អន្តរជាតិ
អាមេរិក​ដក​ទណ្ឌកម្ម​តួ​ក​គី ខណៈ​រុស្ស៊ី និង​តួ​ក​គី​កំពុង​ឡើងចាង​នៅ​ស៊ី​រី​
24, Oct 2019 , 8:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាស្តីពីស៊ីរី នៅសេតវិមានអាមេរិក ថ្ងៃ២៤ តុលា ២០១៩ (AFP)
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងសុន្ទរកថាស្តីពីស៊ីរី នៅសេតវិមានអាមេរិក ថ្ងៃ២៤ តុលា ២០១៩ (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបញ្ចប់​ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី​ដែល​ដាក់​កាលពី​៩​ថ្ងៃមុន​ក្រោយ​ក្រុង​អង់កា​រ៉ា​បើក​ប្រតិបត្តិការ​យោធា​លើ​ក្រុម​ឃើ​ដ​ក្នុង​តំបន់​ភាគ​ខាងជើង​ស៊ី​រី​។ មេដឹកនាំ​រូបនេះ​ក៏​ប្រកាស​ជំហរ​ដកខ្លួន​ចេញពី​សង្គ្រាម​រា​ុំ​រ៉ៃ​នៅ​ស៊ី​រី ខណៈ​រុស្ស៊ី​និង​តួ​ក​គី​ពួតដៃគ្នា ចូលទៅ​កាន់កាប់​ទឹកដី​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​កងទ័ព​អាមេរិក​និង​សម្ព័ន្ធមិត្ត​គ្រា​លំបាក ពួក​ឃើ​ដ​។



អត្ថបទទាក់ទង

​ទុក​ឲ្យ​អ្នកផ្សេង​ប្រយុទ្ធ​ក្នុង​សង្គ្រាម​បង្ហូរឈាម​ដ៏​វែង​អន្លាយ​នៅ​ស៊ី​រី ជំនួស​សហរដ្ឋអាមេរិក​ចុះ​។ លោក ដូ​ណា​ល់ ត្រាំ និយាយ​បែបនេះ​នៅ​ថ្ងៃ​ពុធ ២៣ តុលា ក្នុង​សេត​វិមាន​អាមេរិក ។ ក្នុង​សុន្ទរកថា​ដែល​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ លោក ត្រាំ លើកឡើង​ទៀតថា​៖«​ទណ្ឌកម្ម​[​ប្រឆាំង​តួ​ក​គី​] នឹងត្រូវ​ដកហូត ប្រសិនបើ​គ្មានអ្វី​កើតឡើង​ដែល​យើង​មិន​ពេញចិត្ត​ជាមួយ​ទេនោះ​»​។

​ទន្ទឹមនឹង​ការប្រកាស​បញ្ចប់​ទណ្ឌកម្ម លោក​ប្រធានាធិបតី​អាមេរិក គូសបញ្ជាក់ថា តួ​ក​គី​បាន​ធានា​ជាមួយ​លោក​ថា ខ្លួន​នឹង​បញ្ឈប់​ការប្រយុទ្ធ​គ្នា​ក្នុង​តំបន់​ស៊ី​រី ហើយនឹង​ធ្វើ​ឲ្យ​បទ​ឈប់​បាញ់​ដែល​បាន​បង្កើតឡើង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ទៅជា​អចិន្ត្រៃយ៍​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP  ក្រសួង​រតនាគារ​អាមេរិក ក្រោយមក​បាន​បញ្ជាក់ថា ទណ្ឌកម្ម​ដែល​បានដាក់​កាលពី​ថ្ងៃ​១៤ តុលា ប្រឆាំង​ក្រសួងការពារជាតិ​និង​ថាមពល​តួ​ក​គី ក៏ដូចជា​លើ​មន្ត្រី​គ្រាក់ៗ​មួយចំនួនទៀត​។​

​តួ​ក​គី បានចេញ​បញ្ជា​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​សកម្មប្រយុទ្ធ ឃើ​ដ (SDF) នៅ​តំបន់​ភាគ​ខាងជើង​ស៊ី​រី ដែល​ក្រុង​អង់កា​រ៉ា​ចាត់ទុកជា​ក្រុម​ភេរវកម្ម កាលពី​ថ្ងៃ​៩ តុលា ពោលគឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​អាមេរិក​ប្រកាស​ដក​កងទ័ព​ចេញពី​ទីតាំង​នោះ​។ សម្រាប់​យុ​ន្ធ​នា​ការ​យោធា​នេះ រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​មានបំណង​បង្កើត​«​តំបន់​សុវត្ថិភាព​» ជម្រៅ​៣០​គីឡូម៉ែត្រ និង​ប្រវែង​៤២០​គីឡូម៉ែត្រ តាម​បណ្តោយ​ព្រំដែន​ខាង​ទឹកដី​ស៊ី​រី ដោយ​គ្មាន​វត្តមាន​ពួក​សកម្មប្រយុទ្ធ​ឃើ​ដ​។ ហើយ​គោលដៅ​នៃ​តំបន់ទ្រនាប់​នេះ លោក​ប្រធានាធិបតី​តួ​ក​គី អ៊ែរ​ដូ​ហ្គា​ន់ ចង់យក​ធ្វើជា​កន្លែង​ស្នាក់នៅ​ថ្មី​សម្រាប់​ជនភៀសខ្លួន​មកពី​ស៊ី​រី​ប្រមាណ​២​លាន​នាក់ ដែល​បច្ចុប្បន្នកំពុង​ជ្រកកោន​ក្នុងប្រទេស​ខ្លួន​។​

​ទោះជា​ប្រកាស​ដក​កងទ័ព​ចេញពី​ទឹកដី​ស៊ី​រី លោក ដូ​ណា​ល់ ត្រាំ លើកឡើងថា លោក​នឹង​រក្សា​កងទ័ព​អាមេរិក​តិចតួច ដើម្បី​ឈរជើង​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ស៊ី​រី​ក្នុង​គោលដៅ​ការពារ​រោងចក្រ​ចម្រាញ់​ប្រេង​។ ជាមួយគ្នានេះដែរ មេដឹកនាំ​វ័យ​៧៣​ឆ្នាំ​រូបនេះ ក៏​ទទូច​ឲ្យ​តួ​ក​គី​រក្សា​ជំហរ​រឹងមាំ​ការពារ​ការ​ងើប​ឡើងវិញ​នៃ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម (ISIS) ព្រមទាំង​ប្រាកដថា ចលនា​របស់​ក្រុម​ជី​ហាត​មិន​ផុសផុល​ជាថ្មី​លើទឹក​ដី​ស៊ី​រី​។​

​ម្យ៉ាង​ការប្រកាស​ពី​ជំហរ​អាមេរិក​លើ​សំ​ណុ​រឿង​ស៊ី​រី​របស់លោក ត្រាំ នេះ កើតឡើង​ក្រោយពេល​រុស្ស៊ី​និង​តួ​ក​គី​ព្រមព្រៀងគ្នា​ពង្រាយ​កងទ័ព​ធ្វើ​សកម្មភាព​ល្បាត​ក្នុង​ទឹកដី​ដែល​ក្រុង​អង់កា​រ៉ា​ចង់​បង្កើតជា «​តំបន់​សុវត្ថិភាព​» ក្នុង​តំបន់​ភាគ​ខាងជើង​ស៊ី​រី ជាប់​ព្រំដែន​តួ​ក​គី​។ ហើយ​វា ក៏​ជាទី​តាំង​ដេ​ល​ធ្លាប់​កាន់កាប់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ​ផងដែរ​។​

​សូមបញ្ជាក់ថា អង្គការសហប្រជាជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា មនុស្ស​ច្រើនជាង ១៧៦០០០​នាក់ ដែល​ក្នុងនោះ​មាន​កុមារ​ជិត​៨​ម៉ឺន​នាក់ ត្រូវ​ជម្លៀស​ខ្លួន​ចេញពីផ្ទះ​សំបែង​ក្នុង​រយៈពេល​២​សប្តាហ៍​នៃ​ការវាយប្រហារ​របស់​យោធា​តួ​ក​គី ក្នុង​ភាគ​ខាងជើង​ស៊ី​រី​។ ក្នុង​តំបន់​នេះ មាន​ប្រជាជន​រស់នៅ​ប្រមាណ​៣​លាន​នាក់ ដែល​ភាគច្រើន​គឺជា​ជនជាតិ​ឃើ​ដ​។ ហើយ​បើតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​ប្រទេស​ស៊ី​រី ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ជន​ស៊ីវិល​១២០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​សមរភូមិ​នេះ អម​ជាមួយនឹង​សកម្មប្រយុទ្ធ​ឃើ​ដ ២៥៩​នាក់​, ក្រុម​បោះ​បោរ​ស៊ី​រី​ដែល​គាំទ្រ​ដោយ​តួ​ក​គី ១៩៦​នាក់ និង​ទាហាន​តួ​ក​គិ​៧​នាក់​៕

Tag:
 សហរដ្ឋអាមេរិក​
  តួ​ក​គី​
  ស៊ី​រី​
  រុស្ស៊ី​
  ដូ​ណា​ល់​ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com