ជាតិ
នយោបាយជាតិ
សម្តេច ហ៊ុន សែន៖«គេ ខ្លាចបំផុត ពេលខ្ញុំអត់មាត់»
× សម្តេច ហ៊ុន សែន លែងប្រតិកម្ម ខណៈក្រុមប្រឆាំងនៅក្រៅប្រទេស ដែលមានលោក សម រង្ស៊ី ជាមេដឹកនាំ កាន់តែប្រកាសពីការធ្វើមាតុភូមិនិវត្ត។ សម្តេច ប្រាប់ថា បើសម្តេច ឈប់មាត់កហើយ គេ មិនអាចប៉ាន់ស្មានដឹងឡើយថា សម្តេច ចង់ធ្វើអ្វី។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ សម្តេច ហ៊ុន សែន បង្ហាញពីអត្តចរិតខ្លួនថា៖«សួរទៅមន្ត្រីដែលធ្លាប់នៅជាមួយខ្ញុំ ធ្វើការជាមួយខ្ញុំរាប់សិបឆ្នាំហើយ គេ បារម្ភបំផុត គេ ខ្លាចខ្ញុំអត់មាត់។...កាលណា ខ្ញុំ មិននិយាយហើយ ពិបាក មិនដឹងថា ហ៊ុន សែន បត់ឆ្វេងឬបត់ស្តាំ...។
សម្តេច ហ៊ុន សែន ចាត់ទុកខ្លួនជាជង់ ហើយហៅក្រុមអ្នកប្រឆាំង ដែលគ្រោងចូលមកកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថាជាកុក។ សម្តេច លើកឡើងថា កុក អាចភ្លេចជង់ តែជង់ មិនដែលភ្លេចកុកឡើយ។
សម្តេច ហ៊ុន សែន ក៏បានសើចចំអកឲ្យក្រុមប្រឆាំងផងដែរថា ហាក់ខ្សោយខាងយុទ្ធសាស្ត្រ និងវាយតម្លៃសភាពការណ៍មិនត្រូវ។ មើលទៅយុទ្ធសាស្ត្ររបស់ក្រុមប្រឆាំង ស្រដៀងនឹងឈុនមួយក្នុងរឿងសាមកុក សម្តេច ក៏បាននិទានត្រង់ឈុន មេទ័ពចូវអ៊ី ខាងតុងអ៊ូ (ក្រោយមកក្លាយជានគរអ៊ូ) ដែលតែងចាញ់ប្រាជ្ញា ជូ កឺលាង ទីប្រឹក្សារបស់លីប៉ី ខាងជីងចូវ (ក្រោយមកក្លាយជានគរ ស៊ូ) និង ឧបរាជ ឆាវឆាវ នៃនគរហាន (ក្រោយមកក្លាយជានគរអ៊ួយ) ដែលចាញ់កល ជូ កឺលាង ពេលធ្វើសង្គ្រាមឆឺពី។
«បើបង្កើត ចូវអ៊ីហើយ បង្កើត ជូ កឺលាង មកធ្វើអ្វី»។ នេះជាសម្តីរបស់ចូវអ៊ី ដែលសម្តេច ហ៊ុន សែន បានលើកឡើង។ ចូវអ៊ី ពោលពាក្យនេះ ពេលគេក្អួតឈាម ព្រោះឈឺចិត្តនឹងចាញ់ប្រាជ្ញាជូ កឺលាង ជាបន្តបន្ទាប់។
បន្ទាប់មក សម្តេច ហ៊ុន សែន ក៏និយាយពីឆាវឆាវ។ ពេលចាញ់សង្គ្រាមឆឺពី ឆាវឆាវ រត់ទៅដល់តំបន់មួយ ហើយក៏ចំអកឲ្យ ជូ កឺលាង ថាគ្រាន់តែជាអ្នកសិក្សាគ្មានយុទ្ធសាស្ត្រ ហើយនិយាយថា បើខ្លួនជាជូ កឺលាង នឹងបង្កប់ទ័ពនៅទីនេះ ស្រាប់តែរំពេចនោះ ទ័ពរបស់ជូ កឺលាង ដែលបង្កប់នៅទីនោះ ក៏លេចចេញមក ឆាវឆាវ ក៏បន្តរត់គេចខ្លួន។
ទៅដល់តំបន់មួយទៀត មើលទៅដូចជាស្ងាត់ គ្មានទ័ពបង្កប់ ឆាវឆាវ ក៏សើចក្អាកក្អាយ ហើយមើលងាយជូ កឺលាង ថាមិនចេះយុទ្ធសាស្ត្រ និងបាននិយាយដូចលើកមុនថា បើខ្លួនជាជូ កឺលាង នឹងបង្កប់ទ័ពនៅទីនេះ។ និយាយមិនទាន់ចប់ផង ស្រាប់តែទ័ពរបស់ជូ កឺលាង ចេញមក ធ្វើឲ្យឆាវឆាវ ភ័យស្លន់ស្លោ ហើយក៏ប្រញាប់បំបោលសេះ រត់យកជីវិត។
រត់ទៅដល់កន្លែងមួយទៀត មើលទៅទំនងជាអស់ទ័ពបង្កប់ ឆាវឆាវ ក៏បានចំអកឲ្យជូ កឺលាង ដូចមុន។ ពេលនោះ គួនអ៊ី ដែលមេទ័ពនិងជាប្អូនធម៌របស់លីវប៉ី ក៏បានចេញមក។ ពេលនោះ ឆាវឆាវ ក៏ទល់ច្រក មិនអាចរត់គេចខ្លួនដូចលើកមុនបានឡើយ ហើយបើគួនអ៊ី ចង់សម្លាប់ឆាវឆាវ គឺងាយដូចបកចេកអ៊ីចឹង។ តែពេលនោះ គួនអ៊ី មិនសម្លាប់ឆាវឆាវទេ ហើយក៏ដោះលែង ឆាវឆាវ ឲ្យរួចខ្លួន។ ធ្វើដូច្នេះ ក៏ព្រោះតែគួនអ៊ី ធ្លាប់ជំពាក់គុណឆាវឆាវ។
ជូ កឺលាង ដែលជាអ្នកបញ្ជាទ័ពក្នុងសង្គ្រាមនេះ ក៏មិនចង់ឲ្យសម្លាប់ឆាវឆាវដែរ ព្រោះខ្លាចមានគំនុំធំជាមួយគ្រួសាររបស់ឆាវឆាវនិងនគរហាន ទើបបញ្ជូនគួនអ៊ីទៅ ពេលឆាវឆាវដល់កន្លែងទល់ច្រក ដោយដឹងថា គួនអ៊ី មានគុណធម៌ជាងគេ (មានគុណសងគុណ មានទោសសងទោស) នឹងមិនសម្លាប់ឆាវឆាវឡើយ។
សម្តេច ហ៊ុន សែន លើកពីរឿងសាមកុកត្រង់កន្លែងនេះ ទំនងជាចង់ប្រដូចថា កាលៈទេសៈនាពេលនេះ សម្តេច ដូចជាជូ កឺលាង និង លីវប៉ី ហើយក្រុមអ្នកប្រឆាំង ដូចជា ចូវអ៊ី និង ឆាវឆាវ ដែលចាញ់ប្រាជ្ញានិងយុទ្ធសាស្ត្ររបស់ជូ កឺលាង។ សម្តេច ក៏ប្រាប់ឲ្យពួកគេ មើលរឿងសាមកុក ដើម្បីបានដឹងពីយុទ្ធសាស្ត្រខ្លះ។
និទានរឿងសាមកុករួច សម្តេច ហ៊ុន សែន ក៏សំដៅទៅក្រុមប្រឆាំងថា៖«ឯងឯនេះ សង្ឃឹមយកឈ្នះ ហ៊ុន សែន យ៉ាងម៉េច។ ឥឡូវ វាយតម្លៃសភាពការណ៍ថា មាន [មនុស្ស] រាប់លាននាក់ ទាហានលើសលប់ រង់ចាំតែផ្តួល ហ៊ុន សែន។ ចុះបើអ៊ីចឹងដែរ ម៉េចក៏មិនមក ចាំដល់ថ្ងៃណាទៀត ដូចឆ្ងល់...។
សម្តេច បន្តថា៖«ជង់ អត់ចេះនិយាយទេ ប៉ុន្តែតែដើរចូលជាប់ជង់ហើយ។ ម្យ៉ាងទៀត វា គ្មានការចាំបាច់ផង សមត្ថកិច្ច កម្លាំងគ្រប់ប្រភេទ ទទួលបទបញ្ជារួចជាស្រេចទៅហើយ មិនចាំបាច់ថា តើគួរធ្វើអ្វី ធ្វើរបៀបម៉េចទេ...»។
លោក សម រង្ស៊ី រំពឹងថា ពលករខ្មែរជាច្រើន ជាពិសេពលករនៅថៃ នឹងរួមដំណើរមកកម្ពុជាជាមួយលោក។ លោក ប្រកាសកន្លងមកថា លោក មានបំណងធ្វើដំណើរដោយថ្មើរជើងជាមួយពលករ ឆ្លងកាត់ព្រំដែនថៃ ចូលមកមម្ពុជា។ ទន្ទឹងមនេះ លោក បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ ផ្តាច់ខ្លួនចេញពីរដ្ឋាភិបាល ហើយទៅចូលរួមជាមួយលោក ដើម្បីជំរុញឲ្យមានការផ្លាស់ប្តូរ។
លោក សម រង្ស៊ី អះអាងថា លោក មិនមែនចូលមកឲ្យសម្តេច ហ៊ុន សែន ចាប់ទេ តែលោកទៅវិញទេ ដែលចាប់សម្តេច ហ៊ុន សែន។ លោក ថា ការវិលត្រឡប់របស់លោក គឺដើម្បីរំដោះប្រទេសជាតិ រំដោះព្រះមហាក្សត្រ និង រំដោះលោក កឹម សុខា៕
© រក្សាសិទ្ធិដោយ thmeythmey.com