ជាតិ
លោក ហ៊ុយ វណ្ណៈ បញ្ជាក់​ពី​ស្ថានភាព​ជំងឺ​អ្នកសារព័ត៌មាន​លោក សំរិទ្ធ ឯក​សុវណ្ណ
24, Oct 2019 , 6:07 pm        
រូបភាព
លោក សំរិទ្ធ ឯកសុវណ្ណ នាពេល​ចូលរួមជំនួបប្រចាំ​ឆ្នាំ​រវាង​សម្តេច ហ៊ុន សែន​ ជាមួយ​អ្នក​សារព័ត៌មាននៅកោះពេជ្យ។ រូបថត ហ្វេសប៊ុក​លោកផ្ទាល់
លោក សំរិទ្ធ ឯកសុវណ្ណ នាពេល​ចូលរួមជំនួបប្រចាំ​ឆ្នាំ​រវាង​សម្តេច ហ៊ុន សែន​ ជាមួយ​អ្នក​សារព័ត៌មាននៅកោះពេជ្យ។ រូបថត ហ្វេសប៊ុក​លោកផ្ទាល់
ភ្នំពេញ​៖ ស្ថានភាព​ជំងឺ​មេរោគ​ក្នុង​គ្រាប់​ឈាម​របស់ លោក សំរិទ្ធ ឯក​សុវណ្ណ នាយករង​ព័ត៌មាន​ប្រចាំ​ទូរ​ស្សន៍​CNC មិនទាន់​ធូរស្បើយ​នៅឡើយ ប៉ុន្តែ​ក៏​មិនមាន​ការវិវត្ត​អាក្រក់​ទៅមុខទៀត​ដែរ​។ នេះ​បើតាម​ការអះអាង​របស់ ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​)​។ លោក សំរិទ្ធ ឯក​សុវណ្ណ ដែលជា​សមាជិក​លេខាធិកា​រដ្ឋា​ន​នៃ ស​.​ស​.​ស​.​ក ផងដែរ​នោះ ត្រូវ​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​បាងកក តាំងពី​ថ្ងៃទី​១១ ខែតុលា មកម្ល៉េះ​។​



«​ស្ថានភាព​ជំងឺ​លោក សំរិទ្ធ ឯក​សុវណ្ណ ពេលនេះ គឺ​មិនមាន​លក្ខណៈ​អាក្រក់ តែ​ក៏​មិនទាន់​ថមថយ​នោះដែរ​។​ប៉ុន្តែ​អ្វីដែល​ជាការ​ព្រួយបារម្ភ​ធំ​នោះ គឺ​ការចំណាយ​ខ្ពស់ លើ​ថ្លៃ​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​ឯកជន​ក្នុងប្រទេស​ថៃ​»​។ លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់​យ៉ាង​ដូច្នេះ មកកាន់​សារព័ត៌មាន ThmeyThmey​។​

​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) បាន​បន្ថែមថា គ្រួសារ​លោក សំរិទ្ធ ឯក​សុវណ្ណ ត្រូវការ​ចំណាយ​រហូត​ដល់​ទៅ​២០០០​ដុល្លារ​អាមេរិក​ឯណោះ​ក្នុង​មួយថ្ងៃ​សម្រាប់​សេវា​ព្យាបាល ព្រោះ​ទាមទារ​ចំ​បាច់​លើ​ការប្រើ​ប្រភេទ​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិ​ក (Antibiotics) ដើម្បី​ប្រឆាំង​មេរោគ​ក្នុង​ឈាម​។​


គិត​ត្រឹម​ថ្ងៃទី​២៤ ខែតុលា នេះ លោក ហ៊ុយ វណ្ណៈ បាន​បញ្ជាក់ថា ស​.​ស​.​ស​.​ក ក៏ដូចជា​រូបលោក​ផ្ទាល់ ទទួលបាន​ថវិកា​ជា​បន្ត​បន្ទាប់ពី​សប្បុរស​ជន​។ បន្ថែម​ពីលើ​នេះ សម្តេច ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏បាន​ឧបត្ថម្ភ​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ​។​លោក​អះអាងថា នឹង​បន្តសកម្មភាព​អំពាវនាវ​រកប្រាក់​ដើម្បី​ជូន​គ្រួសារ​អ្នកជំងឺ​បន្ថែមទៀត​៕


លោក ហ៊ុយ វណ្ណៈ (ស្តាំ) ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា និងលោក សំរិទ្ធ ឯកសុវណ្ណ ដែលជាសមាជិក​លេខាធិការដ្ឋាន។ រូបថត​ ហ្វេសប៊ុក​លោក សំរិទ្ធ ឯកសុវណ្ណ

© រក្សាសិទ្ធិដោយ thmeythmey.com