ជាតិ
អាជ្ញាធរ​ប្រគល់​ឈើ​ឱ្យ​ព្រះសង្ឃ​វត្ត​អ​ធ្ធា​វិញ ក្រោយ​រឹបអូស​ទៅ​ទុក​មួយ​សប្ដាហ៍​
24, Oct 2019 , 3:34 pm        
រូបភាព
រូបភាព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
រូបភាព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប
​សៀមរាប​៖ ទីបំផុត​ទៅ ករណី​រឿង​ព្រះសង្ឃ​វត្ត​អ​ធ្ធា​លួច​កាប់​ឈើ​ក្នុង​បរិវេណ​វត្ត បាន​បិទ​បញ្ចប់​ហើយ​។ អាជ្ញាធរ​បានប្រគល់​ឈើ​ដែល​រឹបអូស​ទាំង​កណ្ដាលយប់​កើតហេតុ ឱ្យ​ព្រះសង្ឃ​វិញ ដោយ​ទុក​ឈើ​ទាំងនោះ​ជាការ​ប្រគេន​ដល់​វត្ត​ស្របពេល​មាន​តម្រូវការ​សាងសង់​កុដិ​ស្រាប់​។​



​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ទីរ​ក​សិ​កម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​២២ តុលា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «... ដោយមាន​ស្នើសុំ​បិណ្ឌបាត​ពី​ព្រះសង្ឃ​និង​គណៈកម្មការ​អាចារ្យវត្ត សមត្ថកិច្ច​បានសម្រេច​ប្រគេន​ឈើ​ទៅ​ព្រះសង្ឃ​វិញ និង​បាន​ចូលរួម​បច្ច័យ​សាងសង់​កុដិ​ចំនួន​មួយ​លាន​រៀល​»​។​

​អាជ្ញាធរ​បំភ្លឺ​ករណី​រឹបអូស​ទៅ​រក្សាទុក​នៅ​យប់​ថ្ងៃទី​១៥ តុលា​កន្លងមក​ថា ដោយសារ​មានការ​រាយការណ៍​ពី​ករណី​កាប់​ឈើ​នៅ​យប់​ម៉ោងជាង​១០ កម្លាំងចម្រុះ​មាន កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​និង​ប្រទះឃើញ មាន​ឈើទាល​អារ​រួច​៤៦​សន្លឹក និង​ឈើមូល​២​កំណាត់​។ ក្នុង​លិខិត​ដដែល​បាន​បញ្ជាក់ថា ដោយពេល​វេលាយប់​ជ្រៅ ហើយ​ទីតាំង​កើតហេតុ​នៅក្រៅ​បរិវេណ​វត្ត សមត្ថកិច្ច​សម្រេច​ដឹកឈើ​ទាំងនោះ​ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ផ្នែក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ស្ថិតនៅ​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី​។​

​ក្រោយមក​អាជ្ញាធរ​បាន​ចុះមក​ស្រាវជ្រាវ និង​បាន​រកឃើញថា ពិតជា​មានការ​លួច​កាប់​ឈើ​ខុសច្បាប់​ក្នុង​វត្ត​អ​ធ្ធា​ពិតប្រាកដ​មែន តែ​ការបំភ្លឺ​របស់​ព្រះសង្ឃ​ព្រះនាម ភ្លឿ​ន រ័ត្ន គ្រូសូត្រស្ដាំ​វត្ត​អ​ធ្ធា​មាន​សង្ឃដីកា​ថា ការកាប់​នេះ​ដោយសារ​ដើមឈើ​នោះ​ត្រូវ​រន្ទះបាញ់ ចាប់ផ្តើម​ងាប់ និង​មាន​មែកឈើ​ធ្លាក់​មកលើ​ដី ដែល​ការណ៍​នេះ​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ទើប​គណៈកម្មការ​វត្ត​សម្រេច​កាប់ តែ​ពុំបាន​ជូនដំណឹង​ដល់​អាជ្ញាធរ​៕

Tag:
 ព្រៃឈើ​
  វត្ត​អ​ធ្ធា​
  កាប់​ឈើ​
© រក្សាសិទ្ធិដោយ thmeythmey.com