ជាតិ
សេដ្ឋកិច្ច
ផ្លែស្វាយ នឹងត្រូវ​នាំចេញ​ទៅ​ចិន​លើកដំបូង ខណៈ​អង្ករ និង​ផ្លែ​ចេក ត្រូវ​នាំចេញ​កាន់តែច្រើន​
23, Oct 2019 , 10:39 pm        
រូបភាព
រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ
រូបពីរដ្ឋបាលខេត្តកំពង់ស្ពឺ
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម​របស់​កម្ពុជា អះអាងថា ភាគី​ចិន​កំពុង​ព​ន្លឿ​ន​ការពិនិត្យ​លក្ខខណ្ឌ​បច្ចេកទេស ដើម្បី​ឈានដល់​ការនាំចេញ​ផលិតផល​កសិកម្ម​ថ្មី​ទៀត និង​ពង្រីក​ការនាំចេញ​ដែលមាន​ស្រាប់​ពី​កម្ពុជា​ទៅ​ទីផ្សារ​ចិន​។ ការអះអាង​ដូចនេះ ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជំនាញ​របស់​ក្រសួងកសិកម្ម ដែល​ដឹកនាំ​ដោយ​លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ជួបពិភាក្សា​មន្ត្រី​បច្ចេកទេស​របស់​ចិន នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២១​ខែតុលា ក្នុង​គោលដៅ​ជំរុញ​ឲ្យ​កម្ពុជា​អាច​ឆ្លង​ផុត​លក្ខខណ្ឌ​បច្ចេកទេស​របស់​ចិន ដើម្បី​នាំចេញ​។​



​ផលិតផល​៥​មុខ ត្រូវ​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​រៀបរាប់​ពី​លទ្ធផល​ដែល​កើតចេញពី​កិច្ចប្រជុំ​ខាងលើនេះ​។ ទី​១ គឺ​អង្ករ​។ ភាគី​ចិន​បាន​ឯកភាព​ព​ន្លឿ​ន​ការពិនិត្យ​ឯកសារ​របស់​កម្ពុជា ពាក់ព័ន្ធ​នឹង​ការសម្រេច​ទៅលើ​បញ្ជី​ឈ្មោះ​រោង​ម៉ាស៊ីនកិនស្រូវ ដែល​អាច​នាំចេញ​អង្ករ​ទៅ​ចិន​។ នេះ​ជាការ​ពិនិត្យ​សម្រេច​លើក​ទី​២ បន្ទាប់ពី​ការសម្រេច​លើក​ទី​១​កន្លងមក បានផ្ដល់​សិទ្ធិ​ឲ្យ​ក្រុម​ចំនួន​២៦​។

​គួរ​បញ្ជាក់ថា ចិន​បាន​ពង្រីក​ទំហំ​កូតា​ឲ្យ​កម្ពុជា​នាំចេញ​អង្ករ ជា​បន្តបន្ទាប់ ហើយ​នៅ​ឆ្នាំ​២០២០ កូតា​នេះ​មាន​ទៅដល់​៤០​ម៉ឺន​តោន​។ ហើយ​ការអនុម័ត​បញ្ជី​ឈ្មោះ​ក្រុមហ៊ុននាំចេញ​អង្ករ​ទៅ​ចិន ជា​លើក​ទី​២​នេះ​ខាងមុខនេះ ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ឲ្យ​កម្ពុជា​អាច​នាំចេញ​សម្រេច​តាម​កូតា​៤០​ម៉ឺន​តោន​នោះ​។​

​ផលិតផល​ទី​២ គឺ​ផ្លែស្វាយ​។ ភាគី​ចិន​បាន​ពិនិត្យ​ឯកសារ​វិភាគ​ហានិភ័យ​សមាសភាព​ចង្រៃ ហើយនឹង​បញ្ជូន​មន្ត្រី​ជំនាញ​ដើម្បី​វាយតម្លៃ​បញ្ចប់​ក្នុងអំឡុង​ខែវិច្ឆិកា​ខាងមុខនេះ​។ ប្រកាស​ព័ត៌មាន​ខាងលើ​បញ្ជាក់ថា ភាគី​ទាំងពីរ​គ្រោង​ចុះហត្ថលេខា​លើ​ពិធីសារ​ស្ដីពី​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ​សម្រាប់​នាំចេញ​ផ្លែស្វាយ​ស្រស់​ទៅ​ចិន​នា​ដើមឆ្នាំ​២០២០​។
​ទី​៣ ភាគី​ទាំងពីរ​នឹង​រៀបចំ​ដំណើរការ​នីតិវិធី​លក្ខខណ្ឌ​តម្រូវ​ស្ដីពី​អនាម័យ និង​ភូតគាម​អនាម័យ​លើ​ផលិតផល​ទឹកមាត់​ត្រចៀកកាំ និង​ម្រេច ក្នុងពេល​តែមួយ​។ ទី​៤. ផ្លែ​មៀន​។ ភាគី​ចិន​កំពុង​ពិនិត្យ​ឯកសារ​កម្ពុជា​ដែល​ស្នើសុំ​នាំចេញ​ផ្លែ​មៀន​ទៅ​ចិន ហើយ​គ្រោង​នឹង​បញ្ជូន​មន្ត្រី​ជំនាញ​មក​វាយតម្លៃ​លក្ខខណ្ឌ​បច្ចេកទេស​ចំពោះ​ការនាំចេញ​ផលិតផល​នេះ​។​

​ទី​៥ គឺ​ផ្លែ​ចេកអំបូង​លឿង​។ ចិន​បានសម្រេច​ជាគោលការណ៍​ឲ្យ​កសិក​ដ្ឋា​ន​ដំណាំ​ចេកអំបូង​លឿង​កម្ពុជា​ចំនួន​៤​បន្ថែមទៀត​នាំចេញ​ទៅ​ចិន ខណៈ​បច្ចុប្បន្ន​កសិក​ដ្ឋា​ន​ចំនួន​៥​កំពុង​នាំចេញ​ចេកអំបូង​លឿង​នេះ​ទៅកាន់​ប្រទេស​នេះ​៕

Tag:
 ស្វាយ
  អង្ករ
  ចេកអំបូង​លឿង
© រក្សាសិទ្ធិដោយ thmeythmey.com