់ដែលរឿងក្តីឃាតកម្មបង្កទៅជាវិបត្តិសំណើច្បាប់បត្យាប័នក្នុងក្រុងនេះ បានចេញមុខសុំទោសជាសាធារណៈ ក្រោយរូបគេត្រូវបានដោះលែងពីពន្ធនាគារ។ យុវជនរូបនេះ ក៏ប្រកាសប្រគល់ខ្លួនឲ្យអាជ្ញាធរតៃវ៉ាន់កាត់ទោសផងដែរ។
ក្រោយចំណាយពេល១៨ខែក្នុងបន្ទប់ឃុំឃាំងពាក់ព័ន្ធបទចោទលាងលុយកខ្វក់ យុវជន ចាន តុងកៃ (Chan Tong-Kai) ដែលជាមុខសញ្ញានៃឃាតកម្មលើមិត្តមានផ្ទៃពោះក្នុងកោះតៃវ៉ាន់កាលពីឆ្នាំមុន បានដោះចេញពីមជ្ឈមណ្ឌលកែប្រៃហុងកុងនាព្រឹកថ្ងៃពុធ ទី២៣ តុលា ។
និយាយនៅក្រៅពន្ធនាគារ យុវជនវ័យ២០ឆ្នាំរូបនេះ បានឱនក្បាលគោរពមុនសុំទោសទៅគ្រួសារជនរងគ្រោះនិងប្រជាជនហុងកុង។ តាមការចុះផ្សាយរបស់កាសែតហុងកុង South China Morning Post រូបគេ លើកឡើងបែបនេះ៖«ខ្ញុំព្រមប្រគល់ខ្លួនទៅអាជ្ញាធរកោះតៃវ៉ាន់ដើម្បីកាត់ទោស។ ខ្ញុំបានប្រព្រឹត្តិកំហុសដ៏អាក្រក់បំផុតមួយដែលពុំអាចបកក្រោយឡើយ»។
យុវជន ចាន តុងកៃ សង្ឃឹមថា ទង្វើនេះអាចធ្វើឲ្យគ្រួសារមិត្តស្រីខ្លួនដែលស្លាប់ធូរស្រាលផ្លូវចិត្ត ហើយព្រលឹងនាង Poon Hiu-wing ដែលជាមិត្តស្រីវ័យ១៩ឆ្នាំ អាចបិទភ្នែកជិត។ ដោយអរគុណដល់ឪពុកម្តាយខ្លួនផ្ទាល់ យុវជនរូបនេះ និយាយថា ទោះបីលោកបានបង្កើតកំហុសដ៏អាក្រក់បំផុត ពួកគាត់នៅតែខ្វាយខ្វល់សុខទុក្ខលោក គាំទ្រ និងពុំបោះបង់លោកចោលនោះទេ។ មុនឡើងឡានចេញទៅ យុវជនរូបនេះ ក៏បានអង្វរសុំការអភ័យទោសពីប្រជាជនហុងកុង ។
រឿងក្តីឃាតកម្មលើមិត្តស្រីរបស់យុវជន ចិន តុងកៃ ផ្ទុះក្លាយជាវិបត្តិសម្រាប់រដ្ឋាភិបាលហុងកុង នៅពេលរដ្ឋបាលលោកស្រីប្រធានប្រតិបត្តិ ការី ឡាំ បានព្យាយាមដាក់ចេញសំណើច្បាប់បត្យាប័នដ៏ចម្រូងចម្រាស់មួយ ។ កាលនោះរដ្ឋាភិបាលហុងកុង អះអាងថា ខ្លួនត្រូវការបំពេញចន្លោះប្រហោងនៃច្បាប់មួយ ដែលបានរកឃើញនៅពេលដំណើរការរឿងក្តីឃាតកម្មនេះ។
ក៏ប៉ុន្តែសំណើច្បាប់ដែលនឹងបើកផ្លូវឲ្យមានការផ្ទេរជនសង្ស័យទៅកាន់ទីតាំងខ្លះដែលហុងកុងពុំទាន់មានកិច្ចព្រមព្រៀងបត្យាប័ន ហើយក្នុងនោះក៏មានចិនដីគោកផងដែរ។ នៅទីនោះ គេជឿថា គណបក្សកម្មុយនីស្តចិន ក្តោបក្តាប់អំណាចតុលាការ។ ប្រជាជនហុងកុងជាច្រើន ព្រួយបារម្ភថា ច្បាប់នេះ នឹងត្រូវប្រើប្រាស់ដោយរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីកម្ចាត់សត្រូវនយោបាយ។ វា ក៏នឹងមានន័យថា ដល់ទីអវសាននៃគោលនយោបាយ «ប្រទេសមួយ ប្រព័ន្ធពីរ» និង «សិទ្ធិមនុស្ស» ដែលប្រជាជនហុងកុងមាន ចាប់តាំងពីការប្រគល់អំណាចពីចក្រភពអង់គ្លេសទៅឲ្យចិន កាលពីឆ្នាំ១៩៩៧។
ដោយប្រឆាំងនឹងសេចក្តីព្រាងច្បាប់នេះ ប្រជាជនរាប់ម៉ឺននាក់ (ក៏មានដល់លាននាក់) បានចូលរួមធ្វើបាតុកម្មតាមដងផ្លូវដើម្បីប្រឆាំងសេចក្តីព្រាងច្បាប់នេះ ដែលបង្កភាពចលាចលជាខ្លាំងក្នុងទីក្រុង ហុងកុង។ បាតុកម្មនេះ បានប្តូររូបភាពពីការធ្វើប្រចាំសប្តាហ៍ ទៅការធ្វើស្ទើរតែជារៀងរាល់ថ្ងៃតែម្តងដែលបានចាប់ផ្តើមតាំងពីខែមិថុនាមក។
មែនទែនទៅ ការដោះលែងជនសង្ស័យរូបនេះ ក៏បង្កភាពតានតឹងនយោបាយរវាងរដ្ឋាភិបាលហុងកុង និងតៃវ៉ាន់ផងដែរ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ។ ខណៈអាជ្ញាធរហុងកុងតៃវ៉ាន់ចង់បញ្ជូនភ្នាក់ងារអនុវត្តច្បាប់ពួកគេទៅកាន់ក្រុងហុងកុងដើម្បីនាំយកយុវជន ចិន តុងកៃ ទៅកាត់ទោសនៅតៃវ៉ាន់ រដ្ឋាភិបាលហុងកុងបានរិះគន់ក្រុងតៃប៉ិថា មិនគោរពអំណាចយុត្តាធិការរបស់ហុងកុង។ សង្គ្រាមពាក្យសម្តីរបស់ពួកគេ បានអូសបន្លាយរហូតដល់ថ្ងៃពុធដែលជាថ្ងៃដោះលែងជនសង្ស័យនេះ៕
Tag:
ហុងកុង
ចិន
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com