ជាតិ
ស្ដ្រី​ជនជាតិ​ថៃ​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ព្រលានយន្តហោះ​សៀមរាប ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​២៧​គីឡូក្រាម​
25, Oct 2019 , 2:13 pm        
រូបភាព
រូបភាព៖ ស្នងការនគរបាលខេត្តសៀមរាប
រូបភាព៖ ស្នងការនគរបាលខេត្តសៀមរាប
សៀមរាប​៖ កម្លាំង​នគរបាល​ខេត្តសៀមរាប បាន​ឃាត់ខ្លួន​ស្ដ្រី​ជនជាតិ​ថៃ​២​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដែល​បាន​រកឃើញ​ក្នុង​កាបូប​វ៉ា​លី​នៅ​ព្រលានយន្តហោះ​អន្ដរជាតិ​ខេត្តសៀមរាប​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​យប់​ម៉ោងជាង​១០ ថ្ងៃទី​២៤ តុលា​។



​ស្នងការរង​ទទួលបន្ទុក​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប លោក អ៊ុំ អម​រ៉ា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​២៥​ថា គ្រឿងញៀន​ដែល​សមត្ថកិច្ច​រកឃើញ​មាន​ទម្ងន់​ជាង​២៧​គីឡូក្រាម​។ លោក​បន្តថា បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​បន្ថែមទៀត​។​

​លោក អម​រ៉ា បញ្ជាក់​ខ្លី​យ៉ាង​ដូច្នេះ​ថា​៖« ខ្ញុំ​កំពុង​ស្រាវជ្រាវ​បន្ត មិនដឹង​អ្នកណា​បញ្ចេញ​ព័ត៌មាន​នេះ​ពេញ​បណ្ដាញ​សង្គម ធ្វើឱ្យ​យើង​ពិបាកធ្វើ​ការបន្ត ឥ​ឡូង​យើង​កំពុង​បន្ត​នីតិវិធី​ហើយ​»​។​


រូបភាព៖ ស្នងការនគរបាលខេត្តសៀមរាប

​ស្ដ្រី​ជនជាតិ​ថៃ​២​នាក់​ដែល​ពាក់ព័ន្ធ​ករណីនេះ មានឈ្មោះ SAVAENGPHOL SUP HA PORN និង​ឈ្មោះ PRACHAMON WIPA ដោយមាន​គោលដៅ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ កម្លាំង​ជំនាញ​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ចំនួន​២៧​ដុំ ស្មើនឹង​២៧.៣​គីឡូក្រាម ដែល​ជនសង្ស័យ​បាន​រុំដាក់​ក្នុង​កាបូប​វ៉ា​លី​ក្នុង​គោលដៅ​ទៅ​ប្រទេស​ហ្វីលីពីន​៕

រូបភាព៖ ស្នងការនគរបាលខេត្តសៀមរាប

Tag:
 គ្រឿងញៀន​
  ជនជាតិ​ថៃ​
  ព្រលានយន្ដហោះ​ខេត្តសៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com