អន្តរជាតិ
ចិន ចោទអឺរ៉ុបថា«ពុតត្បុត» ព្រោះរិះគន់បញ្ហាហុងកុង តែមិននិយាយពីបាតុកម្មនៅអេស្ប៉ាញនិងស៊ីលី ក្រុមបាតុករកំពុងប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច នៅក្បែរទីស្នាក់ការកណ្តាលប៉ូលីស នៅទីក្រុងបាសេឡូណា (Barcelona)
× ចិន បានទាញយកករណីបាតុកម្មហិង្សានៅក្នុងប្រទេសអឺរ៉ុប និងអាមេរិកខាងត្បូង ដើម្បីទិតៀនទៅលើការតវ៉ា និងគ្រប់គ្រងស្ថានការណ៍បាតុកម្មក្នុងហុងកុង។ ការណ៍នេះ ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំង រិះគន់អឺរ៉ុបថា «លាក់ពុត» ទាក់ទិននឹងរឿងបាតុកម្មនៅហុងកុង ខណៈពេលបាតុកម្មនៅក្នុងតំបន់កាតាឡូញ៉ារបស់អេស្ប៉ាញ និងស៊ីលី មិនត្រូវបានអឺរ៉ុបអើពើ។
ចលនាបាតុកម្មនៅក្នុងប្រទេសស៊ីលី (Chile) និងកាតាឡូញ៉ា (Catalonia) នៅអេស្ប៉ាញ កាន់តែបញ្ឆេះកំហឹងរដ្ឋាភិបាលចិនថែមទៀតរហូតរិះគន់ថា អឺរ៉ុប «ពុតត្បុត» ព្រោះគិតតែរិះគន់លើបញ្ហាផ្ទៃក្នុងរបស់ចិន ប៉ុន្តែមិនមើលបញ្ហានៅក្នុងផ្ទះរបស់ខ្លួន និងនៅស៊ីលី។
បាតុកម្មទាំងពីរនេះ ក្លាយជារបៀបវារៈដែលចិនវាយបកលើអឺរ៉ុប។ ដោយសំដៅបាតុកម្មនៅតំបន់កាតាឡូញ៉ា ស៊ីលី និងនៅទីក្រុងឡុងដ៍ផងនោះ ប្រមុខការទូតចិន វ៉ាង យី (Wang Yi) បានលើកឡើងក្នុងទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី ២១ ខែតុលា ថា៖ « យើងឃើញអំពើហិង្សានាពេលបច្ចុប្បន្ននៅក្នុងទីក្រុងហុងកុង កំពុងកើតឡើងនៅក្នុងកន្លែងដទៃ។ នៅកាតាឡូញ៉ា បាតុករប្រកាសក្ដែងៗថា ហុងកុងទីពីរ នឹងត្រូវបង្កើតឡើយ ហើយបាតុករនៅហុងកុង បានជំរុញចិត្តពួកគេ»។
ត្រង់ចំណុចនេះ រដ្ឋមន្ត្រីការបរទេសចិន ក៏បានអំពាវនាវឲ្យប្រជាជននៅក្នុងប្រទេសផ្សេង ស្វែងយល់ពីបញ្ហានៅក្នុងហុងកុងច្បាស់។
ទាក់ទិនទៅនឹងបញ្ហាខាងលើ កន្លងមកទីក្រុងប៉េកាំង បានចោទបាតុករទីក្រុងហុងកុងថា ជាសកម្មភាពបង្កភេវកម្ម និងមានរដ្ឋាភិបាលបរទេសជួយជ្រោមជ្រែងនៅពីក្រោយ។ ដោយឡែកមន្ត្រីប៉ូលិសវិញ ត្រូវបានក្រុមបាតុករចោទថា ប្រព្រឹត្តអំពើហិង្សាក្នុងរយៈពេលជិត ៥ខែកន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
មិនត្រឹមតែហុងកុងទេ ដែលបាតុកម្មប្រឆាំងនឹងរដ្ឋបាលថ្នាក់លើ ប៉ុន្តែនៅមានកន្លែងផ្សេងទៀតដូចជា តំបន់កាតាឡូញ៉ា និងប្រទេសស៊ីលីជាដើម។ ពិតណាស់ នៅក្នុងតំបន់ស្វយ័តកាតាឡូញ៉ា បាតុកម្មផ្តាច់ទឹកដីពីរដ្ឋបាលរបស់ទីក្រុងម៉ាឌ្រីដ បានធ្វើឡើងជាយូរមកហើយ ដោយមានអ្នកខ្លះត្រូវជាប់គុក ហើយមនុស្សមួយចំនួនទៀតក៏រួចខ្លួន។
ចំណែកនៅប្រទេសស៊ីលីឯណោះវិញក៏មិនអន់ដែរ បាតុកម្មហិង្សាបានបង្កឲ្យប្រជាជនច្រើនជាង ១០នាក់ស្លាប់ និងជាច្រើននាក់ទៀតរបួស។ ដើមចមនៃព្រឹត្តិការណ៍នេះ គឺប្រជាជនតវ៉ាប្រឆាំងទៅនឹងការដំឡើងតម្លៃរថភ្លើងក្រោមដី ហើយប្រជាជនបានយកកំហឹងទាំងនេះ ទៅប្រឆាំងនឹងយោធា និងប្រធានាធិបតីថែមទៀត។ ជាការឆ្លើយតប រដ្ឋាភិបាលបានបញ្ជាក់ថា ការដំឡើងថ្លៃនេះ កើតឡើងដោយសារតែតម្លៃប្រេងឡើងថ្លៃ និងរូបិយបណ្ណក្នុងស្រុកចុះខ្សោយ។
ក្នុងន័យឌឺដងដាក់ក្រុមប្រទេសអឺរ៉ុប អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Hua Chunying បាននិយាយនៅថ្ងៃទី២១ ខែតុលាថា រដ្ឋាភិបាលអឺរ៉ុបប្រតិកម្មលើក្រុមបាតុករនៅតំបន់កាតាឡូញ៉ា និងទីក្រុងឡុងដ៍កន្លងមក ដើម្បីគ្រាន់តែបង្ហាញថា ជាប្រទេសលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សប៉ុណ្ណោះ។ ប៉ុន្តែអ្វី ដែលផ្ទុយពីនេះ រដ្ឋាភិបាលអឺរ៉ុបយកលេស ដើម្បីជ្រែតជ្រែកកិច្ចការផ្ទៃក្នុងរបស់ទីក្រុងហុងកុងយ៉ាងច្បាស់៕
Tag:
ចិន
ហុងកុង
អេស្ប៉ាញ
ស៊ីលី
© រក្សាសិទ្ធិដោយ thmeythmey.com