ជាតិ
ឪទឹន​បុរាណ​ជាង​១០០០​នៅ​រមណីយ​ដ្ឋា​ន​មួយ​ក្នុង​ខេត្តស្ទឹងត្រែង ទាក់ទាញ​ភ្ញៀវទេសចរ​
25, Oct 2019 , 3:09 pm        
រូបភាព
ឪទឹន​និង​បុរាណ​ខ្មែរ​ជាច្រើន កំពុង​តាំង​លម្អ ក្នុង​បន្ទាប់ និង​នៅតាម​បរិវេណ​នានា​ក្នុង​រមណី​ដ្ឋា​ន​បក្សី​មេគង្គ ខេត្តស្ទឹងត្រែង​។​
ឪទឹន​និង​បុរាណ​ខ្មែរ​ជាច្រើន កំពុង​តាំង​លម្អ ក្នុង​បន្ទាប់ និង​នៅតាម​បរិវេណ​នានា​ក្នុង​រមណី​ដ្ឋា​ន​បក្សី​មេគង្គ ខេត្តស្ទឹងត្រែង​។​
​ភ្នំពេញ​៖ ឪទឹន​បុរាណ​ប្រមាណ​១៥០០ ត្រូវបាន​ចាត់ទុក​ជាស​ម្ប​ត្តិ​វប្បធម៌​-​ទេសចរណ៍​នៅក្នុង​ខេត្តស្ទឹងត្រែង​។ វត្ថុ​ដែលមាន​អាយុកាល​ជាង​១០០​ឆ្នាំ​ទាំងនេះ ជា​កម្មសិទ្ធិ​របស់​រម​ណី​យ​ដ្ឋា​ន​បក្សី​មេគង្គ ដែល​ស្ថិតនៅ​ប្រប​ដង​ទន្លេមេគង្គ​នៃ​ក្រុង​ស្ទឹងត្រែង​។ បើតាម​លោក ឃឿន ម៉ា​នី ដែលជា​អ្នកគ្រប់គ្រង​ម្នាក់​នៅ​រមណីយដ្ឋាន ឪទឹន​ទាំងនោះ ត្រូវបាន​ប្រមូល​ទិញ នា​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ ពី​អ្នកភូមិ​នៅក្នុង​ខេត្ត និង​បណ្តា​ខេត្ត​ជិតខាង​។​



​ជា​បុគ្គលិក​ផ្នែក​គ្រប់គ្រង​ទទួលបន្ទុក​លើ​ការប្រមូលទិញ​វត្ថុ​បុរាណ​មួយ​សម្រាប់​រមណីយដ្ឋាន​បក្សី​មេគង្គ  លោក ឃឿន ម៉ា​នី  បាន​បញ្ជាក់ថា ការប្រមូលទិញ «​ឪទឹន​បុរាណ​» ប្រមាណ​១៥០០​ឪទឹន គឺ​ដើម្បី​រក្សាទុក និង​ដាក់តាំង​លម្អ​នៅ​រមណីយដ្ឋាន ដើម្បី​ឲ្យ​ក្លាយជា​ទីកន្លែង​ទេសចរណ៍​បែប​វប្បធម៌ នៅក្នុង​តំបន់ និង​ក្នុង​ខេត្តស្ទឹងត្រែង​ទាំងមូល​។


ឪទឹន​បុរាណ​ខ្មែរ​ជាង​១០ ដែលមាន​រូបរាង​និង​ពណ៌​ស្រដៀងៗ​គ្នា ដែល​ដាក់តាំង​នៅលើ​ធ្នើ​ឈើ ទាបៗ​កម្ពស់​បី​ជាន់​ដោយមាន​កន្ទេលកក​៤​មាន​ពណ៌​ចម្រុះ ផ្អែក​ពីមុខ​ធ្នើ​ឪទឹន​ទាំងនោះ ក្នុងផ្ទះ​ឈើ​មួយកន្លែង​ស្ថិតនៅក្នុង​រមណី​ដ្ឋា​ន​បក្សី​មេគង្គ​។ រូបថត​៖ លោក ឃឿន ម៉ា​នី​

​ឪទឹន​ទាំងនោះ មាន​១២​ប្រភេទ​ផ្សេងៗ​គ្នា ដែលមាន​អាយុកាល​យ៉ាងហោចណាស់​១៥០​ឆ្នាំ​។ លោក ម៉ា​នី បាន​បញ្ជាក់ថា  ឪទឹន​ទាំងនោះ មាន​ប្រភព​មកពី​តំបន់​ផ្សេងៗ​គ្នា ហើយ​ភាគច្រើន​ទិញ​បាន​ពី​អ្នកភូមិ​ដែល​នៅ​ស្រុក​ឆ្លូង ខេត្តក្រចេះ  ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ និង​ស្រុក​ក្រូចឆ្មារ ខេត្តកំពង់ចាម​។​

​ហេតុអ្វី​បានជា​ខាង​លោក​ចំណាយ​ប្រាក់​ពិសេស​ចំណាយ​ពេលវេលា​ជាច្រើន​ឆ្នាំ ក្នុង​ការដើរ​ប្រមូល​ទិញ​ឪទឹន​ទាំងនោះ​? លោក ម៉ា​នី ពន្យល់ថា រមណី​ដ្ឋា​ន​បក្សី​មេគង្គ​ចង់​រក្សាទុក​នូវ​អ្វី​ដែលជា​របស់​ខ្មែរ​ពី​ជំនាន់​ដើម ហើយ​យក​តាំង​បង្ហាញ​គ្រប់​ទីកន្លែង​នៅ​រមណីយដ្ឋាន​នេះ​តែម្តង ក្នុង​គោលបំណង​លើកតម្កើង​នូវ​វត្ថុ​បុរាណ​ខ្មែរ​ឱ្យ​កាន់តែ​មានតម្លៃ និង​សម្រាប់​បង្ហាញ​ដល់​សាធារណជន ពិសេស​ជនបរទេស​ឱ្យ​ស្គាល់​នូវ​អ្វី​ដែលជា​សម្បត្តិ​វត្ថុ​បុរាណ​របស់​ខ្មែរ ក៏​ដូច​ការបង្កើត​នូវ​រមណីយដ្ឋាន​វប្បធម៌​មួយ​ដ៏​មាន​ភាព​ទាក់ទាញ និង​ប្លែក​ពីគ្នា​ផងដែរ​។


ស្ត្រី​មួយរូប​កំពុង​ថតរូប​(Selfile)​ជាមួយ​ឪទឹន​បុរាណ​ខ្មែរ​ជាច្រើន ដែល​បាន​រៀប​នៅ​សងខាង​ផ្លូវ​ដើរចូល​ផ្ទះ​ឪទឹន​ទាំងនោះ ក្នុង​ទីធ្លា​រមណី​ដ្ឋា​នប​ក្សី​មេគង្គ​។  រូបថត​៖ លោក ឃឿន ម៉ា​នី​

«​ឪទឹន​នីមួយៗ ដែល​ខាង​រមណីយដ្ឋាន​ខ្ញុំ​បាន​ទិញ​ពី​បងប្អូន​ប្រជាពលរដ្ឋ​យើង មានតម្លៃ​៣​ម៉ឺន​រៀល រហូតដល់​២០​ម៉ឺន​រៀល ដោយ​អាស្រ័យ​លើ​រូបរាង គុណភាព និង​ទំហំ​តូច​-​ធំ​នៃ​ឪទឹន​។ ហើយ​ឪទឹន​ដែល​យើង​ប្រមូល​ទិញ​នោះ មាន​អាយុកាល គឺ​មិន​ក្រោម​១៥០-២០០​ឆ្នាំ នោះទេ​។ គិត​មក​ពេលនេះ រមណីយដ្ឋាន​យើងខ្ញុំ បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ​ពី​៣​ទៅ​៤​ម៉ឺន​ដុល្លារ ហើយ​។ តម្លៃ​នេះ យើង​មិន​បានគិត​ទៅលើ​ការទិញ​វត្ថុ​បុរាណ​ផ្សេងៗ​នោះទេ​»​។ លោក​បាន​ពន្យល់​យ៉ាង​ដូច្នេះ ប្រាប់​សារព័ត៌មាន ThmeyThmey​។​

​បើតាម លោក ឃឿន ម៉ា​នី  ក្រៅពី​ដើរ​ប្រមូល​ទិញ​ឪទឹន​គ្រប់​ប្រភេទ​នោះ រមណី​ដ្ឋា​ន​បក្សី​មេគង្គ  ក៏បាន​ទិញ​វត្ថុ​បុរាណ​ផ្សេងៗ​ពីគ្នា​ជាច្រើន​ទៀត ប្រមាណ​ពី​៣០-៤០​មុខ ក្នុងនោះ​មានដូចជា ប្រដាប់​បុក​ស្លា​-​ម្លូ​, កំសៀវ​ទឹក​, ចាន​, ផ្តិល និង​ជើងពាន រួមទាំង ស្ពាន់ កង់រ​ទះ​គោ និង​ចង្កៀង ផងដែរ​។


ឪទឹន​បុរាណ​ខ្មែរ​ជាច្រើន​ដែលមាន​រូបរាង​ប៉ុនគ្នា ត្រូវបាន​គេ​រៀប​ធ្វើជា​រូប​បេះដូង សម្រាប់​លម្អ​ទីធ្លា នៅក្នុង​រមណី​ដ្ឋា​ន ដោយមាន​តង​សម្រាប់​គេង​៥​បាន​រៀប​ជា​ជួរ​នៅមុខ​ឪទឹន​ដែលមាន​រូប​បេះដូង​នោះ​។  រូបថត​៖ លោក ឃឿន ម៉ា​នី​

​លោក ម៉ា​នី បាន​អះអាងថា វត្ថុ​បុរាណ​ខ្លះ ត្រូវបាន​បន្សល់ទុក​ពី​៣​ទៅ​៤​ជំនាន់ ដោយ​អ្នកភូមិ​ខ្លះ មាន​ត្រឹមតែ​១ ឬ​២​ប៉ុណ្ណោះ​នៅក្នុង​ផ្ទះ ហើយ​ឪទឹន​បុរាណ​ទាំងនោះ ភាគច្រើន​ធ្លាប់​ត្រូវបាន​ប្រើ​សម្រាប់​ដាក់​ទឹក​, ដាក់​ថ្នាំជក់​, ផ្អក​-​ប្រហុក​ជាដើម​។ បច្ចុប្បន្ន មរ​ណី​ដ្ឋា​នប​ក្សី​មេគង្គ​នៅតែ​ប្រមូល​ទិញ​ឪទឹន និង​វត្ថុ​បុរាណ​ខ្មែរ​គ្រប់​ប្រភេទ​ទៀត​។​

​ក្រោយ​ការត្រួតពិនិត្យ វាយតម្លៃ មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តស្ទឹងត្រែង បាន​ចុះបញ្ជី​ឪទឹន ដែលជា​វត្ថុ​បុរាណ​ប្រចាំ​រមណី​ដ្ឋា​ន​បក្សី​មេគង្គ ចូល​ជា​សម្បត្តិ​វប្បធម៌​-​ទេសចរណ៍​។ លោក​ម៉ា​នី អះអាងថា​៖«​វត្ថុ​បុរាណ​ខ្មែរ ដែល​ខាងយើង​ប្រមូល​ទិញ​បាន​...​គឺ​យើង​មិន​លក់​វិញ​ទេ​។ មាន​បងប្អូន​យើង​មួយចំនួន​ដែល​ចូលមក​ទស្សនា​វត្ថុ​បុរាណ​ខ្មែរ​ទាំងនោះ​ចង់​ទិញ​ពី​ខាង​ខ្ញុំ​ក្នុងតម្លៃ​ទ្វេដង​តែ​ខាង​ខ្ញុំ​ក៏​មិន​លក់​ជូន​ឡើយ​»​។


រូប​ឯកសារ ដែល​បង្ហាញ​អំពី​នារី​វ័យក្មេង​មួយរូប កំពុង​ឈរ​ដងទឹក​ពី​ឪទឹន​ងូត​។ រូបថត​៖ លោក ឃឿន ម៉ា​នី​

ThmeyThmey មិន​ទទួលបាន​ការឆ្លើយតប​ពី​មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្ត​ឡើយ ប៉ុន្តែ​លោក អ៊​ន់ ប៉ោ​សឿន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព របស់​ម្ចាស់​រមណី​ដ្ឋា​នប​ក្សី​មេគង្គ​។ «​ការចេះ​កែ​ច្នែ និង​ស្វែងរក​វត្ថុ​បុរាណ​ខ្មែរ​នានា គឺ​បានរួម​ចំណែក​អភិរក្ស និង​លើកតម្កើង​សម្បត្តិ​ដូនតា ហើយ​ថែម​នាំ​ឲ្យ​រមណីយដ្ឋាន​មាន​ភាព​សម្បូរបែប​ផ្នែក​វប្បធម៌​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​-​អន្តរជាតិ មក​ទស្សនា ស្វែងរក និង​សិក្សា​ពី​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តស្ទឹងត្រែង បាន​កាន់តែ​ស៊ីជម្រៅ​»​។

​លោក​បាន​រៀបរាប់ថា ស្ទឹងត្រែង​គឺជា​ខេត្ត​ដែលមាន​សក្កា​នុព​ល​ទេសចរណ៍​ខ្លាំង ផ្នែក​អេកូ​ទេសចរណ៍ ដោយ​ពោរពេញ​ទៅដោយ​សម្បត្តិ​ធម្មជាតិ​ជាច្រើន​ដែលមាន​ភាព​ទាក់ទាញ​។ តំបន់​ទេសចរណ៍​ក្នុង​ខេត្តស្ទឹងត្រែង​នោះ​មាន រមណីយដ្ឋាន​កោះ​ហាន រមណីយដ្ឋាន​ទឹកជ្រោះ​សុភ​មិត្រ​ឬ​ទឹកធ្លាក់​ព្រះ​និមិត្ត រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​សេកុង រមណីយដ្ឋាន​កោះ​ខេ រមណីយដ្ឋាន​អន្លង់​ផ្សោត​ឈើទាល រមណីយដ្ឋាន​បុប្ផា​ភ្លុក រមណីយដ្ឋាន​អូរ​ច្រឡង់ និង​រមណីយដ្ឋាន​បែប​អេកូ​ផ្សេងៗ​ទៀត​។

​ក្រៅពី​តំបន់​អេកូ​ទេសចរណ៍ ខេត្តស្ទឹងត្រែង ក៏មាន​តំបន់​បែប​វប្បធម៌​-​ប្រពៃណី​ផងដែរ នោះ​គឺ​ការសិក្សា​និង​ស្វែងយល់​ពី​របៀប​រស់នៅរ​បស់​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច នៅក្នុង​ស្រុក​សៀម​បូ និង​សៀម​ប៉ាង  ជាដើម​៕


ឪទឹន​បុរាណ​ខ្មែរ​មួយ​ត្រូវបាន​គេ​យកមក​រៀប​ដាក់​នៅលើ​តុ​ទទួលទាន​អាហារ ក្បែរ​កង់រ​ទះ​គោ​បុរាណ​មួយ ក្នុង​អាហារ​ដ្ឋា​ន​មួយកន្លែង​នៅ​រមណី​ដ្ឋា​ន​បក្សី​មេគង្គ​។ រូបថត​៖ លោក ឃឿន ម៉ា​នី​


មាន​កង់រ​ទះ​គោ​បុរាណ​១ ត្រូវបាន​គេ​យក​ធ្វើជា​ក្បាល​គ្រែ​សម្រាប់​អង្គុយ និង​មាន​កង់រ​ទះ​៣​ទៀត កំពុង​តាំងនៅ​ចំហៀង​ផ្ទះ​នៅ​ចន្លោះ​កន្ទេលកក​នីមួយៗ​។ រូបថត​៖ លោក ឃឿន ម៉ា​នី​


ស្ត្រី​បុរាណ​មួយរូប​ស្លៀក​បំពាក់​បែប​ប្រពៃណី ដែល​កំពុង​ឈរ​នៅ​ពីមុខ​ឪទឹន​ជាច្រើន ត្រូវបាន​គេ​ថត ដោយ​គ្របដណ្តប់​ដោយ​ដើមឈើ​តូចៗ ពោរពេញ​ដោយ​ស្លឹក​បៃតង​។​រូបថត​៖ លោក ឃឿន ម៉ា​នី​

Tag:
 ឪទឹន​
  បុរាណ​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com