អន្តរជាតិ
ចិន​ឲ្យ​អង់គ្លេស​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​អត្តសញ្ញាណ​សព​៣៩​នាក់​ក្នុង​ទូរ​កុងតឺន័រ​
25, Oct 2019 , 10:22 am        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​សុក្រ​ទី​២៥ ខែតុលា បានបញ្ជាក់​ឲ្យ​ដឹងថា ប៉ូលិស​អង់គ្លេស ពុំទាន់​បញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ​ថា មនុស្ស​៣៩​នាក់​ដែល​រកឃើញថា​ស្លាប់​ក្នុង​រថយន្ត​កុងតឺន័រ​មួយគ្រឿង ក្បែរ​ទីក្រុង​ឡុង​ដ៍ គឺជា​ជនជាតិ​ចិន​។​



អត្ថបទទាក់ទង

​មន្ត្រី​កុងស៊ុល​ចិន​ម្នាក់​ប្រចាំ​ប្រទេស​អង់គ្លេស បានធ្វើ​ដំណើរ​ទៅកាន់​ក្រុង Essex កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែតុលា ពោលគឺ​មួយថ្ងៃ​ក្រោយ​ក្រុម​សង្គ្រោះបន្ទាន់​បាន​រកឃើញ​សាកសព​មនុស្ស​ទាំង​៣៩​នាក់​ក្នុង​ទូ​កុងតឺន័រ​(​ក្លាសេ​) នៃ​រថយន្ត​មួយ​ដែល​ចត​នៅ​តំបន់ឧស្សាហកម្ម​មួយកន្លែង​។​

​ក្នុង​សេចក្តីថ្លែងការណ៍ ក្រសួងការបរទេស​ចិន គូសបញ្ជាក់​បែបនេះ​៖«​ប៉ូលិស​អង់គ្លេស បាន​និយាយថា ពួកគេ​កំពុង​រកមើល​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ ហើយ​ពុំទាន់​អាច​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ​ថា ពួកគេ​គឺជា​ជនជាតិ​ចិន​នោះ​»​។

​កាលពី​ថ្ងៃទី​២៤ តុលា ប៉ូលិស​អង់គ្លេស បានបញ្ជាក់​ឲ្យ​ដឹងថា សព​ទាំង​៣៩​នាក់​នោះ ត្រូវបាន​ជឿជាក់ថា គឺជា​ជនជាតិ​ចិន​។ ហើយ រថយន្ត​ធុន​ធំ​នេះ មាន​ប្រភព​ចេញពី​ប្រទេស​បែលហ្ស៊ិក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។

​ប្រាប់​ទូរទស្សន៍​រដ្ឋ​ចិន CCTV កាលពី​ថ្ងៃ​ព្រហស្បតិ៍ មន្ត្រី​កុងស៊ុល​ចិន Tong Xuejun បាន​អះអាងថា លោក​បាន​ជួប​ជាមួយ​ប៉ូលិស​អង់គ្លេស​។ បន្ថែម​ពីនេះ លោក​លើកឡើង​បែបនេះ​៖«​យើង​នឹង​ទទូច​ឲ្យ​ប៉ូលិស​នៃ​ចក្រភព​អង់គ្លេស​ធ្វើការ​បន្ថែមទៀត​ដើម្បី​ស្វែងរក​ការពិត​។ យើង​នឹង​ប្រាប់​សារព័ត៌មាន​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ដំណើរការ​ចុងក្រោយ​នៃ​ឧប្បទ្ទវ​ហេតុនេះ​»​។ 

​សូមបញ្ជាក់ថា កម្លាំង​ប៉ូលិស​តំបន់ ដែល​បាន​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ធុន​ធំ​ដែល​រង​ការសង្ស័យ​ពាក់ព័ន្ធ​រឿង​មនុស្សឃាត អះអាង​ឲ្យ​ដឹងថា ៨​នាក់​ក្នុងចំណោម​អ្នកស្លាប់​គឺជា​មនុស្ស​ស្រី ហើយ​៣១​នាក់ ផ្សេងទៀត​ជាម​នុស្ស​ប្រុស​។

​នេះ​ជា​បទល្មើស​ឃាតកម្ម​ដ៏​ធំ​បំផុត​របស់​ចក្រភព​អង់គ្លេស​ក្នុងពេល​ច្រើន​ទសវត្សរ៍​ចុងក្រោយ​។ ករណី​ស្រដៀង​គ្នា​នេះ កើតឡើង​ក្នុង​ឆ្នាំ​២០០០ ដោយ​កាលនោះ ជន​អន្តោ​ស​ប្រវេសន៍​ចិន​ចំនួន​៥៨​នាក់ ត្រូវបាន​រកឃើញ​ឃុំឃាំង​ក្នុង​រថយន្ត​ធុន​ធំ​របស់​ប្រទេស​ហូ​ឡង់​មួយ ដែល​បាន​ចត​ចោល​ក្នុង​កំពង់ផែ Dover របស់​អង់គ្លេស ។ ក្នុងចំណោម​មនុស្ស​ទាំងអស់ មានតែ​២​នាក់​ប៉ុណ្ណោះ នៅមាន​ជីវិត​៕

Tag:
 ចិន​
  ចក្រភព​អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com