កីឡាអន្តរជាតិ
អន្តរជាតិ
ធ្វើប្រធានក្រុម Man Utd លើកដំបូង Maguire ភ្លេចរង់ចាំបោះកាក់មុនប្រកួត
× ជារឿងគួរអស់សំណើចដែរ បន្ទាប់ពី Harry Maguire ភ្លេចខ្លួនទៅចូលរួមការចាប់ដៃ និងបោះកាក់ជាមួយអាជ្ញាកណ្តាលដើម្បីរើសទីមុនការប្រកួត។ ខ្សែការពារថ្លៃបំផុតលើលោករូបនេះ ត្រូវបានតែងតាំងជាប្រធានក្រុមជាលើកដំបូងសម្រាប់ Manchester United ក្នុងជំនួបជាមួយ Partizan Beograd នៃក្របខណ្ឌ UEFA Europa League នៅយប់ថ្ងៃទី២៥ ខែតុលា។
Maguire វ័យ២៦ឆ្នាំ ដែលជាខ្សែកាពារមានតម្លៃខ្លួន១០៩លានដុល្លារអាមេរិក បានភ្លេចពីភារកិច្ចរបស់ខ្លួនជាប្រធានក្រុមទាំងស្រុងតែម្តង ក្រោយដើរចូលទីលាននិងថតរូប១១នាក់រួច។ មុនចាប់ផ្តើមការប្រកួត ក្នុងនាមជាប្រធានក្រុមកីឡាបាល់ទាត់ គឺត្រូវ ផ្លាស់ប្តូរទង់អនុស្សាវរីយទៅវិញទៅមកជាមួយប្រធានក្រុមរបស់គូប្រជែង រួមទាំងចាប់ដៃជាមួយអាជ្ញាកណ្តាលទាំងបីរូប និងបោះកាក់រើសទី និងដើម្បីកែបាល់ប្រកួតផង។
ផ្ទុយទៅវិញ សមាជិកក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បែជាត្រូវអាជ្ញាកណ្តាលស្រែកហៅម្តងជាពីរដងដើម្បីមកធ្វើការងារទាំងអស់នេះ។
ដោយការភ្លេចពីងាររបស់ខ្លួនក្នុងនាមជាប្រធានក្រុមនេះ Maguire ក៏បានបង្ហោះលើ Twitter របស់ខ្លួនក្រោយចប់ការប្រកួតដែល Man Utd ឈ្នះ Partizan ១-០ ថា រូបគេធ្លាប់ធ្វើជាប្រធានក្រុមម្តងដែរ តែយូរណាស់មកហើយដោយភ្ជាប់ជាមួយរូប Sticker អស់សំណើចខ្លួនឯងទៀតផង។
គ្រាប់បាល់ជ័យជម្នះរបស់ក្រុមបិសាចក្រហម ធ្វើបានដោយការទាត់បាល់ពិន័យប៉េណាល់ទីរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial។ Man Utd ទទួលបាន៧ពិន្ទុពីការប្រកួត៣លើក ឈរកំពូលតារាងពូល L តាមពីក្រោយដោយ AZ Alkmaar មាន៥ពិន្ទុ Partizan Beograd ៤ពិន្ទុ និង FC Astana គ្មានពិន្ទុរាប់៕
Tag:
Harry Maguire
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com