កីឡាជាតិ
ជាតិ
ការប្រកួតចុងក្រោយប្រចាំឆ្នាំ២០១៩ កម្ពុជា ស្វាគមន៍ម៉ុងហ្គោលី នៅថ្ងៃទី១៤ ខែវិច្ឆិកា ក្រុមជម្រើសជាតិម៉ុងហ្គោលី។ រូបភាព FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារកីឡដ្ឋានជាតិអូឡាំពិកដើម្បីទទួលភ្ញៀវម៉ុងហ្គោលីសម្រាប់ជំនួបមិត្តភាពអន្តរជាតិដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០នាទីយប់។ នេះបើតាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៤ ខែតុលានេះ។
ក្រុមជម្រើសជាតិម៉ុងហ្គោលី សព្វថ្ងៃស្ថិតនៅចំណាត់ថ្នាក់ទី១៨៣ ពិភពលោក ក្នុងតារាង FIFA Ranking ពោលគឺនៅលេខរៀងទាបជាងកម្ពុជាដែលឈរលេខ១៦៩។
បើទោះបីមានចំណាត់ថ្នាក់ទាបជាងកម្ពុជាមែន ប៉ុន្តែម៉ុងហ្គោលីបានបង្ហាញភាពភ្ញាក់ផ្អើលនាពេលថ្មីៗនេះរូចមកហើយ តាមរយៈការយកឈ្នះមីយ៉ាន់ម៉ាដែលជាក្រុមខ្លាំងមួយនៅអាស៊ាន ដោយលទ្ធផល ១-០ នាការប្រកួតជម្រុះ World Cup វគ្គសន្សំពិន្ទុ ជុំទី២ ពូល F ប្រចាំតំបន់អាស៊ី។
បើគិតតាមការបង្ហាញខ្លួនប៉ុន្មានប្រកួតចុងក្រោយ ពោលគឺក្នុងវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកនៅកាតា ឆ្នាំ២០២២ ម៉ុងហ្គោលីគឺធ្វើបានល្អជាងកម្ពុជា។ ល្អជាងត្រង់ថា ម៉ុងហ្គោលីដែលមានលោក Michael Weiß សញ្ជាតិអាល្លឺម៉ង់ជាគ្រូបង្វឹកនោះ អាចរកបាន៣ពិន្ទុ ពីការប្រកួត៤លើក ឈរចំណាត់ថ្នាក់ទី៤ក្នុងតារាងពូល F ដោយរបូតគ្រាប់បាល់សរុបតែ៧គ្រាប់ប៉ុណ្ណោះ។
ដោយឡែក គោព្រៃកម្ពុជាដែលមានលោក Keisuke Honda ជាអ្នកចាត់ការ និងលោក Felix Dalmas ជាគ្រូបង្វឹក ក្រោយឆ្លងកាត់៤ប្រកួតដូចគ្នារកបានតែ១ពិន្ទុប៉ុណ្ណោះ ស្ថិតនៅបាតតារាងពូល C ក្នុងនោះរបូតគ្រាប់បាល់រហូត ១៩គ្រាប់។
ជំនួបមិត្តភាពនេះ ទំនងជាការប្រកួតកំដៅសាច់ដុំសម្រាប់ក្រុមកម្ពុជាផង មុនពេលពួកគេទៅចូលរួមប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅហ្វីលីពីនចុងឆ្នាំនេះ។ កម្ពុជា ស្ថិតនៅពូលA ជាមួយម្ចាស់ផ្ទះហ្វីលីពីន ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងទីម័រខាងកើត៕
Tag:
ជម្រើសជាតិ
ម៉ុងហ្គោលី
© រក្សាសិទ្ធិដោយ thmeythmey.com