កីឡាជាតិ
ជាតិ
លោក ស សុខា៖ បើលេងកីឡាស្រេចតែចិត្ត នឹងធ្វើឲ្យបាត់បង់ទេពកោសល្យពីកំណើត
× លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងថា កីឡាករនឹងបាត់បង់ភាពប៉ិនប្រសប់និងទេពកោសល្យពីកំណើត បើជ្រើសរើសកីឡាតាមតែចិត្តចង់។ សម្រាប់ លោក កីឡាករគ្រប់រូបមុនសម្រេចចិត្តជ្រើសរើសប្រភេទកីឡាអ្វីមួយ គឺត្រូវសិក្សានិងមើលពីទេពកោសល្យរបស់ខ្លួនឲ្យបានល្អិតល្អន់។
កីឡានឹងមិនអាចរីកចម្រើនបានឡើយ បើកីឡាករគ្រប់រូបជ្រើសរើសប្រភេទកីឡាតាមតែចិត្ត មិនសិក្សាពីទេពកោសល្យរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ដែលជំរុញឲ្យកីឡាករសិក្សាឲ្យច្បាស់សិន មុនសម្រេចចិត្តជ្រើសរើសកីឡាប្រភេទណាមួយ ដើម្បីលេង។
«គ្រប់កីឡាទាំងអស់បើយើងលេងស្រេចតែចិត្ត ខ្ញុំគិតថា នឹងខូចទម្រង់(Form) និងដើមកំណើតនៃដុង(ទេពកោសល្យ)របស់ខ្លួននីមួយៗ»។ លោក ស សុខា លើកឡើងដូច្នេះក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ប្រចាំឆ្នាំ២០១៩ ដែលបានបញ្ចប់យ៉ាងជោគជ័យកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។
ប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជារូបនេះ បានវាយតម្លៃខ្ពស់ចំពោះដំណើរការរៀបចំពានរង្វាន់សម្តេច ស ខេង ក៏ដូចជា សមត្ថភាពរបស់កីឡាករកីឡាការិនី ដែលចូលរួមនៅឆ្នាំនេះ។ លោកបានអះអាងថា សមត្ថភាពកីឡាករកីឡាការិនីមានកើនឡើង គួរឲ្យកត់សម្គាល់បើធៀបនឹងការប្រកួតកន្លងមក ពិសេសយុវជនមកពីតាមបណ្តាខេត្តនានា។
លោកបានលើកឡើងដូច្នេះថា៖«យើងឃើញហើយក្នុងការប្រកួតលើវិញ្ញាសា៣នាក់ទល់៣នាក់កម្រិតយុវជន គឺក្រុមយុវជនមកពីខេត្តកណ្តាលមានអាយុចន្លោះពី១៥ទៅ១៦ឆ្នាំទេ ក្មេងមែនទែន តែពួកគេអាចយកឈ្នះក្រុមកីឡាករ ដែលកំពុងប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ។ នេះមានន័យថា ការដាក់ទុនរបស់យើងកន្លងមក ទទួលបានផលមួយ ដែលអាចទទួលយកបាន»។
សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា នឹងដាក់ចេញផែនការយុត្តិសាស្ត្រអភិវឌ្ឍន៍កីឡាប៉េតង់ឲ្យបានគ្រប់រាជធានីខេត្ត ដើម្បីបង្កើនធនធានកីឡាករឲ្យកាន់តែសម្បូរបែប។ ការដាក់ចេញផែនការនេះ គឺដើម្បីចម្រាញ់រកកីឡាករមានសមត្ថភាព សម្រាប់ត្រៀមការប្រកួតអន្តរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមឆ្នាំ២០២១ និងស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។
លោក ស សុខា បានលើកឡើងពីគោលបំណងនៃការរៀបចំពានរង្វាន់សម្តេច ស ខេង ថា គឺដើម្បីផ្តល់ឱកាសឲ្យយុវជនមកពីតាមបណ្តាខេត្តនានា បានបង្ហាញសមត្ថភាព ដែលពួកគេបានហ្វឹកហាត់កន្លងមក។ ការប្រកួតនេះ ក៏ធ្វើឡើងដើម្បីសម្លឹងរកកីឡាករមានសមត្ថភាព និងទេពកោសល្យ សម្រាប់ប្រមូលផ្តុំក្នុងក្រុមយុវជនថ្នាល និងជម្រើសជាតិផងដែរ។ ជាពិសេស ដើម្បីពង្រឹងនិងវាស់ស្ទង់សមត្ថភាពកីឡាករកីឡាការិនី មន្ត្រីបច្ចេកទេស សម្រាប់ត្រៀមការប្រកួតជើងឯកពិភពលោកយុវជន និងស្ត្រី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅអំឡុងខែវិច្ឆិកា ខាងមុខ។
ក្រោយឆ្លងកាត់ការប្រកួតរយៈពេល៣ថ្ងៃនៅទីលានដំបូលទូកក្នុងពហុកីឡដ្ឋានជាតិ ក្រុមកីឡាករក្រសួងការពារជាតិ(សុខ ចាន់មាន, សុខ ចាន់ម៉ុល, យឹម សុភ័ណ្ឌ, អៀត សុផាត) គ្រងជើងឯកលើវិញ្ញាសា៣នាក់ទល់៣នាក់ពានធំ ក្រោយយកឈ្នះសមាគមកីឡាប៉េតង់តាកែវ(ខាន់ សុខា, ហេង មុន្នី, អន វ៉ានវណ្ណី, ចាន់ សោភ័ណ្ឌ) នៅវគ្គផ្តាច់ព្រ័ត្រ។ នេះជាការគ្រងជើងឯក៣ឆ្នាំជាប់គ្នារបស់ក្រសួងការពារជាតិ បន្ទាប់បានគ្រងពាននេះនៅឆ្នាំ២០១៧ និង ២០១៨។ ចំណែកក្រុមសេនារាជសីហ៍ក្រុម១ទទួលបានចំណាត់ថ្នាក់លេខ៣។
វិញ្ញាសា៣នាក់ទល់៣នាក់យុវជន លេខ១បានទៅលើក្រុមកំពង់សំណាញ់ ក្រោយយកឈ្នះក្រុមមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាខេមរភូមិន្ទនៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមកីឡាប៉េតង់២ធ្នូទទួលបានចំណាក់លេខ៣។ រីឯវិញ្ញាសា៣នាក់ទល់៣នាក់នារី ក្រុមទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ឃួន យ៉ារី, វង ចន្ថា និង ស៊ុន គន្ធា ទទួលបានចំណាត់ថ្នាក់លេខ១ ក្រោយយកឈ្នះក្រុមយោធភូមិភាគពិសេស(អ៊ុន ស្រីយ៉ា, ដួង ឌីណា, ពៅ ឈូករ័ត្ន, ឡេង ម៉ីអើ)នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១៣-៦។ ចំណែកលេខ៣បានទៅក្រុមក្រសួងការពារជាតិ(អ៊ុក ស្រីមុំ, ពៅ ចាន់សុភក្ត្រា, ឈិន ស្រីលាភ, ជុំ ធីវណ្ណ)។
ចំណែកវិញ្ញាសា២នាក់ទល់២នាក់នារី ជើងឯកបានទៅលើក្រុមមជ្ឈមណ្ឌលកីឡាខេមរភូមិន្ទ(ភៀត ផារីតា, អាយ គឹមឆាយ)រីឯ លេខ២បានទៅក្រុមក្រសួងការពារជាតិ(ហុង ស្រនិច, គួន ឈានឈាន) និងលេខ៣បានទៅក្រុមទីស្តីការគណៈរដ្ឋមន្ត្រី១(ផាត វិច្ឆកា, អ៊ុំ ពុទ្ធីយ៉ា)។ ចំណែកវិញ្ញសា៣នាក់ទល់៣នាក់ពានសមាគមលេខ១បានទៅ យោធភូមិភាគទី៥, លេខ២បានទៅក្លិបកីឡាប៉េតង់២ធ្នូ និងលេខ៣បានទៅក្រុមមន្ទីរ អ.យ.ក ខេត្តកំពត។
ដោយឡែកវិញ្ញាសា៣នាក់ទល់៣នាក់វ័យចាស់ លេខ១បានទៅក្រុមសាលាខេត្តស្វាយរៀង, លេខ២បានទៅទីស្តីការគណៈរដ្ឋមន្ត្រី២ និងលេខ៣បានទៅក្រុមដំរីជាន់ខ្លាខេត្តកំពង់ធំ៕
Tag:
ពានសម្តេច ស ខេង
ប៉េតង់
ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com