ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចិន ផ្តល់ជំនួយ​៨៤​លាន​ដុល្លារ​ទៀត ពង្រឹង​វិស័យ​យោធា​កម្ពុជា​
24, Oct 2019 , 9:19 pm        
រូបភាព
សម្តេច ទៀ បាញ់ ផ្តល់បទសម្ភាសដល់អ្នកកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ក្រោយត្រឡប់មកពីបំពេញទស្សនកិច្ចនៅចិន (រូបពីAKP)
សម្តេច ទៀ បាញ់ ផ្តល់បទសម្ភាសដល់អ្នកកាសែត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ក្រោយត្រឡប់មកពីបំពេញទស្សនកិច្ចនៅចិន (រូបពីAKP)
ដោយ: ថ្មីៗ
​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ អះអាងថា ចិន បានផ្តល់​ជំនួយឥតសំណង​ប្រមាណ​៨៤​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ពង្រឹង​វិស័យ​ការពារជាតិ​កម្ពុជា​។ ការអះអាង​នេះ គឺធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៩ ក្រោយពី​សម្តេច ត្រឡប់​មកពី​បំពេញ​ទស្សនកិច្ច​នៅ​ចិន​។



​ទី​ភ្នា​ក់​សារព័ត៌មាន​កម្ពុជា (AKP) ស្រង់​សម្តី​របស់​សម្តេច​រដ្ឋមន្ត្រី ដែល​ថ្លែង​ទៅកាន់​អ្នកកាសែត នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​ភ្នំពេញ ទៅ​ចុះផ្សាយ​ថា​៖«​ទំហំ​ទឹកប្រាក់ ដែល​មហាមិត្ត​ចិន​បង្កើន​នេះ គឺជា​ការបញ្ជាក់​អំពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​»​។

​សម្តេច ទៀ បាញ់ បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២២ ខែតុលា​។ សម្តេច បាន​ចូលរួម​ពិធី​បើក​ការប្រកួត​កីឡា​យោធា​ពិភពលោក​លើក​ទី​៧ នៅ​ចិន និង​ចូលរួម​វេទិកា​ផ្សេងទៀត​។ ក្រៅពីនេះ សម្តេច បាន​ជួប​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន និង លោក វ៉េ ហ្វ៊ុ​ង​ហឺ រដ្ឋមន្ត្រី​ការពារ​ជាតិចិន​។

​ក្នុងជំនួប​រវាង សម្តេច ទៀ បាញ់ និង លោក វ៉េ ហ្វ៊ុ​ង​ហឺ ភាគី​កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​។ លោក វ៉េ ហ្វ៊ុ​ង​ហឺ លើកឡើងថា ចិន នៅតែ​បន្ត​ផ្តល់ជំនួយ​និង​គាំទ្រ ដល់​ការកសាង​កងទ័ព​និង​ការអភិវឌ្ឍ​វិស័យ​ការពារជាតិ​កម្ពុជា​។​

​ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​សរសេរ​ពីស​ម្តី​របស់លោក វ៉េ ហ្វ៊ុ​ង​ហឺ យ៉ាង​ដូច្នេះ​ថា​៖«​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ជិតស្និទ្ធ និង​ទទួលបាន​សមិទ្ធផល​ធំធេង​ជាច្រើន ហើយ​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ បានក្លាយ​ទៅជា​យន្តការ​មួយ ដែល​បាន​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ចិន​»៕

Tag:
 កម្ពុជា​-​ចិន​
  ជំនួយ​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com