កីឡាជាតិ
ជាតិ
លោក ណ​យ ផា​ណា ជឿថា កីឡា​បើ​ហាត់​គ្មាន​ប្រកួត គឺ​មិន​រីកចម្រើន​នោះទេ​
24, Oct 2019 , 8:19 am        
រូបភាព
លោក ណយ ផាណា (កណ្តាល)រួមនឹងកីឡាករកីឡាការិនីទាំង១០រូប ដែលត្រូវប្រជែងក្នុងការប្រកួតនៅកូរ៉េ
លោក ណយ ផាណា (កណ្តាល)រួមនឹងកីឡាករកីឡាការិនីទាំង១០រូប ដែលត្រូវប្រជែងក្នុងការប្រកួតនៅកូរ៉េ
ដោយ:
​លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ឲ្យ​តម្លៃ​លើ​ការប្រកួត​អន្តរជាតិ​ថា ជា​ចលករ​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​កីឡា​ដ៏​មាន​ប្រសិទ្ធភាព​។ សម្រាប់ លោក កីឡាករ​ម្នាក់​អាច​រីកចម្រើន​បាន មិនមែន​ពឹងផ្អែក​តែ​លើ​ការហ្វឹកហាត់​នោះទេ ពោលគឺ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ការប្រកួត​ទាំង​លើ​ឆាក​ជាតិ និង​អន្តរជាតិ​។ ការលើកឡើង​បែបនេះ ធ្វើឡើង​ពេល​លោក​ដឹកនាំ​ក្រុមកីឡា​កាយសម្ព័ន្ធ​ចំនួន​១០​រូប ទៅ​ចូលរួម​ការប្រកួត Pre-SEA Games និង Korea Open នៅ​ប្រទេស​កូរ៉េ​។​



​កីឡាករ​កីឡាការិនី​នឹង​មិនអាច​រីកចម្រើន​បានឡើយ បើ​ហ្វឹកហាត់​ខ្វះ​បទពិសោធ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ពោលគឺ​កត្តា​ទាំងពីរ​ត្រូវ​ដើរ​ទន្ទឹមគ្នា​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ណ​យ ផា​ណា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ដែល​បាន​បន្ថែមថា ការចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​មិន​ត្រឹមតែ​ផ្តល់​បទពិសោធ​នោះទេ តែ​ជាការ​ស្ទង់​សមត្ថភាព​កីឡាករ ពិសេស​ជួយ​ឲ្យ​យើង​ដឹង​ពី​ចំណុច​ខ្វះខាត ដែល​ត្រូវ​អភិវឌ្ឍន៍​បន្ថែម​។


លោក ណយ ផាណា នៅអាកាយយានដ្ឋានអន្តរជាតិភ្នំពេញមុនចាកចេញទៅប្រទេសកូរ៉េ

«​មាន់​ជល់​បើ​យើង​ចិញ្ចឹម​ហើយ​គ្រាន់តែ​ក្រុង​ទុក សម្រួច​តែ​ខ្នាយ ហើយ​យកទៅ​ជល់ គឺ​មិន​ឈ្នះ​គេ​នោះទេ គ្រាន់តែ​ប្រលែង​ចូល​ទីលាន​ទម្លាក់​ស្លាប​សុំ​ចុះចាញ់​បាត់ទៅហើយ​។ កីឡា​ក៏​ដូចគ្នា បើ​កីឡាករ​គ្រាន់តែ​ហាត់ៗ​ៗ ហាត់​រហូតដល់​ចាស់ ហើយ​គ្មាន​ការប្រកួត​អន្តរជាតិ ក៏​មិន​អាចធ្វើ​អ្វី​បានដែរ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ណ​យ ផា​ណា ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពេល​លោក​ដឹកនាំ​ក្រុម​កីឡាករ​កាយសម្ព័ន្ធ​ទៅ​ចូលរួម​ការប្រកួត​នៅ​ប្រទេស​កូរ៉េ​។

​ដោយសារ​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣ លោក ណ​យ ផា​ណា បានផ្តល់​ជា​យោបល់​រួម​ថា គ្រប់​សហព័ន្ធ​គួរ​បញ្ជូន​កីឡាករ​ខ្លួន​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ឬ​ចូលរួម​ការប្រកួត​អន្តរជាតិ​ឲ្យ​បាន​ច្រើន​។ បើ​ពុំ​នោះទេ កម្ពុជា​អាច​នឹង​ជួប​ការលំបាក​ក្នុងការ​ស្វែងរក​មេដាយ​ពី​ព្រឹត្តិការណ៍ ដែល​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​នេះ​។ 


លោក ណយ ផាណា ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនចាកចេញទៅកូរ៉េ

«​ចាប់ពី​ឆ្នាំ​២០២០​ទៅ ខ្ញុំ​គិតថា​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ត្រូវ​ចេញ​ប្រកួត​អន្តរជាតិ​យ៉ាងតិច​ពី​២​ទៅ​៣​ដង​ក្នុង​មួយឆ្នាំ បើ​យើង​មិនបាន​ចេញទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ទេ គឺ​យើង​មិន​ទទួលបាន​បទពិសោធ​នោះទេ ព្រោះ​គេ​តែងតែ​ផ្លាស់ប្តូរ​បច្ចេកទេស និង​បទបញ្ជា​ការប្រកួត​ស្ទើរ​រៀងរាល់ឆ្នាំ​។ បច្ចុប្បន្ន​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​សិង្ហ​បុរី សុទ្ធតែ​បាន Qualified អូឡាំពិក​»​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់លោក ណ​យ ផា​ណា​។

​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​១០​រូប​ឲ្យ​ចូលរួម​ការប្រកួត Pre-SEA Games និង Korea Open នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ប្រព្រឹត្តិការណ៍​ទៅ​ចាប់ពី​ថ្ងៃទី​២៣-២៥ ខែតុលា ឆ្នាំ​២០១៩​។ ប្រតិភូ​កីឡា​កម្ពុជា​ក្រោម​ការដឹកនាំ​របស់លោក ណ​យ ផា​ណា បាន​ចាក​ចេញពី​កម្ពុជា​កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៩ ហើយ​នឹងធ្វើ​មាតុភូមិ​និវត្ត​នៅ​ថ្ងៃទី​២៦ តុលា​។

​ប្រធាន​ប្រតិភូ​រូបនេះ​រំពឹងថា កីឡាករ​កីឡាការិនី​កម្ពុជា​នឹង​ទទួលបាន​បទពិសោធ​ល្អៗ​ពី​ការប្រកួត​នេះ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ សម្រាប់​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ ជាពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​៕






Tag:
 ​កាយសម្ព័ន្ធ​
  ណ​យ ផា​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com