ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ធនាគារពិភពលោក ឲ្យ​ចំណាត់ថ្នាក់កម្ពុជា​​​ទី ១៤៤ ទាក់ទងនឹងនីតិវិធីធ្វើធុរកិច្ច
24, Oct 2019 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុងចំណោម​ប្រទេស​១៩០ កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៤៤ ចំពោះ​ការសម្រួល​ក្នុង​ដំណើរការ​បែបបទ ឬ​នីតិវិធី​ធ្វើ​ធុរកិច្ច សម្រាប់​ឆ្នាំ​២០២០ ។ គួរ​បញ្ជាក់ថា ចំណាត់​លេខ​១​គឺ​ល្អ​បំផុត ហើយ​លេខ​១៩០ គឺ​អាក្រក់​បំផុត​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក​ស្ដីពី​ភាព​ស្រួល​ក្នុង​ការធ្វើ​ធុរកិច្ច ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៤​ខែតុលា​នេះ​។​


​របាយការណ៍​នេះ​ត្រូវបាន​ចេញផ្សាយ​នៅ​ឆ្នាំនេះ​ក៏ពិតមែន តែ​សម្រាប់​វាយតម្លៃ​បែបបទ​ធ្វើ​ធុរកិច្ច​របស់​ប្រទេស​នីមួយៗ​សម្រាប់​ឆ្នាំ​បន្ទាប់ គឺ​ឆ្នាំ​២០២០​។ ការវាយតម្លៃ​នេះ ត្រូវ​ផ្អែកលើ​កត្តា​ចំនួន ១០ ដែល​រួមមាន​៖ នីតិវិធី​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​, អនុញ្ញាត​សាងសង់​, ទទួលបាន​ថាមពល​អគ្គិសនី​, ចុះបញ្ជី​កម្ម​សិទ្ធ​អចលនទ្រព្យ​, ការពារ​វិនិយោគិន​ក្រុម​តូច​, ការទទួលបាន​ឥណទាន​, បង់ពន្ធ​, ដោះដូរ​ទំនិញ​ចេញចូល​ប្រទេស​, ពង្រឹង​ការអនុវត្ត​កិច្ចសន្យា​តាមផ្លូវ​ច្បាប់ និង​ដោះស្រាយ​ការ​ក្ស័យធន​។​

​របាយការណ៍​បាន​ឲ្យ​ពិន្ទុ​កម្ពុជា ៥៣,៨ (​ពិន្ទុ​ពេញ​១០០) ដែល​ឈរ​នៅ​លេខ​រៀង​ទី​១៤៤ សម្រាប់​ឆ្នាំ​២០២០ ធៀប​នឹង​ពិន្ទុ ៥៤,៨ ដែល​ឈរ​នៅ​លេខ​រៀង​ទី​១៣៨ សម្រាប់​ឆ្នាំ​២០១៩ ។ ហើយ​កាល​ឆ្នាំ​២០១៨ កម្ពុ​ជាមាន​ពិន្ទុ ៥៤,៤៧ និង​ឈរ​លេខ​រៀង ១៣៥ ។​

​ក្នុង​តំបន់​អាស៊ាន កម្ពុ​ជាមាន​ចំណាត់ថ្នាក់​នាំ​មុខតែ​ពីរ​ប្រទេស​ប៉ុណ្ណោះ គឺ​ឡាវ​ដែល​ឈរ​លេខ​រៀង​១៥៤ និង​មី​យ៉ាន​ម៉ា​ទី​១៦៥ ខណៈ​ប្រទេស​ផ្សេងទៀត​ឈរ​នៅ​លេខ​រៀង​ល្អ​ជាង​កម្ពុជា ពោលគឺ​សិង្ហ​បុរី​លេខ​រៀង​ទី​២ ម៉ាឡេស៊ី​ទី​១២ ថៃទី​២១ ព្រុយ​ណេ​៦៦ វៀតណាម​៧០ ឥណ្ឌូណេស៊ី​៧៣ និង​ប្រទេស​ភី​លី​ពី​ន​លេខ​រៀង​ទី​៩៥ ៕

Tag:
 ធុរកិច្ច​
  នីតិវិធី​ធ្វើ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com