ឥណ្ឌា រៀបចំ​ការបោះឆ្នោត​នៅក្នុង​តំបន់​កា​ស្មៀ​រ ខណៈ​បក្ស​ក្នុង​តំបន់​ធ្វើពហិកា​
អន្តរជាតិ
ឥណ្ឌា រៀបចំ​ការបោះឆ្នោត​នៅក្នុង​តំបន់​កា​ស្មៀ​រ ខណៈ​បក្ស​ក្នុង​តំបន់​ធ្វើពហិកា​
24, Oct 2019 , 7:39 pm        
រូបភាព
រូបភាព៖ Al Jazeera
រូបភាព៖ Al Jazeera
​ឥណ្ឌា រៀបចំ​ការបោះឆ្នោត​ថ្នាក់​តំបន់​មួយ​នៅ​ថ្ងៃទី ២៤ ខែតុលា នៅក្នុង​ដែន​រដ្ឋបាល​ឥណ្ឌា កា​ស្មៀ​រ​។ ប៉ុន្តែ​ការបោះឆ្នោត​នេះ នឹងមាន​វត្តមាន​បក្ស​ក្នុង​តំបន់​ឡើយ ដោយ​ពួកគេ​ចោទថា  ការបោះឆ្នោត​នេះ «​គ្មាន​លទ្ធ​ប្រជាធិបតេយ្យ​»​។ ការបោះឆ្នោត​នេះ ក៏​ធ្វើឡើង​ក្នុង​បរិបទ​ដែល​តំបន់​កា​ស្មៀ​កំពុងស្ថិត​ក្នុង​ភាព​តានតឹង​នៅឡើយ​។



​មកទល់ពេលនេះ មេដឹកនាំ​គណបក្ស​ឥណ្ឌា​និយម​ជាច្រើន​រយ​នាក់ កំពុង​ជាប់​ឃុំឃាំង​មិនទាន់​ដោះលែង​នៅឡើយ ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​ញូ​វ ដែ​លី បាន​ដក​ឋានៈ​ស្វ័យភាព​ពិសេស​លើ​តំបន់​កា​ស្មៀ​រ​តាំងពី​ថ្ងៃទី​០៥ ខែសីហា​មក​ម្លេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ព័ត៌មាន Aljazeera​។

​ការដក​ឋានៈ​ស្វ័យភាព​ពិសេស មិនទាន់​ប្រគល់​មកវិញ​ផង ឥឡូវ​ឥណ្ឌា​រៀបចំ​ការបោះឆ្នោត​នៅក្នុង​តំបន់​។ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ ប្រជាជន ក៏ដូចជា​អ្នកនយោបាយ​ក្នុង​តំបន់ បាន​រិះគន់​ទៅលើ​សកម្មភាព​នេះ​ជាខ្លាំង​។ ជាក់ស្តែង អ្នកនយោបាយ​វ័យក្មេង​ក្នុង​តំបន់​កា​ស្មៀ​រ លោកស្រី Shehla Rashid ដែល​បាន​លាឈប់​នៅ​ដើមខែ​តុលា នេះ បាន​លើកឡើងថា ខ្លួន​មិន​ចង់បាន «​ធម្មានុរូប (​ភាពស្របច្បាប់​)» តាមរយៈ​ការរៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​របស់​ទីក្រុង​ញូវដែលី​នោះទេ​។

​ប្រសិនបើ​មានការ​បោះឆ្នោត​មែន​នោះ ប្រធាន​ក្រុមប្រឹក្សា​ភូមិ​សរុប ២៦,៦២៩ រូប  ត្រូវ​បោះឆ្នោត​ជ្រើសរើស​អ្នកតំណាង​៣១០ ក្នុងចំណោម ៣១៦​។ ក្នុងចំណោម​សមាសភាព​ទាំងនោះ មាន​អ្នកតំណាង​មួយក្រុម​មកពី​តំបន់​កា​ស្មៀ​រ​។ ដោយសារតែ​មិន​ពេញចិត្ត​ទៅនឹង​រដ្ឋាភិបាល​ឥណ្ឌា ដែល​បាន​និរាករណ៍​(​ការលុបចោល​) មាត្រា​៣៧០ នៃ​រដ្ឋធម្មនុញ្ញ​ឥណ្ឌា ចែង​អំពី​ឋានៈ​ស្វ័យភាព​ពិសេស​តំបន់​កា​ស្មៀ​រ គណបក្សនយោបាយ​ធំៗ​នៅក្នុង​តំបន់​កា​ស្មៀ​រ បាន​ពហិកា​មិន​ដាក់​បេក្ខជន​របស់​ពួកគេ​ទៅក្នុង​ការបោះឆ្នោត​។
​គណបក្ស​ដែល​មិន​ចូលរួម​មានដូចជា National Conference, People Democratic Party, People Conference និង​គណបក្ស​តូចៗ​ផ្សេងទៀត​។

​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Aljazeera កៅអី​ក្រុមប្រឹក្សា​ភូមិ​ប្រមាណ​ជា ៦០​ភាគរយ នឹង​ទុក​ឲ្យ​ទំនេរ ដោយសារតែ​ពហិកា​របស់​គណបក្សនយោបាយ​ក្នុង​តំបន់​។ បន្ថែម​ពីលើ​នេះ បេក្ខជន​ជាង ១០៦៥ បាន​ចុះ​ត្រូវ​យុ​ទ្ធា​ការឃោសនាបោះឆ្នោត ជា​លើកដំបូង​ក្នុងជំនួប​ប្រជុំ​បិទទ្វារ​នា​ថ្ងៃទី​២៣ ខែតុលា​។ ការណ៍​នេះ បង្ក​ឲ្យ​មានការ​រិះគន់​ពី​គណបក្សប្រឆាំង​ជាខ្លាំង​។
​សូមបញ្ជាក់ គិត​ចាប់​មក​តាំងពី​ថ្ងៃទី​៥ ខែសីហា មកដល់​ពីនេះ រដ្ឋាភិបាល​ឥណ្ឌា​មិនទាន់​ផ្តល់​ឋានៈ​ស្វ័យភាព​ពិសេស​ដល់​តំបន់​កា​ស្មៀ​រវិ​ញ​ទេ​។ ប៉ុន្តែ​ស្ថានភាព​នៅក្នុង​តំបន់​ហាក់​ធូរស្បើយ​បាន​បន្តិច​ដូចជា ការតភ្ជាប់​ប្រព័ន្ធ​ទូរ​សព្ទ​ជាដើម​។ ចំណែកឯ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅតែ​បន្ត​ផ្តាច់​ដដែល​៕

Tag:
 ឥណ្ឌា​
  កា​ស្មៀ​រ
© រក្សាសិទ្ធិដោយ thmeythmey.com