ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
ទឹកចិត្តឪពុក ម៉ាត់ លី៖«ទោះមិនចេះអក្សរ តែខ្ញុំប្តេជ្ញាចិត្តរកប្រាក់ឲ្យកូនបានរៀនបរិញ្ញាបត្រដូចគេ»
× កំពត៖«សម្រាប់ខ្ញុំតម្លៃនៃការសិក្សា ពិតសំខាន់ គឺបានផ្តល់ចំណេះដឹងអាចប្រកបការងារ មុខរបររកស៊ីបាន ហើយថ្លៃថ្នូណាស់»។ នេះជាការយល់ឃើញរបស់លោក ម៉ាត់ លី ប្រជានេសាទនៅស្រុកទឹកឈូ ខេត្តកំពត ដែលឲ្យតម្លៃលើការសិក្សាយ៉ាងដូច្នេះ មុននឹងបុរសខ្មែរអ៊ិស្លាម វ័យអាយុ៤៧ឆ្នាំ រូបនេះ បញ្ជាក់ថា៖«ខ្លួនខ្ញុំ និងបងប្អូន អត់ចេះអក្សរខ្មែរទេ មូលហេតុគឺអត់លុយរៀនហើយសាលានៅឆ្ងាយពីផ្ទះ។ ប៉ុន្តែ ឥឡូវខ្ញុំសប្បាយចិត្ត ទោះមិនចេះអក្សរ តែខ្ញុំប្តេជ្ញាចិត្តខំប្រឹងរកចំណូលដោយលៃយ៉ាងណាឲ្យកូនបានរៀនសូត្រដូចគេដូចឯង ដល់ចប់ថ្នាក់បរិញ្ញាបត្រទាំងពីរនាក់»។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក ជាវ សំណាង និងលោក ម៉ាត់ លី ប្រជានេសាទនៅសហគមន៍ត្រពាំងសង្កែ ខេត្តកំពត ដែលខំប្រឹងរកប្រាក់ឲ្យកូនបានសិក្សាថ្នាក់បរិញ្ញាបត្រ ដូចតទៅ៖
បច្ចុប្បន្ន កូនស្រីច្បងរបស់លោក ម៉ាត់ លី ត្រៀមបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរ នៃមហាវិទ្យាល័យមួយ នៅខេត្តកំពត នៅចុងឆ្នាំ២០១៩នេះ និងកូនទីពីររបស់លោក កំពុងបន្តការសិក្សានៅថ្នាក់ទី១១ ។ ជាអ្នករស់នៅក្នុងដែនសហគមន៍ត្រពាំងសង្កែ លោក ម៉ាត់ លី និងភរិយា បានប្រកបរបរនេសាទ និងបើកទូកទេសចរណ៍ជូនភ្ញៀវទៅកម្សាន្ត នៅព្រៃកោងកាងនៃសហគមន៍ត្រពាំងសង្កែ ដែលស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ ព្រៃកោងកាងនៃសហគមន៍ត្រពាំងសង្កែបានរួមចំណែកយ៉ាងសំខាន់ សម្រាប់ជីវភាពប្រជាពលរដ្ឋនៅទីនោះ រួមទាំងគ្រួសាររបស់លោក ម៉ាត់ លី ផងដែរ។
ប្រជានេសាទវ័យ៤៧ឆ្នាំ ម៉ាត់ លី បានរៀបរាប់ឲ្យដឹងថា មិនមែនដើមកោងកាងហុចផលដោយផ្ទាល់ឲ្យលោកទេ ប៉ុន្តែ ជីវៈចម្រុះ ដូចជា ត្រី ក្តាមជាដើម ដែលរស់នៅក្រោមជម្រកនៃដើមកោងកាង ហើយអាចនេសាទយកទៅលក់បាន។ ទំនេរពីការនេសាទលោក លី ក៏ឆ្លៀតបើកទូកជូនភ្ញៀវទេសចទៅកម្សាន្តតាមព្រែកសមុទ្រនៃដែនសហគមន៍ត្រពាំងសង្កែ ដើម្បីបានចំណូលបន្ថែមផងដែរ។
ចំណូលដែលទទួលបានក្នុងមួយថ្ងៃចន្លោះពី ២ទៅ៤ម៉ឺនរៀល នេះ លោក លី បែងចែកជាពីរចំណែក ដោយពាក់កណ្តាលសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងពាក់កណ្តាលទៀតសន្សំទុកផ្គត់ផ្គង់ការសិក្សាររបស់កូនៗ។ បើទោះជាលោក លី នឿយហត់ ចុករោយឆ្អឹងឆ្អែង ញើសហូរជោកខ្លួនពេលចុះទៅនេសាទម្តងៗ តែពេលស្រមៃឃើញកូនកំពុងតសិស្សា ហាក់បាត់អស់នូវភាពនឿយហត់ និងបានផ្តល់ក្តីសង្ឃឹមឲ្យលោក លី ខំបន្តទៀតដើម្បីអនាគតកូនៗរបស់លោក៕
© រក្សាសិទ្ធិដោយ thmeythmey.com