ជាតិ
លោក Bernard Forey ប្រធាន​ស្ថាបនិក​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន ទទួលមរណភាព​ក្នុង​អាយុ​៩១​ឆ្នាំ​
24, Oct 2019 , 11:33 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​បានមក​រស់នៅក្នុង​ទ្វីបអាស៊ី​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មកហើយ លោក Bernard Forey ជា​អ្នកជំនួញ​ម្នាក់ និង​ជា​ប្រធាន​ស្ថាបនិក​ក្រុមហ៊ុន Kulara Water Co., Ltd (​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន​) បានទទួល​មរណភាព​នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​១២ ខែតុលា កន្លងទៅ ក្នុង​ជន្មាយុ​៩១​ឆ្នាំ​។​



​លោក​បានទទួល​ជោគជ័យ​ជាច្រើន​ក្នុង​មុខរបរ​រកស៊ី​ទាំងអស់​របស់លោក​ក្នុង​ពិភពលោក ជាអាទិ៍ មាន អូ​គូលែន ដែលជា​ទឹករ៉ែ​ធម្មជាតិ​ដំបូង​គេ​នៅ​កម្ពុជា​។​

​កាលពី​១០​ឆ្នាំមុន អ្នកជំនួញ Bernard Forey បានចាប់ផ្ដើម​ប្រឡូក​ក្នុង​មុខ​ជំនួញ​ថ្មី​មួយ​នៅ​កម្ពុជា ក្នុង​តំបន់ភ្នំ​គូលែន នោះ​គឺ​ការចាប់ផ្ដើម​ផលិត​ទឹករ៉ែ​ធម្មជាតិ​ដែលមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ការតាំង​ចិត្ត​របស់លោក​ថា​ត្រូវ​ដើរ​ឈានមុខ​គេ គំនិត​ជា​អ្នករកស៊ី ព្រមទាំង​ការប្ដេជ្ញាចិត្ត​ត្រូវធ្វើ​ឱ្យមាន​គុណភាព និង​ប្រកបដោយ​ន​វា​នុ​វត្ត​ភាព បាន​រុញឱ្យ​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន របស់លោក ក្លាយជា​ម៉ាក​ទឹក​មួយ​ក្នុងចំណោម​ម៉ាក​ទឹករ៉ែ​ធំៗ​ដែល​ចរាចរ​នៅលើ​ទីផ្សារ​។​

​លោក Jacques Marcille ដែលជា​អគ្គនាយក​ក្រុមហ៊ុន Kulara Water និង​ជា​ដៃគូ ក៏ដូចជា​មិត្តភក្ដិ​ធុរជន​រូបនេះ​ជាង​៣០​ឆ្នាំ​មកហើយ​នោះ បាន​មានប្រសាសន៍ថា​៖ លោក Bernard Forey គឺជា​មនុស្ស​ពិសេស​ម្នាក់ ជា​មនុស្ស​គោរព​ពាក្យសំដី លោក​ចេះ​ផ្ទេរ​ទឹកចិត្ត​រកស៊ី និង​ចេតនា​ចង់​ទទួលបាន​ជោគជ័យ ដោយ​ផ្ដល់​ទំនុកចិត្ត​ដល់​សហការី​របស់លោក និង​ផ្ដល់ឱកាស​ឱ្យ​សហការី​វិ​វត្ត និង​រីកចម្រើន​ទៅមុខ​។​

​ផ្ដើមចេញពី​បទពិសោធ​ន៍​ដំបូងរ​ស់លោ​កនៅ​បរទេស​ក្នុង​តំបន់ សាហា​រ៉ា ប្រទេស​អាល់​ហ្សេ​រី រហូតដល់​ប្រទេស​កម្ពុជា លោក Bernard Forey បានធ្វើ​ជំនួញ​ក្នុង​ប្រមាណ​ជាជាង​១០​ប្រទេស ក្នុងនោះ​មាន​ប្រទេស ម៉ូ​រីតា​នី អ៊ីរ៉ង់ ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា សិង្ហ​បុរី វៀតណាម និង​កម្ពុជា​។ សៀវភៅ​ជីវប្រវត្តិ​របស់លោក ក្រោម​ចំណងជើង​ថា "​ដំណើរ​ផ្សងព្រេង​ក្នុង​ក្ដី​ស្រម័យ​របស់ខ្ញុំ ពី​វាល​សាហា​រ៉ា ដល់​ប្រទេស សាន (​ភូមា​)" មាន​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់លោក ដែល​កាលពី​អាយុ​២០​ឆ្នាំ បាន​ជួប​ស្គាល់​ដោយ​ចៃដន្យ​អាកាសយានិក​និង​អ្នកនិពន្ធ​ដ៏​ល្បី​មួយរូប គឺ​លោក Joseph Kessel​។ នោះ​គឺជា​ជំនួប​ពិសេស​មួយ ដូចដែល​លោក​បាន​ជួប​អ្នក​ពិសេសៗ​ផ្សេងទៀត​ជាច្រើន នៅក្នុង​ខ្សែជីវិត​របស់លោក ដែល​ធ្វើឱ្យ​លោក​ចងចាំ​ថា "​យើង​ត្រូវមាន​ចេតនា​ប្ដូរផ្ដាច់​ដាច់ខាត និង​ភាព​អំណត់​ក្រៃលែង​ដើម្បី​ទទួលបាន​ជោគជ័យ​"​។ កាល​មាន​អាយុ​២០​ឆ្នាំ លោក Bernard Forey ក៏បាន​ធ្វើការ​ប្ដេជ្ញា​មួយ​ដ៏​ធំ នោះ​គឺ​លោក​យក​ជីវិត​របស់លោក​ទៅ​ផ្សងព្រេង បង្កើត​ថ្មី ធ្វើ​របកគំហើញ និង​ជួយ​អ្នកដទៃ​។​



​ដោយមាន​តម្លៃ​ល្អ​ឯក ប្រកបដោយ​ឧត្ដមភាព ការចែករំលែក និង​សាមគ្គីភាព​ពិតប្រាកដ​

​បទពិសោធន៍​របស់លោក Bernard Forey នៅ​ជុំវិញ​ពិភពលោក គឺ​ប្រា​ដក​ជា​ក្លាយជា​គម្រូ​ជោគជ័យ​មួយ​នៃ​ក្រុមហ៊ុន​ទាំងឡាយ​ដែល​លោក​បាន​បង្កើតឡើង​។ នៅ​កម្ពុជា យុទ្ធសាស្ត្រ​ក្រុមហ៊ុន​ដែល​ផ្ដោតលើ​តម្លៃ​ល្អ​ឯក ប្រកបដោយ​ឧត្ដមភាព ថែមទាំង​មានការ​ចែករំលែក និង​សាមគ្គីភាព ពិតជា​ហេតុផល​ដែល​ពន្យល់​ពី​ភាពជោគជ័យ​នៃ ទឹករ៉ែ​ធម្មជាតិ អូ​គូលែន ដែល​បង្ហាញឱ្យឃើញថា មាន​លក្ខណៈ​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​មនុស្ស​ផងដែរ​។ កាលពី​ប៉ុន្មាន​ឆ្នាំ មុន​មកដល់​កម្ពុជា គឺ​នៅ​ប្រទេស​វៀតណាម ទឹករ៉ែ​ធម្មជាតិ​របស់​លោក​ឈ្មោះ "La Vie” ដែល​ទិញ​ដោយ​ក្រុមហ៊ុន Nestlé Waters បានក្លាយ​ជា​ទឹក​លក់ដាច់​លេខ​១​។ នៅ​ប្រទេស​ភូមា ចក្ខុវិស័យ​របស់លោក​បាន​នាំទៅ​បង្កើតបាន​នូវ​ផលិតផល​ម៉ាក  "Éva", "MyCare" និង "MyBaby" ជា​ផលិតផល​បី​មុខ​ដែល​ទទួលបាន​ភាពល្បីល្បាញ​យ៉ាង​លឿន​នៅលើ​ទីផ្សារ ហើយ​ដែល​គេ​ស្គាល់​ថា ជា​ផលិតផល​អនាម័យ​ស្ត្រី និង​ខោ​ទឹកនោម​កុមារ​។​

​លោក Bernard Forey ដែល​បានទទួល​មេដាយ​ជាតិ​កិត្តិយស​ថ្នាក់​អស្ស​រិ​ទ្ធ ពី​លោក​ប្រធានាធិបតី Valéry Giscard d’Estaing កាលពី​ឆ្នាំ​១៩៧៧ ក៏​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នក​ដែល​បានចាប់ផ្ដើម​គិតគូ​ពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ពី​ក្រុមហ៊ុន​ដែលមាន​ទំនួល​ខុសត្រូវ​សង្គម​។ ជាការ​ពិត ធុរជន​រូបនេះ​បាន​បញ្ចូល​យ៉ាង​ឆាប់រហ័ស​នូវ​សសរស្ដម្ភ​គ្រឹះ​ទាំងបី​(​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន​) នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ទៅក្នុង​គម្រូ​នៃ​ការអភិវឌ្ឍ​ក្រុមហ៊ុន​របស់លោក​។ រង្វាន់​លេខ​១​ក្នុងនាម​ជា​ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ​សង្គម ដែល​ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន Kulara Water កាលពី​ខែមិថុនា ឆ្នាំ​២០១៩ ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា គឺជា​ការទទួលស្គាល់​ត​ម្លៃ​នៃ​ការប្ដេជ្ញា​ទាំងឡាយ​របស់លោក Bernard Forey នៅ​កម្ពុជា​។ ពេញ​មួយជីវិត​របស់លោក អ្នកជំនួញ​រូបនេះ​បានបង្ហាញ​ឱ្យឃើញ តាមរយៈ​ភាពជោគជ័យ​ដែល​លោក​ទទួលបាន និង​មុន​ជោគជ័យ​នៃ​ទឹករ៉ែ​ធម្មជាតិ អូ​គូលែន ទៅទៀត ថា គុណវុឌ្ឍិ​ក្រុមហ៊ុន​អាច​ដើរ​ទន្ទឹម​គា្ន​នឹង​សមធម៌ ដើម្បី​ជា​ប្រយោជន៍​របស់​មនុស្ស​ភាគច្រើន​៕

© រក្សាសិទ្ធិដោយ thmeythmey.com